កំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក២០២១ កើនយឺតជាងការរំពឹងទុក


ការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅឆ្នាំ២០២១នេះ ត្រូវបានធនាគារពិភពលោកព្យាករថា អាចនឹងមានភាពយឺតយ៉ាវជាងអ្វីដែលខ្លួនបានព្យាករកាលពីមុន ពោលគឺមានក្នុងរង្វង់កំណើនត្រឹមតែ ៤%ប៉ុណ្ណោះ ដោយសារតែមានប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងមមាញឹកខ្លាំងមែនទែនក្នុងការទប់ទល់ និង គ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាមេរោគបំប្លែងខ្លួនថ្មីៗកាចសាហាវជាច្រើនប្រភេទ និង ឧបសគ្គក្នុងការផ្គង់ផ្គង់វ៉ាក់សាំងជាដើម។ នេះបើតាមសេចក្ដីរាយការណ៍មួយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក២០២១នឹងកើនយឺត
ដោយ

លោក David Malpass ប្រធាន​ធនាគារពិភពលោក​បាន​អះអាង​នៅ​ក្នុង​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ស​ប្ដា​ហ៍​នេះ​ថា សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក ដោយ​មិន​រាប់​បញ្ចូល​ប្រទេស​ចិន ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើន ៤% នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ដែល​មាន​ទាប​ជាង​អ្វី​ដែល​បាន​ព្យាករ​ទុក ៤,៤% កាលពី​ខែមីនា​កន្លង​ទៅ ដោយ​ក្នុង​នោះ មាន​ប្រទេស​ខ្លះ​ដូច​ជា ភូមា​ជាដើម គឺ​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​កាន់តែ​កប់​ជ្រៅ​ជាង​ការ​រំពឹង​ទុក​។

ប្រសិនបើ​រួម​បញ្ចូល​ទាំង​ប្រទេស​ចិន ដែល​កំណើនសេដ្ឋកិច្ច​ចិន​នឹង​កើន​ដល់​៨,៥% នៅ​ឆ្នាំ​២០២១​នេះ ធនាគារពិភពលោក​រំពឹង​ថា កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក នឹង​អាច​កើន​ដល់​៧,៧% នៅ​ឆ្នាំ​នេះ គឺ​កើន​លើស​ពី​អ្វី​ដែល​បាន​ព្យាករ​ទុក​៧,៤% កាលពី​ខែមីនា​។

ថ្នាក់ដឹកនាំ​ធនាគារពិភពលោក​បាន​គូសបញ្ជាក់​ថា ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​តាម​ប្រទេស​នានា នៅ​តែ​ជា​ហានិភ័យ​សម្រាប់​ទស្សនវិស័យ​សេដ្ឋកិច្ច ដោយសារ​តែ​មាន​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ​ទំនងជា​មិន​អាច​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ចំនួន​ដូ​ស​សម្រាប់​ប្រជាជន​របស់​ពួក​គេ​បាន​ទេរ​ហូត​ដល់​ឆ្នាំ​២០២៤​។ប្រធាន​ធនាគារពិភពលោក​លោក Malpass បាន​លើក​ឡើង​ទៀត​ថា អាទិភាព​ជា​បន្ទាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺ​ការ​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​ត្រូវ​ទៅ​នឹង​កម្មវិធី​ដាក់​ពង្រាយ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​របស់​ពួក​គេ​។ ទោះ​យ៉ាងណា ថ្នាក់ដឹកនាំ​ធនាគារពិភពលោក​រូប​នេះ នៅ​តែ​មាន​ក្ដី​បារម្ភ​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ថា អាច​នឹង​ដើរ​ថយក្រោយ​ទាក់ទង​នឹង​ល្បឿន​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​នេះ ធៀប​នឹង​ប្រទេស​អភិវឌ្ឍន៍​ហាក់​កំពុង​ដើរទៅ​មុន ជាមួយ​កំណើន​មួយ​រឹង​មាំ​ជាង ស្រប​ពេល​ដែល​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​ជឿនលឿន​ទាំងនោះ បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​សបាន​រួចរាល់​។

ដោយ​មើលឃើញ​បញ្ហា​ទាំង​អស់នេះ​ហើយ ទើប​ធនាគារពិភពលោក បាន​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ពង្រីក​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង ដោយ​កាលពី​ដើមខែ​នេះ ធនាគារពិភពលោក​បាន​បង្កើន​ហិរញ្ញប្បទាន​សម្រាប់​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​ដល់​ទៅ​២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ទន្ទឹម​គ្នា​នេះ ថ្នាក់ដឹកនាំ​ធនាគារពិភពលោក លោក Malpass ក៏​បាន​ទទូច​ស្នើ​ទៅ​កាន់​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ឲ្យ​ផ្ដល់​វ៉ាក់សាំង​បន្ថែម​ទៀត​ទៅ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​កំពុង​មាន​តម្រូវការ​កាន់តែ​កាន់តែ​ខ្លាំង​ឡើង​។ធនាគារពិភពលោក ក៏​បាន​លើក​ឡើង​ពី វិបត្តិ​នៅ​ប្រទេស​ភូមា ដែល​ជា​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​យ៉ាប់យ៉ឺន​ជាងគេ​បំផុត​ក្នុង​តំបន់ ក្រោយ​ពេល​មានការ​ធ្វើ​រដ្ឋប្រហារ ហើយ​កំពុង​បន្ដ​មាន​វិបត្តិ​នយោបាយ​រ៉ាំ​រៃ​រក​ច្រកចេញ​មិន​ទាន់​បាន​នៅឡើយ​។ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ បាន​មើលឃើញ​ថា វិបត្តិ​កូ​វី​ដ​-១៩​នៅ​ភូមា គឺ​កាន់តែ​អាក្រក់​ទៅ​ៗ​ហើយ ដែល​វា​បាន​ចាប់ផ្ដើម​ឡើង​តាំង​តែ​ពី​មានការ​ធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​នៅ​ថ្ងៃ​ទី ១​ខែកុម្ភៈ​មក​។ វិបត្តិ​នេះ អាច​នឹង​រុញ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​អាស៊ាន​មួយ​នេះ ដាំ​ក្បាល​ចុះ​កប់​កាន់តែ​ជ្រៅ​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​កាលពី​ខែមីនា​ធនាគារពិភពលោក​ព្យាករ​ថា សេដ្ឋកិច្ច​ភូមា​នឹង​មាន​ធ្លាក់​ចុះ​ដល់ -១0% នៅ​ឆ្នាំ​២០២១៕

None



អត្ថបទបន្ទាប់


អ្នកជំនាញដឹកជញ្ជូន និងឡូជីស្ទិក៖ ក្រុមហ៊ុនដឹកជញ្ចូន៩០% អាចប្រឈមនឹងការក្ស័យធន បើកូវីដ-១៩ បន្តអូសបន្លាយយូរទៀត

ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាន និងកំពុងបង្កហានិភ័យដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជ…

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ហាមឃាត់ការនាំចូលរាល់មុខទំនិញទាំងអស់ពីតំបន់ស៊ិនជាំងប្រទេសចិន

ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ហាមឃាត់ការនាំចូលមុខទំនិញទាំងអស់ដែលផលិតចេញពីតំបន់ស្វយ័តស៊ិនជាំងអ៊ុយហ្គួរប្រទេសចិន ដែលវាជាកិច្ចខិតខំប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ