លោក Frank Appel នាយកប្រតិបត្តិនៃក្រុមហ៊ុន ឌុយឆែស ប៉ុសិ៍ ឌីអេចអិល គ្រុប(Deutsche Post DHL Group) ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយនៅក្នុងប្រទេសអាល្លឺម៉ង់បាននិយាយនាពេលថ្មីៗនេះថា វិធានការបិទខ្ទប់ទាក់ទងនឹងជំងឺកូវីដ១៩នៅក្នុង និងជុំវិញទីក្រុងស៊ាងហៃប្រទេសចិននោះ បានបង្កើតភាពមិនច្បាស់លាស់សម្រាប់ខ្សែចង្វាក់ផលិតកម្មនិងការផ្គត់ផ្គង់ទំនិញនៅក្នុងពិភពលោក។
លោកបានបន្ថែមដោយលើកឡើងពីទស្សនៈរបស់អ្នកសេដ្ឋកិច្ចមួយចំនួនបូកផ្សំនឹងការសង្កេតផ្ទាល់ខ្លួនរបស់លោកចំពោះឧស្សាហកម្មមួយនេះថា ប្រការនេះអាចរារាំងដល់កំណើនសេដ្ឋកិច្ចពិភពលោកប្រសិនបើវិធានការបិទខ្ទប់នៅទីក្រុងនេះចេះតែបន្តធ្វើនៅក្នុងរយៈពេលកាន់តែយូរទៀតមែននោះ។
លោក Appel ក៏បាននិយាយដែរថា រូបភាពនៃវិធានការបិទខ្ទប់របស់ចិននេះ កំពុងប្រែប្រួលរៀងរាល់ថ្ងៃ ដែលវានឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសចិន ហើយផលប៉ះពាល់លើពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះនឹងមានធំធេងជាងផលប៉ះពាល់នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៅទៀត ព្រោះថាចិនជាទីផ្សារពាណិជ្ជកម្មធំសម្បើមណាស់។
ទីក្រុងស៊ាងហៃនិងខេត្តជាំងស៊ូប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោកនោះ នៅតែស្ថិតក្រោមវិធានការបិទខ្ទប់ ឬក៏ការគ្រប់គ្រងចរាចរណ៍ដ៏តឹងរ៉ឹងនៅឡើយ ខណៈដែលរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់ខ្លួនគឺ«បំបាត់ជំងឺកូវីដ»។
ក្រុមហ៊ុនមួយចំនួននៅក្នុងទីក្រុងកួនសាន (Kunshan) នៃខេត្តជាំងស៊ូ ទទួលបានភ្លើងខៀវឱ្យដំណើរការឡើងវិញកាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែគ្រាន់តែគេបានរកឃើញរោគសញ្ញានៃអ្នកឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់ឡើងវិញ ភ្លាមៗអាជ្ញាធរក៏បានដកការអនុញ្ញាតនោះចេញភ្លែតនៅក្នុងថ្ងៃដដែលនោះតែម្ដង។
ទោះជាមានស្ថានភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយលោក Appel បាននិយាយថា ក្រុមហ៊ុនរបស់លោកនៅតែមានសុទិដ្ឋិនិយមថា សកម្មភាពផលិតកម្មនឹងវិលត្រលប់មកវិញនៅពេលវិធានការបិទខ្ទប់ត្រូវបានបន្ធូរបន្ថយ។ ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់អាស៊ីនេះបានបង្ហាញពីភាពរហ័សរហួនក្នុងការចាប់យកឱកាសក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ក្នុងរយៈពេលពីរឆ្នាំទៀត បន្ទាប់ពីវិធានការបិទខ្ទប់នេះបានបញ្ចប់។
ប៉ុន្តែលោក Appel ក៏បានកត់សម្គាល់ផងដែរថា ក្រុមអ្នកសេដ្ឋកិច្ចកំពុងព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ច ដែលអាចនឹងកើតមានប្រសិនបើវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដ៏តឹងរ៉ឹងមានរយៈពេលយូរជាងការរំពឹងទុក ឬក៏ប្រសិនបើតម្លៃថាមពលចេះតែបន្តកើនឡើងគ្មានឈប់ឈរមែននោះ៕
អត្ថបទ៖ សុខ ជា