ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃទី៣១ ខែឧសភា បានដកស្រង់របាយការណ៍របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក ដោយរាយការណ៍ថា ក្រុមជនបោកប្រាស់បច្ចុប្បន្នមានសមត្ថភាពអាចប្រើប្រាស់ AI ដើម្បីធ្វើត្រាប់តាមសំឡេងរបស់នរណាក៏បាន មិនថា ជាសមាជិកគ្រួសារ មិត្តភក្តិ មិត្តរួមការងារ ឬសូម្បីតែបុគ្គលិកជំនាញផ្នែកសេវាកម្ម។ ករណីនេះបានធ្វើឱ្យធនាគារធំៗមួយចំនួន រួមមាន ធនាគារ Starling របស់ចក្រភពអង់គ្លេស និងធនាគារ Commonwealth Bank របស់អូស្ត្រាលី ចេញមុខដាស់តឿនអតិថិជនរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
ក្រុមអ្នកជំនាញបានព្រមានថា សំឡេងដែលបង្កើតឡើងដោយ AI មានភាពដូចគ្នានឹងសំឡេងម្ចាស់ដើមស្ទើរតែ១០០ភាគរយ រហូតដល់មនុស្សទូទៅមិនអាចបែងចែកដឹងឡើយ។ លោក ហេនរី អាឌ័រ (Henry Ajder) អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយដោយប្រើ AI បានលើកឡើងថា សម្រាប់មនុស្សទូទៅពួកគេមិនអាចបែងចែកសំឡេងក្លែងបន្លំទាំងនោះបានឡើយ សូម្បីតែរូបលោកផ្ទាល់ ដែលជាអ្នកជំនាញ ក៏ពិបាកនឹងបែងចែកឱ្យដាច់ខាតដែរ។
ល្បិចកលរបស់ក្រុមឧក្រិដ្ឋជន គឺពួកវាថតយកសំឡេងខ្លីៗរបស់ជនរងគ្រោះ ដែលបង្ហោះនៅលើបណ្តាញសង្គម ឬលួចថតតាមរយៈការខលទូរសព្ទទៅនិយាយរឿងអ្វីមួយជាមុន។ បន្ទាប់មក ពួកវាប្រើប្រាស់ទិន្នន័យទំនាក់ទំនងនៅលើបណ្តាញសង្គម ដើម្បីស្វែងរកលេខទូរសព្ទរបស់សមាជិកគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធរបស់ជនរងគ្រោះនោះ។ ជាទូទៅពួកបោកប្រាស់ដោយប្រើសំឡេង AI នោះ ទៅបង្កើតជាស្ថានការណ៍អាសន្ន ឬគ្រោះថ្នាក់ខុសពីធម្មតា ដូចជាការអះអាងថា កំពុងរងគ្រោះថ្នាក់ចរាចរណ៍ កំពុងជាប់ពន្ធនាគារ ឬរងការចាប់ជំរិតជាដើម ដើម្បីជំរិតទារប្រាក់យ៉ាងបង្ខំ និងរហន់បំផុតជាថ្នូរនឹងការជួយសង្គ្រោះ។
ដើម្បីទប់ទល់នឹងបញ្ហានេះ លោក ហេនរី បានផ្តល់គំនិតថា ជំនួសឱ្យការខាតពេលព្យាយាមផ្ទៀងស្ដាប់ថា សំឡេងនោះពិត ឬក្លែងក្លាយ ចូរប្រញាប់សង្កេតមើលសញ្ញាព្រមាននៃការបោកប្រាស់វិញដូចជាតើអ្នកខលមកនោះកំពុងបង្ខំ ឬកំណត់ពេលឱ្យផ្ទេរប្រាក់ភ្លាមៗដែរឬទេ? តើពួកគេកំពុងគំរាមកំហែងមិនឱ្យយើងប្រាប់រឿងនេះទៅអ្នកដទៃដែរឬទេ? តើពួកគេបង្ខំឱ្យផ្ទេរប្រាក់ក្នុងទំហំដ៏ច្រើនតាមវិធីសាស្ត្រខុសប្រក្រតីដែរឬទេ?
ក្រៅពីនេះ អ្នកជំនាញរូបនេះ ក៏បានផ្តល់ដំបូន្មានបន្ថែមថា ប្រសិនបើជួបករណីទូរសព្ទសង្ស័យបែបនេះ ចូររក្សាភាពស្ងប់ស្ងៀម កុំស្លន់ស្លោ ហើយប្រញាប់ប្រើប្រាស់មធ្យោបាយផ្សេងទៀតដូចជាការផ្ញើសារជាអក្សរ (SMS) ឬពឹងពាក់អ្នកដទៃឱ្យជួយទាក់ទងទៅកាន់បុគ្គល ដែលគេអះអាងថា កំពុងរងគ្រោះនោះដោយផ្ទាល់ភ្លាមៗ ដើម្បីបញ្ជាក់ការពិត៕
អត្ថបទៈ សួន ឡង់ទី