សារព័ត៌មាន ម៉ាទិឈុន របស់ថៃ បានចុះផ្សាយលិខិតរបស់លោក ស៊ុរ៉ាឆាត ទាំងស្រុង ដែលមានខ្លឹមសារចង្អុលបង្ហាញយ៉ាងច្បាស់ៗពីការប្រើប្រាស់ផែនទីកំណត់ព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ផែនទីមាត្រដ្ឋាន១/៥០,០០០ ដែលលោក អានុទីន កំពុងយកធ្វើជាឧបករណ៍នយោបាយ ដើម្បីកៀរគរប្រជាប្រិយភាព និងសំឡេងគាំទ្រពីក្រុមជាតិនិយមនៅក្នុងប្រទេសនោះ គឺគ្រាន់តែជាផែនទី ដែលប្រទេសថៃ បានគូរឡើងដោយឯកតោភាគីតែប៉ុណ្ណោះ ពោលគឺមិនអាចយកមកប្រើប្រាស់ក្នុងការចរចាជាលក្ខណៈអន្តរជាតិបានឡើយ។
នៅក្នុងលិខិតនោះ លោក ស៊ុរ៉ាឆាត បានពន្យល់ណែនាំលោក អានុទីន ថា ក្នុងការចរចាដោះស្រាយបញ្ហាវិវាទព្រំដែនអន្តរជាតិ រវាងរដ្ឋភាគី ដែលមានជម្លោះ គឺអាចប្រើប្រាស់បានតែផែនទីណាដែលទទួលបានការផ្តល់សច្ចាប័នរួមគ្នាហើយតែប៉ុណ្ណោះ។ ចំណែកឯផែនទីណាផ្សេងទៀត ដែលមិនបានទទួលការផ្តល់សច្ចាប័នពីភាគីទាំងសងខាង មិនអាចយកមកធ្វើជាភស្តុតាងគតិយុត្តិក្នុងការចរចាដោះស្រាយរឿងព្រំដែនជាលក្ខណៈអន្តរជាតិ បានជាដាច់ខាត។
លោកបានបន្តរំលឹកថា ដូចដែលលោកនាយករដ្ឋមន្ត្រី អានុទីន បានជ្រាបយ៉ាងច្បាស់ហើយថា ក្នុងប្រវត្តិសាស្ត្រអតីតព្រះរាជាណាចក្រសៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញាផ្លូវការពាក់ព័ន្ធនឹងការកំណត់ព្រំដែនរបស់ប្រទេសកម្ពុជា និងថៃ ចំនួន៣សំខាន់ៗរួមមានសន្ធិសញ្ញាឆ្នាំ១៨៩៣, អនុសញ្ញាឆ្នាំ១៩០៤ ដែលជាការកែសម្រួលសន្ធិសញ្ញាឆ្នាំ១៨៩៣ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
តាមរយៈយន្តការប្រវត្តិសាស្ត្រទាំងនេះ ផែនទីផ្លូវការមួយត្រូវបានផលិតឡើងដោយគណៈកម្មការចម្រុះកំណត់ព្រំដែន ស្របតាមសន្ធិសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ហើយថែមទាំងមានការបោះពុម្ពផ្សាយផែនទីច្បាប់ចម្លងចំនួន៥០ច្បាប់ បញ្ជូនទៅឱ្យរដ្ឋាភិបាលសៀម ដោយកាលនោះ ស្ថានទូតសៀម ប្រចាំទីក្រុងប៉ារីស បានទទួលផែនទីទាំងនេះរួចរាល់តាំងពីខែសីហា ឆ្នាំ១៩០៨ មកម៉្លេះ។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ក្នុងករណីមានបញ្ហា ឬមានជម្លោះព្រំដែនណាមួយកើតឡើងរដ្ឋាភិបាលថៃ និងកម្ពុជា ត្រូវតែប្រើប្រាស់សន្ធិសញ្ញា និងផែនទីប្រវត្តិសាស្ត្រទាំងនេះធ្វើជាឧបករណ៍ និងជាទឡ្ហីករណ៍តែមួយគត់សម្រាប់ដោះស្រាយជម្លោះ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរមានកាតព្វកិច្ចត្រូវតែអនុវត្តតាមសន្ធិសញ្ញា និងផែនទីទាំងនេះជាដាច់ខាត ដោយមិនចាំបាច់ខ្វល់ខ្វាយថា ផែនទីនោះមានមាត្រដ្ឋានប៉ុនណានោះឡើយ ព្រោះវាជាផែនទីស្របច្បាប់ ដែលទទួលបានការផ្តល់សច្ចាប័នរួចរាល់ហើយ។ ចំណុចនេះត្រូវបានកំណត់ជាគោលការណ៍គ្រឹះនៅក្នុងនយោបាយអន្តរជាតិ និងច្បាប់អន្តរជាតិថា ផែនទីដែលមិនបានទទួលការផ្តល់សច្ចាប័នយល់ព្រមពីភាគីជម្លោះ គឺមិនអាចយកមកប្រើប្រាស់ ឬយកមកអះអាង ដើម្បីទាមទារសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋណាមួយតាមផ្លូវច្បាប់បានឡើយ៕
អត្ថបទៈ សួន ឡង់ទី