ក្រុមទីប្រឹក្សារបស់ FDA ដែលធ្វើការបោះឆ្នោតនោះ មានសមាជិកចំនួន ២២នាក់ ហើយ ១៧នាក់បានបោះឆ្នោតគាំទ្រការប្រើប្រាស់បន្ទាន់ សម្រាប់វ៉ាក់សាំង Pfizer-BioNTech, ៤នាក់បានបោះឆ្នោតជំទាស់ និង ម្នាក់ទៀត អនុបវាទ ។
អ្នកស្រីវេជ្ជបណ្ឌិត Archana Chatterjee បានប្រាប់ទូរទស្សន៍ CNBC ថា ការជំទាស់របស់អ្នកស្រី គឺដោយសារតែអ្នកស្រីគិតថា គេមិនគួរបញ្ចូលមនុស្សវ័យ ១៧ និង១៨ឆ្នាំនៅក្នុងក្រុមដែលត្រូវចាក់វ៉ាក់សាំងនោះឡើយ ។
អ្នកស្រីវេជ្ជបណ្ឌិតដែលជាសាកលវិទ្យាធិការិនី នៃសាលាវេជ្ជសាស្ត្រ ឈីកាហ្គោ បានមានប្រសាសន៍ថា "ខ្ញុំសូមបញ្ជាក់ច្បាស់ថា ខ្ញុំគាំទ្រពេញលេញចំពោះការដាក់ឲ្យប្រើប្រាស់បន្ទាន់ក្នុងស្ថានការណ៍អាសន្ន នូវវ៉ាក់សាំងកូវីដ-១៩ របស់ Pfizer និង BioNTech សម្រាប់មនុស្សដែលមានវ័យពី ១៨ឆ្នាំឡើងទៅ ។"
អាជ្ញាធរ FDA របស់សហរដ្ឋអាមេរិក សម្រេចអនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ Pfizer និង BioNTech ទៅលើមនុស្សដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ។
អ្នកស្រីវេជ្ជបណ្ឌិត Chatterjee និយាយថា អ្នកស្រីចង់ឃើញទិន្នន័យច្រើនថែមទៀតអំពីការសាកល្បងវ៉ាក់សាំងនៅលើខ្លួនអ្នកចូលរួមដែលមានអាយុ ១៦ និង ១៧ឆ្នាំច្រើន នៅមុនពេលអ្នកស្រីអាចស្រណុកចិត្តក្នុងការសម្រេចគាំទ្រវ៉ាក់សាំងនេះ សម្រាប់ការចាក់ទៅលើមនុស្សអាយុ ១៦ និង ១៧ឆ្នាំ ៕