គោលនយោបាយជាតិស្តីពីស្វាយចន្ទី

សេចក្តីព្រាងច្បាប់ស្តីពី គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ត្រូវបានអនុម័ត


សេចក្តីព្រាងច្បាប់ស្តីពី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តទាំងស្រុង នៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២៣។ គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែមដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ស្តីពី គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ត្រូវបានអនុម័ត

បើតាម ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ យ៉ាងណាមិញ គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ មានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ដើម្បីសម្រេចបានចក្ខុវិស័យ និងគោលបំណងនេះ គោលនយោបាយជាតិស្តីពីស្វាយចន្ទី ក៏បានដាក់ចេញនូវគោលដៅ​ចម្បងចំនួន ៣ ផងដែរ មានដូចជា ទី១.លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង។ ទី២.ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន ២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០% នៅឆ្នាំ២០៣២។ និងទី៣.ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។

សូមជម្រាបថា ដំណាំស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែង តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។ បច្ចុប្បន្នផលិតផលស្វាយចន្ទីភាគច្រើនបាននាំចេញជាផលិតផលមិនទាន់បានកែច្នៃដែលនាំឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមទាប។ ដើម្បីបន្តជំរុញដល់កំណើនកសិ-ពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព និងសុវត្ថិភាព ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី គឺជាការចាំបាច់ ស្របទៅនឹងគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រផ្សេងៗទៀត សំដៅធានាឱ្យបាននូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោកផងដែរ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន ៦៧ម៉ឺនតោន ថយចុះជិត៣៥% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម មានចំនួន ៦៦ម៉ឺនតោន បានថយចុះ ៣៧%៕​ នេះបើតាមបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា៕




អត្ថបទបន្ទាប់


តើវិស័យសំខាន់ៗណាខ្លះនឹងចូលរួមគាំទ្រលើការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយឆ្នាំ២០២៣នេះ?

សម្រាប់ការប្រមូលចំណូលពន្ធអាករឆ្នាំ២០២៣នេះ ត្រូវបានឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ព…

រាជរដ្ឋាភិបាលកំណត់គោលនយោបាយអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងបៃតងអាស៊ាន

សេចក្តីព្រាង«គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨»ទទួលបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ