ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានប្រកាសដាក់ចេញនូវច្បាប់ថ្មីមួយ ដែលនឹងត្រូវអនុវត្តយ៉ាងទូលំទូលាយក្នុងការរឹតបន្តឹងការគ្រប់គ្រងលើរាល់កិច្ចព្រមព្រៀងវិនិយោគនៅបរទេសទាំងឡាយណា ដែលពាក់ព័ន្ធនឹងគម្រោងបច្ចេកវិទ្យា, ទិន្នន័យ, បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខជាតិ។ ច្បាប់ថ្មីដែលប្រកាសដោយក្រុមប្រឹក្សារដ្ឋចិននេះ ត្រូវបានគេរំពឹងថា នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។ មាត្រាសំខាន់បំផុតមួយក្នុងច្បាប់នេះបានចែងថា រាល់ការនាំចេញទំនិញ ឧបករណ៍បច្ចេកវិទ្យា សេវាកម្ម ឬទិន្នន័យទាំងឡាយណាដែលពាក់ព័ន្ធនឹងក្រុមហ៊ុនចិន គឺដាច់ខាតត្រូវតែមានការអនុញ្ញាត និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីអាជ្ញាធរជាមុនសិន។
ក្រុមអ្នកវិភាគបានលើកឡើងថា ច្បាប់នេះ គឺជាឯកសារគតិយុត្តិមូលដ្ឋាន និងជាផ្លូវការរបស់ចិន ក្នុងការបង្ខំឱ្យមានការរឹតបន្តឹងការត្រួតពិនិត្យលើប្រតិបត្តិការរបស់ក្រុមហ៊ុនចិន នៅបរទេស។ ចំណាត់ការនេះ នឹងអាចបង្កើនហានិភ័យផ្នែកអនុលោមភាពសម្រាប់វិនិយោគិនសកល ដែលកំពុងធ្វើការនៅក្នុងវិស័យរសើប ដូចជាបច្ចេកវិទ្យា និង AI ជាដើម។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏បានគូសបញ្ជាក់ដែរថា ច្បាប់ថ្មីនេះក៏មានការចែងយ៉ាងច្បាស់ក្នុងការមិនគាំទ្រ ឬមិនលើកទឹកចិត្តដល់ការផ្ទេរភាគហ៊ុនដោយក្រុមហ៊ុនក្នុងស្រុកទៅឱ្យវិនិយោគិនបរទេសឡើយ ប្រសិនបើគ្មានការយល់ព្រម និងអនុម័តជាផ្លូវការពីទីក្រុងប៉េកាំង។
រហូតមកទល់ពេលនេះ រដ្ឋាភិបាលចិន តែងតែចាត់ទុកបច្ចេកវិទ្យា AI គឺជាវិស័យយុទ្ធសាស្ត្រដ៏រសើប និងមានសារៈសំខាន់បំផុតចំពោះសន្តិសុខជាតិ។ ហេតុនេះហើយបានជាទីក្រុងប៉េកាំង បង្កើនកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីគ្រប់គ្រង និងទប់ស្កាត់រាល់លំហូរចេញនៃបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា ក៏ដូចជាធនធានមនុស្សដែលមានទេពកោសល្យខ្ពស់យ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់បំផុតនាពេលនេះ៕
ដោយៈ សរ សុជាតិ