ចិន-រុស្ស៊ី

តើចិនបានផ្ដល់ជំនួយយោធា និងសេដ្ឋកិច្ចដល់រុស្ស៊ីអំឡុងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនដែរឬទេ?


ចាប់តាំងពីរុស្ស៊ីបើកឆាកសង្គ្រាមឈ្លានពានចូលអ៊ុយក្រែន អស់រយៈពេលជាង២ខែមកនេះ ប្រទេសចិន ហាក់នៅក្រោមសម្ពាធពីលោកខាងលិច ក្រោយពេលដែលមហាយក្សសេដ្ឋកិច្ចលេខ២ក្នុងពិភពលោកមួយនេះ មិនព្រមថ្កោលទោសរុស្ស៊ី ជុំវិញសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
ចិនផ្ដល់ជំនួយយោធា និងសេដ្ឋកិច្ចដល់រុស្ស៊ីអំឡុងសង្គ្រាមនៅអ៊ុយក្រែន?
ដោយ

ក្នុង​នោះ ប្រទេស​លោក​ខាងលិច ពិសេស​អា​មេ​រិ​ក ដែល​ជាម​ហា​លេខ​១​ក្នុង​លោក​នោះ ជា​រឿយ​ៗ​តែងតែ​ព្រមាន​ចិន​ម្ដង​ហើយ​ម្ដងទៀត ថា​កុំ​ឲ្យ​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​រុ​ស្ស៊ី ក្នុង​រឿង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នេះ​ឲ្យ​សោះ បើ​ពុំនោះ​ទេ ចិន​ក៏​ត្រូវ​រង​ទណ្ឌកម្ម​ពី​លោក​ខាងលិច​ដែរ​។

ក្រោយ​ពី​អា​មេ​រិ​ក​បារម្ភ​ផង ព្រមាន​ផង ទៅ​កាន់​ប្រទេស​ចិន គេ​សង្កេត​ឃើញ​ថា ចិន​ក៏​មានការ​ប្រុង​ប្រយ័ត្ន​ខ្លួន​កាន់តែ​ខ្ពស់​ជា​មុន​ដែរ សម្រាប់​ទំនាក់ទំនង​ជាមួយនឹង​ទីក្រុង​ម៉ូ​ស្គូ​។ យ៉ាងណាមិញ បើ​តាម​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក ត្រូវ​បាន​ស្រង់​សម្ដី​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃ​ទី ៣​ខែឧសភា​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជាង​២​ខែ​មកនេះ អា​មេ​រិ​ក​មិន​បាន​រក​ឃើញ​ថា ចិន​បាន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ជំនួយ​យោធា និង​សេដ្ឋកិច្ច​ដល់​រុ​ស្ស៊ី នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ ដែល​ប្រការ​នេះ គឺជា​រឿង​ល្អ​មួយ​ដែរ សម្រាប់​បន្ធូរ​ទំនាក់ទំនង​រវាង​ចិន និង​អា​មេ​រិ​ក ដែល​កំពុង​តែ​តានតឹង​ខ្លាំង​ទៅ​ហើយ​នោះ​។

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក បាន​បញ្ជាក់​នៅ​ក្នុង​សារព័ត៌មាន​រ៉​យ​ទ័​រថា នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ គេ​នៅ​តែ​បារម្ភ​អំពី​ជំហរ​គាំទ្រ​របស់​ចិន​សម្រាប់​រុ​ស្ស៊ី ក្នុង​ទិ​ដ្ឋា​ភាព​ជា​ទូទៅ ប៉ុន្ដែ​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​រូប​នេះ គូសបញ្ជាក់​ដែរ​ថា សម្រាប់​ការ​គាំទ្រ​របស់​ចិន​លើ​ផ្នែក​យោធា និង​សេដ្ឋកិច្ច សម្រាប់​ទីក្រុង​ម៉ូ​ស្គូ គឺ​មិន​បាន​កើត​មាន​ឡើង​នោះ​ទេ គិត​មក​ទល់​ពេល​នេះ​។ ហើយ​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ចាត់​ទុក​ថា នេះ​គឺជា​ការ​ធូរស្បើយ​មួយ នៅ​ក្នុង​ទំនាក់ទំនង​រវាង​ចិន និង​អា​មេ​រិ​ក នៅ​ចំ​ពេល​ដ៏​សំខាន់​។

យ៉ាងណាមិញ ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន កំពុង​រៀបចំ​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី នៅ​ចុងខែ​ឧសភា​នេះ ដោយ​នឹង​ផ្ដោត​លើ​ការ​ពិភាក្សា​អំពី​ដំណោះស្រាយ សម្រាប់​ទប់ទល់​ទៅ​នឹង​ការ​រះ​ឡើង​នៃ​មហាអំណាច​ចិន ហើយ​រដ្ឋបាល​លោក​ចូ​បៃ​ឌិន នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ក៏​នឹង​បង្ហាញ​ឡើង​នូវ​យុទ្ធសាស្ត្រ​សន្ដិសុខ​ជាតិ​លើក​ដំបូង​របស់​ខ្លួន ដើម្បី​ទប់ទល់​នឹង​ការ​លេចឡើង​នៃ​អំណាច​ដ៏​ខ្លាំ​ក្លា​របស់​មហា​យក្ស​ចិន​នេះ​ផង​ដែរ​។

ងាក​ទៅ​មើល​ជំហរ​ចិន​ចំពោះ​រុ​ស្ស៊ី​វិញ​! ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការ​ចោទប្រកាន់​ពី​លោក​ខាងលិច​ថា ចិន​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​រុ​ស្ស៊ី​សម្រាប់​ការ​ធ្វើសង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន គេ​សង្កេត​ឃើញ​ថា រដ្ឋអំណាច​ទីក្រុង​ប៉េ​កាំ​ង​បាន​គេចវេះ ពី​ការ​ចុះ​សន្យា​ថ្មី​ៗ រវាង​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​ចិន ជាមួយនឹង​រុ​ស្ស៊ី បើ​ទោះបីជា រុ​ស្ស៊ី​លក់​ប្រេង​បញ្ចុះតម្លៃ​ក៏​ដោយ​។

ជាក់ស្ដែង កាលពី​ខែមីនា ក្រុមហ៊ុន​រដ្ឋ​ចិន​ដ៏​ធំ​មួយ គឺ Sinopec Group បាន​ផ្អាក​កិច្ច​ពិភាក្សា​អំពី​ការ​វិនិយោគ​លើ​គម្រោង​គីមី​ឥន្ធនៈ​ដ៏​សំខាន់ និង​ការ​បណ្ដាក់ទុន​ទីផ្សារ​ឧស្ម័ន​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​។

សូម​បញ្ជាក់​ថា ប្រទេស​ចិន បាន​ព្យាយាម​រក្សា​គោល​ជំហរ​របស់​ខ្លួន​នៅ​កណ្ដាល ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នេះ ដោយ​ចិន​មិន​បាន​ចេញ​មុខ​ថ្កោលទោស​រុ​ស្ស៊ី ចំពោះ​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ ហើយ​ក៏​មិន​បាន​គាំទ្រ​ចំពោះ​សង្គ្រាម​នេះ​ដែរ​។ ភាគី​ចិន តែងតែ​ស្នើ​ឲ្យ ភាគី​ជម្លោះ​ទាំង​ពីរ ស្វែងរក​នូវ​កិច្ចចរចា​សន្ដិភាព​ជាមួយ​គ្នា​។ ទន្ទឹម​នឹង​នោះ ចិន ក៏​ធ្លាប់​បាន​ឆ្លៀត​ទិតៀន​លោក​ខាងលិច​ផង​ដែរ​ថា ការ​ផ្ដល់​ជំនួយ​យោធា និង​លុយកាក់​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​សង្គ្រាម​នេះ គឺ​ដូច​ជា​ការ​ចាក់​សាំង​បន្ថែម​ទៅ​លើ​ភ្លើង​ដែល​កំពុង​ឆាបឆេះ​ដូច្នោះ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកនឹងចំណាយថវិកាជាង ៣ ពាន់លានដុល្លារគាំទ្រលើការផលិតអាគុយរថយន្តអគ្គិសនី

ព័ត៌មាន
រដ្ឋបាលលោកចូបៃឌិន ប្រធានាធិបតីអាមេរិក នឹងធ្វើការបែងចែកថវិកាជាង៣ពាន់លានដុល្លារអាមេរិកនៅក្នុងមូលនិធិហេដ្ឋរចនាសម្ព័ន្ធ ដើម្បីជំរុញគាំត្រដ…

ឈ្នះខុនដូអ័រគីដេ និង រថយន្ត Toyota Raize រួមជាមួយរង្វាន់ផ្សេងៗទៀត៥០ រង្វាន់ក្នុងកម្មវិធី Mega Sales របស់អ័រគីដេ!

ព័ត៌មាន
មកដល់ហើយកម្មវិធីប្រូម៉ូសិនថ្មីប្លែក ពុំធ្លាប់មានពីមុនមកនោះគឺ Mega Sales ដែលអតិថិជនអាចមានឱកាសឈ្នះរង្វាន់ធំ ខុនដូអ័រគីដេចំនួន១រង្វាន់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ