សម្តេចជំរុញឲ្យគ្រូពេទ្យពង្រឹងក្រមសីលធម៌ និងគិតការព្យាបាលមនុស្សជាធំ

សម្តេច ហ៊ុន សែន ដាស់តឿនឲ្យក្រុមគ្រូពេទ្យពង្រឹងក្រមសីលធម៌ និងគិតពីអាយុជីវិតអ្នកជំងឺជាធំ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឲ្យក្រុមគ្រូពេទ្យពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាកម្ម និងយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺជាចម្បង។ សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ការមានមន្ទីរពេទ្យស្អាត និងឧបករណ៍ទំនើបវាមិនគ្រប់គ្រាន់នោះទេ គឺវាទាមទារឲ្យក្រុមគ្រូពេទ្យត្រូវមានសមត្ថភាព និងក្រមសីលធម៌ខ្ពស់ក្នុងការផ្តល់សេវាកម្មផងដែរ។
សម្តេចជំរុញឲ្យគ្រូពេទ្យពង្រឹងក្រមសីលធម៌ និងគិតការព្យាបាលមនុស្សជាធំ
ដោយ

នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារមជ្ឈមណ្ឌលពហុឯកទេស«តេជោអភិវឌ្ឍន៍»នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីព្រឹកថ្ងៃទី២៣ ឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកក្រមសីលធម៌វិជ្ជាជីវៈជាកត្តាចម្បង ដែលក្រុមគ្រូពេទ្យទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់ដំបូងគេពេលផ្តល់សវាកម្មសុខាភិបាលជូនប្រជាពលរដ្ឋ។ សម្រាប់សម្តេចតេជោ ការមានអគារមន្ទីរពេទ្យស្អាត និងបំពាក់ឧបករណ៍ទំនើបៗ តែក្រុមគ្រូពេទ្យខ្វះក្រមសីលធម៌ និងជំនាញក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋ នោះវិស័យសុខាភិបាលនឹងមិនអាចរីកចម្រើនបានឡើយ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាសុខាភិបាល និងយកចិត្តទុកដាក់លើការជួយសង្គ្រោះអាយុជីវិតមនុស្សជាចម្បង។

ជាការកត់សម្គាល់នេះមិនមែនជាលើកទី១នោះទេ ដែលប្រមុខរាជរដ្ឋាភិបាល ទាមទារឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់លើការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ពោលគឺសម្តេចបានក្រើនរំលឹកជាសាធារណៈបែបនេះជាច្រើនលើករួចមកហើយ។ យ៉ាងណាមិញការដាស់តឿនរបស់ សម្តេចតេជោ គេតែងឃើញធ្វើឡើងក្រោយមានករណីប្រជាពលរដ្ឋ ដែលមានជីវភាពខ្សត់ខ្សោយជួបបញ្ហាពេលទៅទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យមួយចំនួន។ តែយ៉ាងណា សម្តេចតេជោ បានចាត់ទុកបញ្ហា ដែលបានកើតឡើងកន្លងមកជារឿងបុគ្គលរបស់គ្រូពេទ្យ ដែលខ្វះការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។

នៅក្នុងអំឡុងវិបត្តិកូវីដ-១៩ កន្លងទៅ ក្រុមគ្រូពេទ្យត្រូវបានប្រជាពលរដ្ឋប្រសិទ្ធនាមឲ្យថា ជាទ័ពអាវស ដែលបានជួយការពារប្រជាពលរដ្ឋពីការយាយីដោយជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រូពេទ្យកម្ពុជានឹងអាចរក្សាបាននូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋបានប្រសិទ្ធនាមឲ្យនាពេលកន្លងមកនេះ។

គួរកត់សម្គាល់ផងដែរថា វិស័យសុខានៅកម្ពុជាមានការរីកចំរើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងផ្នែកធនធានមនុស្ស ឧបករណ៍ និងបច្ចេកទេសក្នុងការព្យាបាល។ តែយ៉ាងណា វិស័យសុខាភិបាលកម្ពុជានៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក ដែលមានវិស័យសុខាភិបាលរីកចម្រើនខ្លាំង។

គួរបញ្ជាក់ថា អគារតេជោអភិវឌ្ឍន៍បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មមជ្ឈមណ្ឌលពហុឯកទេសរបស់មន្ទីរពេទ្យកាល់ម៉ែត ឲ្យក្លាយជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់សេវាពហុបច្ចេកទេសប្រកបដោយបច្ចេកវិទ្យាវិទ្យាសាស្ត្រដ៏ទំនើបស្របតាមការរីកចម្រើនរបស់ពិភពលោកនាពេលបច្ចុប្បន្ន។ អគារនេះមានកម្ពស់១២ជាន់លាតសន្ធឹងលើផ្ទៃដីជាង៤ម៉ឺន៨ពាន់ម៉ែត្រការ៉េ ដោយអាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺបានជាង៤២០គ្រែ និងចំណាយថវិកាសាងសង់ និងបំពាក់ឧបករណ៍ជាង៧០លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់សម្រាប់ឧត្តមភាពក្នុងការច្នៃប្រឌិតពីទស្សនាវដ្តីអន្តរជាតិ Global Banking & Finance Review

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅកម្ពុជា បានទទួលការទទួលស្គាល់ជាថ្មីម្តងទៀតសម្រាប់ដំណើរការដ៏ពិសេសរបស់ខ្លួន …

ប្រេស៊ីលប្រកាសអាសន្នសុខភាពសត្វរយៈពេល ១៨០ ថ្ងៃ ចំពេលមានជំងឺផ្តាសាយបក្សីក្នុងចំណោមសត្វព្រៃ

ប្រទេសប្រេស៊ីលដែលលក់សាច់បក្សីបានច្រើនជាងគេបំផុតក្នុងពិភពលោក កាលពីថ្ងៃចន្ទ បានប្រកាសភាពអាសន្នផ្នែកសុខភាពសត្វរយៈពេល ១៨០ ថ្ងៃ ដើម្បីឆ្លើយតបទៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ