បញ្ហានេះកំពុងបង្កើតជាក្តីបារម្ភថា គ្រឿងសមុទ្រថៃទាំងនោះអាចនឹងហូរចូលមកកាន់ទីផ្សារកម្ពុជា ក្នុងតម្លៃទាប ដែលធ្វើឱ្យមានការចោទជាសំណួរថា តើកម្ពុជា គួរដាក់ចេញរបាំងពាណិជ្ជកម្ម និងវិធានការបញ្ហាសុវត្ថិភាពចំណីអាហារយ៉ាងណា ដើម្បីទប់ស្កាត់ការហូរគ្រឿងសមុទ្ររបស់ថៃ មកកាន់ទីផ្សារកម្ពុជា ច្រើនលើសលប់ពេក?
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា ក្រោយម៉ាឡេស៊ី បិទការនាំចូលគ្រឿងសមុទ្រពីប្រទេសថៃ ក្រោមហេតុផលបញ្ហាសុវត្ថិភាពចំណីអាហារ កម្ពុជា ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះលំហូរគ្រឿងសមុទ្រពីប្រទេសថៃ ដែលអាចនឹងត្រូវនាំចូលមកកាន់ទីផ្សារកម្ពុជា ក្នុងតម្លៃថោកៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុកក៏ដូចជាប៉ះពាល់ដល់សុខភាពផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា គួរតែពិចារណាដាក់ចេញវិធានការរឹតបន្តឹងផ្អែកលើវិធានការអនាម័យ និងភូតគាមអនាម័យ ឬអាចដាក់មុខទំនិញសង្ស័យខ្លះក្នុងបញ្ជីរឹតបន្តឹងជាបណ្តោះអាសន្ន ដើម្បីការពារសុខភាពរបស់អ្នកប្រើប្រាស់។
ដោយឡែកលោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គម កត់សម្គាល់ឃើញថា កន្លងមកនេះ មានគ្រឿងសមុទ្រ និងទំនិញផ្សេងៗរបស់ថៃ បានឆ្លងកាត់ប្រទេសទី២ រួចនាំចូលមកកម្ពុជា ខណៈទំនិញមួយចំនួនពុំមានការត្រួតពិនិត្យលើគុណភាពនោះទេ។ ការណ៍នេះ ត្រូវបានអ្នកតាមដានស្ថានការណ៍សង្គមរូបនេះបារម្ភថា ពលរដ្ឋខ្មែរកំពុងប្រឈមហានិភ័យផ្នែកសុខភាពដោយសារការប្រើប្រាស់ចំណីអាហារ ដែលមិនមានការត្រួតពិនិត្យគុណភាពច្បាស់លាស់។
ជុំវិញក្តីកង្វល់ខាងលើ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ស្ថាប័នជំនាញ ក.ប.ប. ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម តែងតែចុះត្រួតពិនិត្យទំនិញក្នុងទីផ្សារជាប្រចាំ ដោយផ្ដោតលើសុវត្ថិភាពម្ហូបអាហារ និង កិច្ចការការពារអ្នកប្រើប្រាស់។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា ក្រុមការងារជំនាញជានិច្ចកាលតែងតែចុះយកសំណាកលើមុខទំនិញសំខាន់ៗដែលនាំចូលតាមច្រកព្រំដែន និងនៅលើទីផ្សារយកមកពិសោធន៍ស្វែងរកសារធាតុគីមីហាមឃាត់។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីវិវត្តថ្មីនេះ ដើម្បីទប់ស្កាត់រាល់ផលប៉ះពាល់ទាំងឡាយណាដែលជះឥទ្ធិពលដល់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា គ្រឿងសមុទ្ររបស់ប្រទេសថៃ កំពុងជួបវិបត្តិចាល់ទីផ្សារ និងប្រឈមមុខការខូចខាត និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន បន្ទាប់ពីប្រទេសម៉ាឡេស៊ី ប្រកាសរឹតបន្តឹងការនាំចូលជលផលពីប្រទេសថៃ ក្រោយបារម្ភពីសុវត្ថិភាពចំណីអាហារ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ។ ការណ៍នេះធ្វើឱ្យមានការបារម្ភថា គ្រឿងសមុទ្ររបស់ថៃ អាចនឹងហូរចូលមកទីផ្សារ ដែលទាមទារឱ្យអាជ្ញាធរត្រូវបង្កើនការត្រួតពិនិត្យគុណភាព និងរកសារធាតុហាមឃាត់ផ្សេងៗ៕
អត្ថបទ៖ បូ ដូឡា