ដំណាំទុរេន

តើមានកត្តាអ្វីជំរុញឱ្យអ្នកដាំទុរេនរំពឹងទិន្នផលទុរេននៅឆ្នាំនេះនឹងកើនឡើងខ្ពស់ជាងឆ្នាំមុន?


ក្រុមអ្នកដាំទុរេននៅកម្ពុជា បានអះអាងថា ការដាំដំណាំទុរេននៅឆ្នាំនេះ ហាក់មានភាពអំណោយផលច្រើនជាងឆ្នាំមុន ដែលនឹងជំរុញឱ្យទិន្នផលទុរេនក្នុងរដូវប្រមូលផលនៅប៉ុន្មានខែខាងមុខនេះ នឹងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ។ តើមានកត្តាអំណោយផលអ្វីខ្លះជំរុញឱ្យអ្នកដាំទុរេនជឿជាក់ថា ទិន្នផលទុរេននៅឆ្នាំនេះនឹងកើនឡើងជាងឆ្នាំមុន?
ដំណាំទុរេន
ដោយ

លោក ឃឹម ប៊ុនឡែន កសិករដាំទុរេនម្នាក់នៅខេត្តកំពត និងជាប្រធានក្រុមហ៊ុន Farmer Forward Cambodia ដែលជាក្រុមហ៊ុននាំចេញទុរេនកម្ពុជា ទៅប្រទេសថៃ ជឿជាក់ថា ទិន្នផលផ្លែទុរេនរបស់កម្ពុជា នៅឆ្នាំនេះនឹងមានការកើនឡើងខ្ពស់ជាងឆ្នាំមុន ដោយសារការដាំដុះដំណាំទុរេននៅកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលដែលដើមទុរេនជាច្រើនដល់អាយុប្រមូលផល។ ម្យ៉ាងទៀត ដោយសារកត្តាអាកាសធាតុអំណោយផលនៅឆ្នាំនេះ ត្រជាក់រយៈពេលយូរជាងឆ្នាំមុន វាក៏បានជះផលល្អសម្រាប់ការដាំដុះដំណាំទុរេនផងដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា ស្របពេលដែលទិន្នផលទុរេនកម្ពុជា នៅឆ្នាំនេះនឹងមានកំណើនច្រើនជាងឆ្នាំមុន ប៉ុន្តែទុរេនកម្ពុជា នៅពុំទាន់អាចនាំចេញទៅកាន់ទីផ្សារចិ នដោយផ្ទាល់បាននៅឡើយទេ ដោយត្រូវឆ្លងកាត់តាមប្រទេសជិតខាង ខណៈប្រទេសជិតខាងកម្ពុជា កំពុងជួបបញ្ហាចាល់ស្តុកទុរេនជាច្រើន ហើយលោកបារម្ភថា បញ្ហានេះនឹងអាចប៉ះពាល់ដល់ទីផ្សារទុរេនកម្ពុជា នៅឆ្នាំនេះ។

​ជាមួយគ្នានេះ ​ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនដ៏ធំមួយនៅខេត្តកំពត បានគូសបញ្ជាក់ថា ទុរេនកំពត នៅឆ្នាំនេះនឹងអាចប្រមូលផលបាននៅចន្លោះខែមេសា ឬខែឧសភា ខាងមុខនេះ ហើយសម្រាប់ទិន្នផលទុរេនកំពត នៅឆ្នាំនេះ ទៀតសោត ក៏នឹងទទួលបានទិន្នផលល្អ និងច្រើនជាងឆ្នាំមុនផងដែរ។ តែយ៉ាងណា ដោយសារឥទ្ធិពលនៃទុរេននាំចូលពីខាងក្រៅច្រើនក្នុងតម្លៃទាបចូលមកកម្ពុជា លាយឡំគ្នាជាមួយនឹងទុរេនក្នុងស្រុក ឧកញ៉ា ចាន់ ស៊ីថា បានវាយតម្លៃថា វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងទីផ្សារទុរេនកំពត នៅឆ្នាំនេះ។

​ជាមួយគ្នានេះ ស្ថាបនិកឃ្លាំងកសិកម្មស្រីនាងមហាសាល ស្រុកមេមត់ ដែលជាអ្នកជំនាញលើការដាំដុះដំណាំហូបផ្លែ បានវាយតម្លៃថា ទិន្នផលទុរេននៅទូទាំងប្រទេសក្នុងឆ្នាំ២០២៥នេះ នឹងអាចទទួលបានមិនក្រោមពី១ម៉ឺនតោននោះទេ ដែលជាទិន្នផលមួយច្រើនជាងឆ្នាំមុនៗ។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ក្រៅពីកត្តាអាកាសធាតុអំណោយផល ទិន្នផលទុរេនកើនឡើងនេះ ក៏ដោយសារបច្ចុប្បន្នកម្ពុជាសម្បូរទៅដោយអ្នកដែលមានបច្ចេកទេសក្នុងការដាំដុះទុរេនមកពីក្រៅប្រទេសច្រើន ចូលមកជួយបង្រៀនកសិករដាំទុរេននៅក្នុងស្រុក។ លោកជឿជាក់ថា ទិន្នផលទុរេនរបស់កម្ពុជានឹងមានការកើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

​គួរជម្រាបថា ការដាំដុះដំណាំទុរេនរបស់ប្រជាកសិករ កាលពីឆ្នាំ២០២៤ កន្លងទៅ ហាក់មិនសូវទទួលបានទិន្នផលខ្ពស់នោះទេ ដោយសារឥទ្ធិពលនៃបាតុភូតអែលនីណូ ដែលបានបង្កឱ្យការដាំដុះទុរេនរបស់ប្រជាកសិករមានការខូចខាតច្រើន ពោលគឺមានផ្លែទុរេនជាច្រើនបានប្រេះ និងជ្រុះមុនពេលប្រមូលផល និងមិនសូវអាចធំធាត់ល្អ ដោយសារអាកាសធាតុក្តៅ និងកង្វះខាតទឹកស្រោចស្រប់៕




អត្ថបទបន្ទាប់


តើវិស័យធានារ៉ាប់រងនៅកម្ពុជា មានស្ថានភាពបែបណាក្រោយប្រឈមបញ្ហាសកលផ្ទួនៗកន្លងមកនេះ?

ការរាតត្បាតជំងឺកូវីដ-១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងបញ្ហាភូមិសាស្រ្តនយោបាយ បានធ្វើឱ្យវិស័យជាច្រើន រួមទាំងវិស័យធានារ៉ាប់រ…

តើវិស័យអចលនទ្រព្យមានការប្រែប្រួលយ៉ាងណា ក្រោយលោក ដូណាល់ ត្រាំ អុកឡុកពិភពលោក?

ក្រោមគោលនយោបាយអុកឡុកពិភពលោករបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រមាណ២០ថ្ងៃកន្លងមកនេះ អ្នកវិភាគបានអះអាងថា តម្លៃលំនៅឋាននៅអាម៉េរិកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ