ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះ ចំពោះការផលិតវ៉ាក់សាំង ក៏ត្រូវបន្តជំរុញ ដៃគូក្នុងប្រទេស ក៏ត្រូវតែបង្កើនល្បឿន ក្នុងការធ្វើការជាមួយភាគីចិន ដើម្បីបង្កើតឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងនៅកម្ពុជា។
ការថ្លែងរបស់សម្ដេចបែបនេះ បន្ទាប់ពី កាលពីពេលថ្មីៗ កន្លងទៅ តាមរយៈឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសថា ប្រទេសចិនគាំទ្រកម្ពុជា ដើម្បីសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯង។ យ៉ាងណាមិញ បើតាមសម្ដេច ហ៊ុន សែន គោលបំណងនៃការជំរុញពន្លឿនបង្កើតរោងចក្រវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គឺដើម្បីធានាបាននូវដំណើរការ នៃការការពារសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង កាលពីខែធ្នូ ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ទៀតនោះទេ ក្រោយរដ្ឋាភិបាលចិនសម្រេចយល់ព្រមតាមសំណើររបស់សម្ដេចរួចហើយ ដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា។ ទោះជាបែបនេះក្ដី សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែត្រៀមថវិកាបន្តសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីផ្គត់ផ្គង់បន្តដដែល។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ខែមីនា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសរុបប្រមាណជាង១៤លាននាក់ហើយ ឬស្មើនឹង ជាង៩២% នៃចំនួនប្រជាជនសរុប១៦លាននាក់។ ក្នុងនោះ អ្នកដែលបានចាក់គ្រប់ចំនួនដូស មានជាង ១៣លាននាក់ និងអ្នកបានចាក់ដូសជំរុញ ឬដូសទី៣ មានជាង ៧លាននាក់ ខណៈអ្នកបានចាក់ដូសទី៤ មានជាង១លាននាក់។ នេះបើតាមរបាយការណ៍ពីក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមីនា៕