ក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោក H&M បានប្រកាសកាលពីខែឧសភា កន្លងទៅថា ខ្លួននឹងផ្លាស់ប្តូរទីស្នាក់ការកណ្តាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ចេញពីប្រទេសសិង្ហបុរី ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ ដែលអាចធ្វើឱ្យប៉ះពាល់ដល់មុខតំណែងការងារជាច្រើន។ ជាមួយគ្នានេះ កាលពីខែមីនា កន្លងទៅ ក្រុមហ៊ុនផលិតស្រាបៀរយក្ស Heineken ក៏បានបង្ហើបពីការផ្ទេរខ្សែច្រវាក់ផលិតកម្មទ្រង់ទ្រាយធំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកពីសិង្ហបុរី ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសម៉ាឡេស៊ី ឬវៀតណាម ផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតនំប៉័ងដ៏ល្បីល្បាញ Gardenia ក៏បានប្រកាសកាត់បន្ថយបុគ្គលិកចំនួន ១៤១កន្លែងនៅក្នុងប្រទេសសិង្ហបុរី ដើម្បីផ្ទេរការងារផលិតកម្មទៅកាន់ប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងរក្សាភាពប្រកួតប្រជែង ខណៈដែលបរិបទសេដ្ឋកិច្ចសកលលោក កាន់តែមានភាពប្រឈមខ្លាំង។
ទន្ទឹមនឹងនេះក្រុមហ៊ុនផលិតភេសជ្ជៈដ៏ល្បី Yeo’s ក៏បានប្រកាសកាលពីខែមីនា កន្លងទៅដែរថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន២៥នាក់នៅក្នុងសិង្ហបុរី ដោយសារតែខ្សែច្រវាក់ផលិតកម្មសំបកកំប៉ុង ត្រូវផ្ទេរទៅប្រមូលផ្តុំគ្នានៅប្រទេសម៉ាឡេស៊ីវិញ ប៉ុន្តែក្រុមហ៊ុននេះនៅតែរក្សាទុកទីស្នាក់ការកណ្តាលនៅក្នុងប្រទេសសិង្ហបុរីដដែល៕
អត្ថបទៈ សួន ឡង់ទី