យោងតាមរបាយការណ៍មួយ ដែលចេញផ្សាយក្នុងសិក្ខាសាលាស្តីពី លំហូរវិនិយោគផ្ទាល់ពីបរទេសមកពីសហភាពអឺរ៉ុប ក្នុងបរិបទនៃកិច្ចព្រមព្រៀង EVFTA និង EVIPA បានឱ្យដឹងថា កិច្ចព្រមព្រៀងទាំងពីរនេះ បានបង្កើនទំហំការវិនិយោគផ្ទាល់ពីប្រទេសក្នុងតំបន់អឺរ៉ុបមកកាន់ប្រទេសវៀតណាម ដោយសារតែការប្តេជ្ញាចិត្តចំពោះការកាត់បន្ថយពន្ធនាំចូល និងការបង្កើតភាពឈានមុខនៃការប្រកួតប្រជែងសម្រាប់ប្រទេសទាំងនោះផងដែរ។
ទោះយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងទាំងពីរនេះ ក៏ធ្វើឱ្យមានបញ្ហាប្រឈមជាច្រើនផងដែរនៅក្នុងការប្រមូលទុនពីក្រុមហ៊ុនអឺរ៉ុប ជាពិសេសដោយសារតែភាពមិនប្រាកដប្រជានៃជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងអស្ថិរភាពភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ក្នុងនោះសេដ្ឋកិច្ចអឺរ៉ុបកំពុងជួបវិបត្តិដោយសារតែអតិផរណា និងថាមពលជាដើម។
របាយការណ៍ខាងលើបង្ហាញឱ្យដឹងថា ចំនួនក្រុមហ៊ុនអឺរ៉ុបចូលវិនិយោគនៅវៀតណាម កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសក្នុងឆ្នាំ២០២០ ប្រទេសចំនួន២៦ ក្នុងចំណោម ២៧ប្រទេស ដែលស្ថិតក្នុងតំបន់អឺរ៉ុប បានចុះបញ្ជីវិនិយោគក្នុងប្រទេសវៀតណាម។ គិតត្រឹមខែសីហា ឆ្នាំ២០២២កន្លងទៅ EU មានគម្រោងវិនិយោគដែលមានសុពលភាពសរុប ជាង២ពាន់៣រយគម្រោង នៅក្នុងប្រទេសមួយនេះ ដែលមានទំហំទឹកប្រាក់ជាង ២៧ពាន់លានដុល្លារ។
ថ្មីៗនេះ ក្រុមហ៊ុនអឺរ៉ុប បានចាប់អារម្មណ៍វិនិយោគនៅវៀតណាម ក្នុងវិស័យឧស្សាហកម្មសេវា ថាមពលស្អាត ឧស្សាហកម្មគាំទ្រ កែច្នៃអាហារ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងឱសថ។
បើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍ដដែលនេះ បានឲ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាម និងអឺរ៉ុប នឹងជំរុញឱ្យប្រទេសវៀតណាម កែទម្រង់ស្ថាប័នរបស់ខ្លួន និងការបង្កើតក្របខណ្ឌគតិយុត្ត បង្កើនបរិយាកាសអាជីវកម្ម និងផ្តល់ឱ្យបន្ថែមទៀត នូវលក្ខខណ្ឌដ៏ពេញចិត្ត និងកាន់តែសុវត្ថិភាពសម្រាប់វិនិយោគិន។ ក្នុងនោះ តម្លៃពលកម្មទាប និងធនធានធម្មជាតិរបស់វៀតណាម គឺសុទ្ធសឹងជាគោលដៅរបស់អ្នកវិនិយោគបរទេសផងដែរ។ ទោះយ៉ាងណា សម្រាប់យុគសម័យ ឧស្សាហកម្ម 4.0 នេះ គឺអ្នកវិនិយោគមានគោលដៅស្វែងរកចំណេះដឹង និងបច្ចេកវិទ្យាទៅវិញទេ ហើយត្រង់ចំណុចនេះ វៀតណាមមិនមានភាពទាក់ទាញអ្វីឡើយ។
សូមជម្រាបថា វៀតណាម និងសហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការការពារវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងហាណូយ។
កិច្ចព្រមព្រៀពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម នឹងធានាដល់តុល្យភាពនៃផលប្រយោជន៍រវាងវៀតណាម និងអឺរ៉ុប។ កិច្ចព្រមព្រៀងនេះ នឹងជំរុញដល់ការនាំចេញរបស់វៀតណាម ជាពិសេសផលិតផលកសិកម្ម គ្រឿងសមុទ្រ និងផលិតផលដទៃទៀត ដែលវៀតណាមមានឧត្តមភាព។ ពន្ធនាំចូលលើការដោះដូរទំនិញរវាងភាគីទាំង២ ត្រូវកាត់បន្ថយ ៩៩%។
ក្រោមកិច្ចព្រមព្រៀងនេះទៀតសោត ការនាំចេញរបស់វៀតណាម ទៅកាន់ទីផ្សារអឺរ៉ុប ដែលមានប្រជាជន ៥០៨លាននាក់ ត្រូវបានព្យាករថា នឹងកើនឡើងពី ៤ ទៅ ៦ភាគរយ ស្មើនឹងប្រមាណ ១៩ពាន់លានដុល្លារ ហើយអាចឈានដល់ ៧៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៨៕
អត្ថបទ៖ នៅ សំភី