ការបង្ហាញការព្រួយបារម្ភនេះ ធ្វើឡើងក្រោយកាលពីពេលថ្មីៗសារព័ត៌មានវៀតណាមមួយបានចុះផ្សាយថា មានក្រុមហ៊ុនកម្ពុជាចំនួន៣ទទួលបានសិទ្ធិផ្គត់ផ្គង់ខ្សាច់ដល់គម្រោងអភិវឌ្ឍន៍ផ្លូវហាយវ៉េធំៗនៅវៀតណាម ដោយក្រុមហ៊ុនទាំងនេះទទួលបានអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពល ដើម្បីបូមខ្សាច់រហូតដល់ទៅជាង១,៣ពាន់លានតោន ពីបាតទន្លេមេគង្គ និងទន្លេបាសាក់។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព កត់សម្គាល់ឃើញថា សកម្មភាពធ្វើអាជីវកម្មបូមខ្សាច់មួយចំនួននៅកម្ពុជា ពុំបានគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវឡើយ ហើយបានបង្កបញ្ហាជាច្រើនដល់បរិស្ថាន ជីវៈចម្រុះក្នុងទឹក និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ។ បើតាមមន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ អាជីវកម្មបូមខ្សាច់នៅតាមទន្លេក្នុងប្រទេសកម្ពុជា គួរតែត្រូវកែលម្អ និងមិនគួរឱ្យមានសកម្មភាពបូមខ្សាច់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនោះទេ។ ទន្ទឹមនេះ លោក ស្នើឱ្យមានការត្រួតពិនិត្យលើអាជីវកម្មបូមខ្សាច់ឱ្យស្របតាមលក្ខខណ្ឌបច្ចេកទេស ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យបាក់ច្រាំងទន្លេ និងខូចខាតផ្ទះសម្បែងរបស់ពលរដ្ឋ។
ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ កត់សម្គាល់ឃើញថា នៅក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមកនេះ ការធ្វើអាជីវកម្មបូមខ្សាច់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែតម្រូវការនៃការអភិវឌ្ឍនានា។ តែយ៉ាងណាលោកសង្កេតឃើញថា ការធ្វើអាជីវកម្មខ្សាច់របស់ក្រុមហ៊ុនមួយចំនួនបានបង្កផលប៉ះពាល់ដល់ពលរដ្ឋ និងសង្គម ដោយសារកង្វះការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធ ពិសេសគឺក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មតែម្ដង។ សម្រាប់លោក សេក សុជាតិ រដ្ឋាភិបាល គួរមានវិធានការឱ្យបានច្បាស់លាស់ បើពុំដូច្នោះទេ វានឹងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនាពេលណាមួយជាក់ជាមិនខាន។
ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា អាជីវកម្មបូមខ្សាច់បានក្លាយជាផ្នែកមួយនៃការទទួលប្រាក់ចំណូលចូលក្នុងសេដ្ឋកិច្ចជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីអាជីវកម្មខ្សាច់ប្រមាណ១៣លានដុល្លារ ហើយក្នុងឆ្នាំ២០២៣ អាចទទួលបានក្នុងរង្វង់ប្រមាណ២០លានដុល្លារ។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ នៅតាមបណ្ដាប្រទេសនានា គេតែងទាញយកធនធានរ៉ែមកប្រើប្រាស់ដើម្បីធ្វើជាប្រយោជន៍ដល់សង្គមជាតិ ដោយអនុវត្តតាមច្បាប់ដែលបានកំណត់រៀងៗខ្លួន។
សម្រាប់អ្នកជំនាញរូបនេះ ការបូមខ្សាច់មានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ជាក់ស្ដែងសកម្មភាពខ្លះ ត្រូវបានធ្វើឡើងដើម្បីស្ដារល្បាប់កុំឱ្យគោករាក់ ហើយទាញយកផលប្រយោជន៍មកវិញ ដោយរក្សាបាននូវបរិមាណទឹក និងអាចឱ្យនាវាធ្វើដំណើរបាន។ ទន្ទឹមនេះ អ្នកជំនាញសេដ្ឋកិច្ច រូបនេះ ចាត់ទុកក្ដីកង្វល់ពីផលប៉ះពាល់បរិស្ថានរបស់សង្គមស៊ីវិល អាចជាសាររម្លឹកដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យមានការយកចិត្តទុកដាក់និងមានប្រុងប្រយ័ត្ន ដើម្បីគិតដល់ផលប្រយោជន៍រួមផងដែរ។
គួររំលឹកថា បើយោងតាមសារព័ត៌មានវៀតណាម ទុយ ត្រេ ញូស (Tui Tre News) ដែលបានចុះផ្សាយកាលពីថ្មីៗនេះ មានក្រុមហ៊ុនចំនួន៣របស់កម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញ និងផ្គត់ផ្គង់ខ្សាច់ដល់គម្រោងអភិវឌ្ឍន៍ផ្លូវហាយវ៉េធំៗនៅភាគខាត្បូងប្រទេសវៀតណាម ខណៈក្រុមហ៊ុនទាំង៣នេះ ទទួលបានអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ដើម្បីបូមខ្សាច់រហូតដល់ទៅជាង១,៣ពាន់លានតោនពីបាតទន្លេមេគង្គ និងទន្លេបាសាក់។
ក្រុមហ៊ុនចំនួន៣របស់កម្ពុជា ដែលទទួលបានសិទ្ធិនាំចេញខ្សាច់ទៅវៀតណាមទាំងនេះរួមមាន ក្រុមហ៊ុន ចតុមុខកម្ពុជា, ក្រុមហ៊ុន សុខ ធារ៉ា និងក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD)។ បើតាមប្រភពដដែលនេះ ក្រុមហ៊ុននានារបស់កម្ពុជាបាននាំចេញខ្សាច់បានប្រមាណជិត២៤លានតោនទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០២១មក៕
អត្ថបទ៖ បូ ដូឡា