ការបញ្ចុះតម្លៃអគ្គិសនីនៅពេលនេះ មានតែអាជីវកម្មក្នុងវិស័យសំខាន់ៗចំនួន ៤ ប៉ុណ្ណោះគឺឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម សុទ្ធតែត្រូវបានការបញ្ចុះតម្លៃអគ្គីសនី ២៥ភាគរយពីរដ្ឋ ដូចៗគ្នា ដែលក្នុងចំណោមនោះឧស្សាហកម្មផលិតក្នុងស្រុកបានសម្តែងក្តីរីករាយជាខ្លាំងដោយអះអាងថា និងបន្តសកម្មភាពផលិតកម្មកៃច្នៃឲ្យច្រើនជាងមុន ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ខណៈបច្ចុប្បន្នផលិតកម្មក្នុងស្រុកកំពុងប្រឈមខ្លាំងទៅនឹងវិបត្តិការរីករាលដាលនៃជំងឺកូវីដ ១៩។
ម្ចាស់សហគ្រាស ផលិតនំស្រួយ លីលី លោកស្រី កែវ មុំ បានសម្តែងក្តីរីករាយជាខ្លាំងចំពោះការសម្រេចរបស់រដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃអគ្គីសនី ពេលនេះគឺជាចំណាត់ការមួយដែលល្អ និងទាន់ពេលវេលា ដែលនិយាយបានថា នឹងជួយដល់ឧស្សាហកម្មក្នុងស្រុកអាចកាត់បន្ថយថ្លៃដើមផលិតបានមួយកម្រិតធំ និងងាយស្រួលក្នុងការប្រកួតប្រជែង និងមួយផ្នែកទៀតគឺជាឱកាសមួយដែលអាចទាក់ទាញការវិនិយោគបានច្រើនជាងមុន។លោកស្រីបញ្ជាក់ថា អ្វីដែលអ្នកវិនិយោគបារម្ភខ្លាំង និងចង់ដឹងមុនគេគឺថ្លៃអគ្គីសនី ថ្លៃទឹក និងកម្លាំងពលកម្ម។
សូមជម្រាបថា កាលពីថ្ងៃទី ១៩ ខែឧសភានេះ ក្រសួងរ៉ែ និងថាមពលបានប្រកាស ដាក់ឲ្យអនុវត្តនូវផែនការអនុគ្រោះនិងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី នៅក្នុងវិស័យសំខាន់ចំនួន៤របស់កម្ពុជា រួមមានវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដោយការអនុគ្រោះបញ្ចុះថ្លៃលើការប្រើប្រាស់អគ្គិសនីនេះ នឹងមានចាប់ពីខែមិថុនា ដល់ខែតុលាឆ្នាំ២០២០។
ក្នុងប្រកាសនោះ ក្រសួងរ៉ែ និងថាមពល ក៏នឹងកាត់បន្ថយថ្លៃអគ្គិសនីចំនួន ២៥% លើការបង់ថ្លៃអគ្គិសនីដែលបានប្រើលើសពីចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមានបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចំលងមេរោគកូវីដ-១៩ផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធន់តូច និងមធ្យមកម្ពុជាក៏បានសាទរចំពោះការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ ដោយបានលើកឡើថា វាជារឿងមួយប្រសើរណាស់ ដែលរាជរដ្ឋាភិបាលបានគិតគូរពីបញ្ហាអគ្គិសនីនេះ ព្រោះការចំណាយប្រចាំខែលើថ្លៃអគ្គិសនី គឺជាបន្ទុកចំណាយមួយធំគួរសមដែរ ចំពោះរោងចក្រសហគ្រាសនៅកម្ពុជា ខណៈដែលបច្ចុប្បន្នពួកគេក៏កំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ផងនោះ។
លោកឧកញ៉ាបញ្ជាក់ថា នៅពេលដែលតម្លៃអគ្គីសនីចុះថ្លៃបែបនេះពិតណាស់នឹងធ្វើឲ្យឧស្សាហកម្មផលិតក្នុងស្រុកអាចប្រកួតប្រជែងនឹងឧស្សាហកម្មផលិតបរទេសបានយ៉ាងច្រើន ដែលទាំងអស់នេះនឹងជម្រុញឲ្យការផលិតក្នុងស្រុកកាន់តែខ្លាំងនិងច្រើនជាងមុន ដែលវាក៏នឹងចូលរួមចំណែកការបង់ពន្ធបានច្រើនជាងមុនផងដែរ។
យ៉ាងណាក៏ដោយចុះបើទោះបីជាមានការបញ្ចុះតម្លៃអគ្គីសនីនាពេលនេះក្តី លោកស្រី កែវ មុំ នូវតែទទូចស្នើសុំកុំឲ្យមានករណីដាច់ចរន្តអគ្គីសនីញឹកញ៉ាប់ពេក និងបើអាចសូមកុំឲ្យមានការដាច់ចរន្តអគ្គីសនីតែម្តង ព្រោះការដែលដាច់ចរន្តអគ្គីសនីម្តងៗ ធ្វើឲ្យដំណើរការផលិតកម្មរាំងស្ទះមិនអាចផលិតបាន និងជាពិសេសគឺខូចផលិតផលកំពុងផលិត ខាតពេលវេលា និងកម្លាំងពលកម្មច្រើន។
សូមជម្រាបថា ការអនុគ្រោះ និងលើកទឹកចិត្ត ចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មនេះ មានគោលដៅ កែសម្រួលការបង់ថ្លៃប្រើប្រាស់អគ្គសិនី ដើម្បីជួយសម្រួលទាំងការលំបាក ក្នុងការបង់ថ្លៃអគ្គិសនី របស់ទីតាំង ដែលបានព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម និងរួមទាំង ជួយលើកទឹកចិត្តចំពោះទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬ អាជីវកម្ម ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩៕