ប្រទេសជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៣ ត្រូវបានរំពឹងថា នឹងមានសេដ្ឋកិច្ចដាំក្បាលចុះ នៅក្នុងត្រីមាសទី១នេះ ដោយសារតែមានវិធានការរឹតបន្ដឹងសំដៅដល់ការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ដែលត្រូវបានដាក់ចេញចាប់តាំងពីដើមខែមករា សម្រាប់នៅក្នុងទីក្រុងតូក្យូ និងខេត្តដទៃទៀត។
ទិន្នន័យផ្លូវការដែលបានផ្សាយថ្មីៗនេះ បានបង្ហាញថា ទិន្នផលរោងចក្ររបស់ជប៉ុនបានរួញទំហំជាង២% ធៀបនឹងខែមុន ដោយបណ្ដាលមកពីការធ្លាក់ចុះផលិតកម្មរថយន្ដ គ្រឿងម៉ាស៊ីនអេឡិចត្រូនិក និងឧបករណ៍ព័ត៌មានវិទ្យា និងទំនាក់ទំនង។
ការរំខានដល់ផលិតកម្ម ដោយសារតែមានគ្រោះរញ្ជួយដីនៅតំបន់ឆ្នេរភាគខាងកើតនៃប្រទេសជប៉ុន កាលពីខែកុម្ភៈ ក៏បានបផ្លិចបំផ្លាញផ្ទះ និងអាជីវកម្មជាច្រើនផងដែរ។
ជាមួយគ្នានោះ បញ្ហាកង្វះបន្ទះឈីបក៏ជាឧបសគ្គមួយសម្រាប់ការផលិតនៃរោងចក្រនៅក្នុងប្រទេសជប៉ុនដែរ ហើយអ្នកជំនាញបានអះអាងថា ផលិតកម្មអាចនឹងពិបាកក្នុងការងើបឡើងវិញ។
មានរោងចក្រនៅទូទាំងពិភពលោកកំពុងតស៊ូ ជាមួយនឹងបញ្ហាកង្វះខាតបន្ទះឈីប ដែលបានធ្វើឲ្យប៉ះពាល់ខ្លាំងជាងគេដល់ផលិតកម្មរថយន្ដ ទូរស័ព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ។
តាមរយៈការស្រាវជ្រាវមួយដោយក្រសួងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន បានរំពឹងទុកថា ទិន្នផលរោងចក្រនឹងធ្លាក់ចុះជិត២%ទៀត នៅក្នុងខែមីនានេះ តែរំពឹងថា នឹងស្ទុះងើបឡើងវិញជាង៩%នៅក្នុងខែមេសាខាងមុខ៕