វិស័យការបរទេស

តើកម្ពុជា គួរប្រើយុទ្ធសាស្ត្រ និងចាត់វិធានការអ្វីខ្លះបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការរំលោភបំពានរបស់ថៃ ក្រៅតែពីការតវ៉ាតាមផ្លូវការទូត?


ស្ថានកាណ៍ជម្លោះព្រំដែន កម្ពុជា-ថៃ នៅតែស្ថិតក្នុងភាពតានតឹងមកទល់ពេលនេះ ខណៈក្រុមអ្នកជំនាញមើលឃើញថា ភាគីថៃ ជារឿយៗតែងប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ និងទាញបញ្ហាព្រំដែនធ្វើជាផ្ទាំងស៊ីបវាយប្រហារ ដើម្បីបង្វែរចំណាប់អារម្មណ៍របស់ពលរដ្ឋខ្លួន ឱ្យងាកចេញពីវិបត្តិសេដ្ឋកិច្ច ឬបញ្ហានយោបាយផ្ទៃក្នុងរបស់ពួកគេ។
វិស័យការបរទេស
ដោយ

ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ថៃ មកលើកម្ពុជា ក្រៅពីការតវ៉ាតាមផ្លូវការទូតជាបន្តបន្ទាប់ដូចភ្លៀងរលឹម តើកម្ពុជា គួរប្រើប្រាស់សង្រ្គាមចិត្តសាស្រ្ត ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃវិញដែរឬទេ ហើយអ្វីជាច្រកចេញដែលកម្ពុជា គួរធ្វើបន្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ?

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ កត់សម្គាល់ឃើញថា រដ្ឋាភិបាលថៃ និងអ្នកនយោបាយថៃ តែងតែយកបញ្ហាជាមួយកម្ពុជា ធ្វើជាលេស ដើម្បីរុញកំហឹងពលរដ្ឋខ្លួនចេញពីវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងដែលកំពុងជួបការលំបាក មកបង្វែរអារម្មណ៍ទៅលើរឿងជម្លោះព្រំដែនវិញ។ តាមរយៈបញ្ហានេះ អ្នកជំនាញរូបនេះយល់ឃើញថា ក្រៅពីការឆ្លើយតបតាមផ្លូវការទូត និងការប្រុងប្រយ័ត្នលើវិស័យការពារជាតិ កម្ពុជា ក៏ត្រូវប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្រតបតទៅភាគីថៃវិញដែរ ជាពិសេសតាមរយៈការផ្សព្វផ្សាយព័ត៌មានវាយបកទៅលើចំណុចខ្សោយខាងផ្នែកសេដ្ឋកិច្ច និងរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ថៃ ដើម្បីដាក់សម្ពាធចិត្តសាស្ត្រត្រឡប់ទៅវិញ។

ដោយឡែក លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ជាជាងការប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រវាយបកទៅកាន់ភាគីថៃ អ្វីដែលសំខាន់បំផុត គឺកម្ពុជាត្រូវកសាងភាពរឹងមាំផ្ទៃក្នុងរបស់ខ្លួនឱ្យបានខ្លាំងក្លា។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា សង្គ្រាមចិត្តសាស្ត្ររបស់បរទេសមិនអាចធ្វើអ្វីកម្ពុជា បានឡើយ ប្រសិនបើផ្ទៃក្នុងជាតិមានសាមគ្គីភាព និងឯកភាពជាតិរឹងមាំ។ បន្ថែមលើនេះ ការពង្រឹងសមត្ថភាពកងទ័ព និងខ្សែច្រវាក់ផលិតកម្មសេដ្ឋកិច្ចក្នុងស្រុកឱ្យមានឯករាជ្យភាព ក៏ជាយន្តការតបត និងការពារខ្លួនដ៏មានប្រសិទ្ធភាពបំផុត ដើម្បីទប់ទល់នឹងការរំលោភបំពាននានាពីថៃ ផងដែរ។

ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា កម្ពុជា គួរឆ្លើយតបដោយការបង្ហាញភស្តុតាងពិតតាមរយៈផ្លូវច្បាប់ ដើម្បីទប់ទល់នឹងការបំភ្លៃការពិតនៅក្នុងសង្រ្គាមចិត្តសាស្រ្តដែលថៃ បានប្រើមកលើកម្ពុជា។

បើតាមអ្នកជំនាញរូបនេះ កម្ពុជា ក៏គួរបន្តផ្សព្វផ្សាយនូវការពិត នៃក្របខណ្ឌគតិយុត្តិ នៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយឈរលើគោលការណ៍ច្បាប់ និងភាពរងគ្រោះ ដែលកម្ពុជាបានទទួលដោយសារការឈ្លានពានពីភាគីថៃ ទៅកាន់ឆាកអន្តរជាតិ ឱ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បីរក្សានូវគុណតម្លៃ និងភាពស្របច្បាប់របស់កម្ពុជា លើឆាកអន្តរជាតិ។

យ៉ាងណាមិញ តាមការកត់សម្គាល់ជារួមពីក្រុមអ្នកជំនាញ ទោះបីជាស្ថិតក្នុងទម្រង់ណាក៏ដោយ កម្ពុជា ត្រូវតែបន្តកសាងភាពខ្លាំងដោយខ្លួនឯង ទាំងផ្នែកយោធា សេដ្ឋកិច្ច និងការទូតច្បាប់អន្តរជាតិ ព្រោះមានតែការឈរនៅលើជំហរខ្លួនឯងយ៉ាងរឹងមាំ និងការយល់ដឹងពីល្បិចកលរបស់ដៃគូនោះទេ ទើបអាចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីបានគង់វង្ស មិនថា នាពេលបច្ចុប្បន្ន ឬទៅអនាគតឡើយ៕




អត្ថបទបន្ទាប់


កម្ពុជា គួរចាត់វិធានការយ៉ាងណាខ្លះដើម្បីរឹតបន្តឹងការនាំចូលគ្រឿងសមុទ្រពីថៃ ក្រោយម៉ាឡេស៊ី ប្រកាសផ្អាកការនាំចូលគ្រឿងសមុទ្រពីថៃ ក្រោមហេតុផលបារម្ភពីបញ្ហាសុវត្ថិភាពចំណីអាហារ?

ឧស្សាហកម្មគ្រឿងសមុទ្ររបស់ប្រទេសថៃ កំពុងប្រឈមមុខនឹងវិបត្តិចាល់ទីផ្សារយ៉ាងធ្ងន់ធ្ងរ ខណៈក្រុមហ៊ុននាំចេញជលផលកំពុងស្វះស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ…

ក្រុមហ៊ុន RMA Cambodia បានបោះជំហានដ៏ធំមួយទៀតក្នុងវិស័យផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក

ក្រុមហ៊ុន RMA (Cambodia) បានបោះជំហានដ៏ធំមួយទៀតហើយលើវិស័យយានយន្ត នោះគឺការវិនិយោគលើវិស័យផលិតគ្រឿងបង្គុំ នៅក្នុងប្រទេសកម្ពុជា ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ