តើការដកខ្លួនពីគម្រោង CLV-DTA ត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភាទេ?

ការដកខ្លួនរបស់កម្ពុជាពី CLV-DTA ពុំត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រនោះទេ


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា ការដកខ្លួនរបស់កម្ពុជាពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) គឺមិនចាំបាច់ត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រនោះទេ ដ្បិតថានេះជាកិច្ចសហប្រតិបត្តិការធម្មតារវាងរដ្ឋាភិបាលនៃប្រទេសទាំង៣ ដូច្នេះការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
តើការដកខ្លួនពីគម្រោង CLV-DTA ត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភាទេ?

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាមកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមានសារបញ្ជាក់ច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទោះបីជាយ៉ាងនេះក្តី ក៏នៅមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុកនៅតែបន្តយកបញ្ហានេះមកធ្វើអាជីវកម្មនយោបាយដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការនេះ គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្តលេខាដោយព្រះមហាក្សតនៃកម្ពុជា។

ឆ្លើយតបនឹងបញ្ហានេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលឡាវ និងរដ្ឋាភិបាលវៀតណាម ដោយមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រនោះទេ ដូច្នេះការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ សម្រាប់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ការបន្តយកបញ្ហានេះមកធ្វើអាជីវកម្ម គឺសរបញ្ជាក់ពីកង្វះខាតចំណេះដឹង ខ្វះការស្រាវជ្រាវ និងខ្វះការយល់ដឹងខាងផ្លូវច្បាប់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ហើយសកម្មភាពបែបនេះមិនត្រឹមតែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពបំផ្លិចបំផ្លាញ និងពង្វក់ស្មារតីយុវជនមួយចំនួនឱ្យវង្វេងតាមមនោគមវិជ្ជានយោបាយជ្រុលនិយមដ៏ខ្មៅកង្វក់ និងគ្រោះថ្នាក់របស់ខ្លួនតែប៉ុណ្ណោះ។

បើតាមការបញ្ជាក់របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងមានឆន្ទៈមោះមុតក្នុងការអភិវឌ្ឍប្រទេសបន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយធានាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់តាមការគ្រោងទុក ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមមកបំផ្លិចបំផ្លាញ ឬរារាំងដំណើរការកសាងជាតិបានជាដាច់ខាត។

ទន្ទឹមនេះ រាជរដ្ឋាភិបាលប្តេជ្ញាបន្តការអភិវឌ្ឍតំបន់ព្រំដែនភូមិភាគឦសាន ក៏ដូចជាតំបន់ព្រំដែនទូទាំងប្រទេសឱ្យកាន់តែរីកចម្រើន ដោយរក្សាឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រឡើយ និងបន្តរក្សាស្ថានភាពព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ការដកខ្លួនរបស់កម្ពុជាពី CLV-DTA ពុំត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រនោះទេ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា ការដកខ្លួនរបស់កម្ពុជាពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DT…

កម្ពុជានឹងចំណេញរហូតដល់១ពាន់ដុល្លារ បើអាចនាំចេញកសិផលទៅប្រទេសទី៣ ដោយឆ្លងកាត់ថៃ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានវាយតម្លៃថា កម្ពុជាអាចចំណេញថវិកាចន្លោះពី៥០០ទៅ១ពាន់ដុល្លារក្នុង១ទូកុងតឺន័រ ប្រសិនបើថៃ បើកឱ្យកម្ពុជា អាច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ