ការបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើងនាពេលនេះ នៅគ្រាដែលកូរ៉េខាងជើង ក៏កំពុងតែសង្គ្រៀតធ្មេញដាក់គ្នាជាមួយអាមេរិកខ្លាំងណាស់ដែរ ។ ទោះយ៉ាងណា អាមេរិកថា ខ្លួននៅតែបើកចំហរទ្វារចរចាជាមួយកូរ៉េខាងជើងដដែល។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ត្រូវបានស្រង់សម្ដីដោយ សារព័ត៌មាន Reuters អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃពុធទី ២៤មីនាថា កូរ៉េខាងជើងកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យសប្ដាហ៍មុនេះ ពិតជាបានបាញ់សាកល្បងក្បាលគ្រាប់មីស៊ីលរយៈចំងាយខ្លីរបស់ខ្លួនពិតមែន។ បើតាមយោធាកូរ៉េខាងត្បូងបានបញ្ជាក់ទៀតថា នេះជាការល្បងមីស៊ីលជាសាធារណៈលើកដំបូងហើយ ចាប់តាំងពីរដ្ឋបាលលោកចូ បៃឌិនរបស់អាមេរិកចូលកាន់តំណែង។
គួរកត់សម្គាល់ថា ការបាញ់សាកល្បងមីស៊ីលរបស់របបក្រុងព្យុងយ៉ាង ធ្វើឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះនៃជំនួបការទូតរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនតូនី ប្លីងខេន (Antony Blinken) រដ្ឋមន្ត្រីការពារជាតិលោក ឡយ អូសស្ទីន (Lloyd Austin) ជាមួយលោកម៉ូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងនាទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុន។
ជំនួបរវាងសម្ព័ន្ធមិត្តទាំងពីរ ទំនងជាធ្វើឲ្យរដ្ឋបាលលោកគីម ខ្នើសចិត្ត។ ខ្នើសចិត្តនៅត្រង់ថា អាមេរិកនិងកូរ៉េខាងត្បូងបានស្កាត់មកជួបគ្នាដើម្បីពិភាក្សាពីផែនការចង់រំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យ៉ាងណាមិញ អាមេរិកមិនមានប្រតិកម្មខ្លាំងក្លាប៉ុន្មានទេ ជុំវិញការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងលើកនេះ ដោយលោក ចូ បៃឌិនគ្រាន់តែបានប្រាប់ទៅអ្នកសារព័ត៌មានថា៖ យើងអាចសម្គាល់បានហើយថា មកដល់ពេលនេះ ក្រុងព្យុងយ៉ាងមិនបានផ្លាស់ប្តូរឥរិយាបទរបស់ខ្លួននោះទេ។ ទោះយ៉ាងណា យើងនៅតែបន្តបើកទ្វារសម្រាប់ជំនួបចរចាគ្នារវាងប្រទេសទាំងពីរ។
គេនៅចាំបានថា កូរ៉េខាងជើងបានជួបពិភាក្សាការទូតជាមួយសហរដ្ឋអាមេរិកលើកចុងក្រោយបំផុតគឺនៅខែកុម្ភៈឆ្នាំ២០១៩ ក្នុងទីក្រុងហាណូយប្រទេសវៀតណាម គ្រាដែលលោក ដូណាល់ត្រាំនៅជាប្រធានាធិបតីអាមេរិក។ ជំនួបកាលនោះជាជំនួបប្រវត្តិសាស្ត្រមួយរវាងប្រទេសទាំងពីរ ហើយក៏ជាជំនួបដ៏បរាជ័យមួយដែរ៕