អ្នកវិភាគបាននិយាយថា ពលរដ្ឋចិនប្រហែលជា ២៧៤ លាននាក់ បានធ្វើដំណើរក្នុងឱកាសថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ ក្រោយពេលដែលអាជ្ញាធរបានប្រកាសបើកប្រទេសឡើងវិញ។
វិស័យសេវាកម្មនៅចិនបានងើបឡើងវិញ ស្របពេលដែលអត្រានៃការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងស្រុកអំឡុងសប្តាហ៍មាសនោះ បានឡើងលើសកម្រិតឆ្នាំ ២០១៩ ជាលើកដំបូង គិតចាប់តាំងពីពេលមានជំងឺរាតត្បាតមក។
ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងស្រុកបានកើនឡើងដល់ ១០១ ភាគរយ បើធៀបនឹងកម្រិតមុនមានជំងឺរាតត្បាត ជាមួយនឹងទឹកប្រាក់ ១៤៨ ពាន់លានយ័ន ឬជាង ២១,៤ ពាន់លានដុល្លារ។ ប៉ុន្តែ អ្នកវិភាគបានព្រមានថា កំណើននៃតម្រូវការនេះអាចនឹងមិនស្ថិតស្ថេរនោះទេ ខណៈដែលជំហ៊ានបន្ទាប់នៃការងើបឡើងវិញផ្នែកសេដ្ឋកិច្ចត្រូវបានគេព្យាករថាអាចកាន់តែលំបាក។
ក្រសួងវប្បធម៌និងទេសចរណ៍ចិនបានអះអាងថា ពលរដ្ឋប្រមាណជា ២៧៤ លាននាក់បានធ្វើដំណើរទូទាំងប្រទេសក្នុងថ្ងៃបុណ្យការងារ ដែលបានបញ្ចប់កាលពីថ្ងៃពុធ ដោយមានកំណើនដល់កម្រិត ១១៩% បើធៀបនឹងកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ ក្នុងឆ្នាំ ២០១៩ នៅពេលដែលអ្នកទេសចរបានសម្រុកទៅតាមកន្លែងទាក់ទាញនានា បន្ទាប់ពីការដកវិធានការប្រឆាំងកូវីដ-១៩ចុងក្រោយកាលពីដើមឆ្នាំនេះ។
ក្រុមហ៊ុនវិនិយោគិន ហ្គោលមែន សាច (Goldman Sachs) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទិន្នន័យទេសចរចិននាថ្ងៃឈប់សម្រាកក្នុងទិវាពលកម្មដែលរឹងមាំ រួមទាំងភាពខ្លាំងនៃវិស័យសេវាកម្មកាលពីខែមេសា ឆ្លុះបញ្ចាំងអំពីការស្ទុះងើបឡើងវិញនៃការប្រើប្រាស់និងសេវាកម្មនាប៉ុន្មានខែខាងមុខ បើទោះបីជាសន្ទុះកំណើននៃឧស្សាហកម្មរាងខ្សោយក៏ដោយ។
កាលពីសប្តាហ៍មុន សន្ទស្សន៍ផ្លូវការនៃការគ្រប់គ្រងការបញ្ជាទិញផលិតផលមិនមែនឧស្សាហកម្ម នៅតែស្ថិតក្នុងអត្រាខ្ពស់បំផុតលំដាប់ទីពីរនៅឆ្នាំនេះ បើទោះបីជាវាបានធ្លាក់ចុះបន្តិចពីលេខ ៥៨,២ ក្នុងខែមីនា មកនៅត្រឹមលេខ ៥៦,៤ ក្នុងខែមេសាក៏ដោយចុះ ។
ក្រុមហ៊ុន ហ្គោលមែន សាច បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ យើងជឿថា វិស័យដែលងាយងើបឡើងវិញ ក្រោយការបើកប្រទេសចិនទាំងស្រុង ក្នុងនោះមានទាំងការងើបឡើងវិញពេញលេញនៃផ្នែកដឹកជញ្ជូននិងផ្នែកតម្រូវការក្នុងវិស័យមួយចំនួន គឺបានងើបឡើងវិញអស់ហើយ។
ក្រុមហ៊ុននេះបានបញ្ជក់ថា ជំហានបន្ទាប់នៃការងើបឡើងវិញនៃការប្រើប្រាស់នឹងអាស្រ័យលើកំណើនប្រាក់ចំណូលកាន់តែខ្ពស់ និងលើការធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ទាំងនេះនឹងធ្វើឱ្យគំរូនៃការស្តារសេដ្ឋកិច្ចឡើងវិញមាននិរន្តរភាព៕