វេទិកាសេដ្ឋកិច្ចពិភពលោក

ក្រុមមេដឹកនាំធុរកិច្ច និងរដ្ឋាភិបាលបានព្រមានថា ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកកាន់តែងងឹតទៅៗហើយ


ការគំរាមកំហែងជាច្រើនចំពោះសេដ្ឋកិច្ចពិភពលោកបានឈានទៅដល់កម្រិតមួយគួរឱ្យព្រួយបារម្មណ៍ ពីភាពសុខដុមរមនារបស់ពិភពលោក ដោយសារតែរងនូវការគំរាមកំហែងជាច្រើន ដែលបានបង្ហាញឲ្យឃើញពីហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចនៅទូទាំងពិភពលោក។ នេះបើតាមក្រុមមេដឹកនាំធុរកិច្ច និងរដ្ឋាភិបាល ដែលបានព្រមានឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីសកាលនៅសប្ដាហ៍នេះ។
ក្រុមមេដឹកនាំធុរកិច្ច និងរដ្ឋាភិបាល ព្រមានថា ការគំរាមកំហែងជាច្រើនចំពោះសេដ្ឋកិច្ចពិភពលោកបានឈានទៅដល់កម្រិតមួយគួរឱ្យព្រួយបារម្មណ៍ នៃវិបត្តិសេដ្ឋកិច្ចនៅទូទាំងពិភពលោក។

ក្រុមមេដឹកនាំនយោបាយ និងធុរកិច្ច ដែលកំពុងតែប្រមូលផ្តុំគ្នាសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូសប្រទេសស្វីសនោះ បានជួបប្រជុំគ្នា ពិភាក្សាដោយផ្ដោតសំខាន់លើការប្រឆាំងវិបត្តិអតិផរណាក្នុងកម្រិតខ្ពស់បំផុត ដែលកំពុងកើតមាននៅក្នុងខ្សែចង្វាក់ផលិតកម្មនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនរួមមាន សហរដ្ឋអាមេរិក អង់គ្លេស និងតំបន់អឺរ៉ុប។

ការឡើងថ្លៃទំនិញនេះ បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធ្វើឱ្យរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុពិភពលោកដោយជំរុញឱ្យធនាគារកណ្តាលមួយចំនួនរួមទាំងធនាគារកណ្តាលសហរដ្ឋអាមេរិកក៏ត្រូវដំឡើងអត្រាការប្រាក់ផងដែរ។

ទន្ទឹមនេះដែរ ផលប៉ះពាល់លើទីផ្សារប្រេង និងស្បៀងអាហារ ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅក្នុងខែកុម្ភៈ ដែលទីក្រុងម៉ូស្គូហៅថាជា "ប្រតិបត្តិការយោធាពិសេស" និងការបិទខ្ទប់ប្រឆាំងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិនដោយគ្មានទីបញ្ចប់ច្បាស់លាស់នោះ ក៏ជាធាតុផ្សំគ្នាដ៏មានឥទ្ធិពល ធ្វើឱ្យមានភាពអាប់អួរដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ។

លោក Robert Habeck អនុអធិការបតីអាល្លឺម៉ង់បាននិយាយថា ពិភពលោកមានវិបត្តិយ៉ាងតិចចំនួន ៤ ដែលទាក់ទងគ្នា គឺវិបត្តិអតិផរណាខ្ពស់ វិបត្តិថាមពល វិបត្តិកង្វះខាតស្បៀងអាហារ និងវិបត្តិអាកាសធាតុ ហើយពិភពលោកនឹងមិនអាចដោះស្រាយបញ្ហាទាំងអស់នេះបានទេ ប្រសិនបើពួកគេផ្តោតតែទៅលើវិបត្តិណាមួយ ដោយមើលរំលងវិបត្តិផ្សេងៗទៀតនោះ។

លោក Habeck បាននិយាយក្នុងអំឡុងកិច្ចពិភាក្សានៃវេទិកាសេដ្ឋកិច្ចពិភពលោកថា ប៉ុន្តែប្រសិនបើគ្មានបញ្ហាណាមួយត្រូវបានដោះស្រាយទេ នោះលោកពិតជាភ័យខ្លាចថា ពិភពលោកកំពុងធ្វើដំណើរការចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចសកល ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថិរភាពពិភពលោក។

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅថា IMF កាលពីខែមុនបានកាត់បន្ថយទស្សនវិស័យកំណើនជាសាកលរបស់ខ្លួនជាលើកទី២នៅក្នុងឆ្នាំនេះ ដោយលើកឡើងពីបញ្ហាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងការចាត់ទុកអតិផរណាថាជា "គ្រោះថ្នាក់ច្បាស់លាស់ និងកំពុងកើតឡើងបច្ចុប្បន្ន" សម្រាប់ប្រទេសជាច្រើនក្នុងពិភពលោក។

នាយិកាគ្រប់គ្រងមូលនិធិ IMF លោកស្រី គ្រីស្ដាលីណា ចចហ្គីវ៉ា (Kristalina Georgieva) បាននិយាយនៅទីក្រុង Davos កាលពីថ្ងៃទី ២៤ឧសភាថា បញ្ហាសង្រ្គាម លក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងការឡើងថ្លៃទំនិញជាពិសេសតម្លៃអាហារបានធ្វើឱ្យចក្ខុវិស័យ កំណើនសេដ្ឋកិច្ចសកល «ងងឹតសូន្យឈឹង» តែម្ដងនៅក្នុងខែនេះ ទោះបីជាលោកស្រីមិនទាន់រំពឹងថា នឹងមានវិបត្តិសេដ្ឋកិច្ចអាចកើតមានឡើងក៏ដោយ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


អ្នកជំនាញកសិកម្មសង្ឃឹមថា ទីផ្សារស្វាយស្រស់នឹងប្រសើរនៅឆ្នាំក្រោយ ប៉ុន្ដែទិន្នផលអាចថយចុះ

ទីផ្សារស្វាយស្រស់នៅឆ្នាំនេះ ហាក់មិនសូវល្អប្រសើរប៉ុន្មានទេ ខណៈកន្លងមកកសិករដាំស្វាយបានរអ៊ួរទាំអំពីតម្លៃស្វាយថោក និងមិនសូវមានអ្នកទិញនោះឡើយ។…

ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកសំខាន់អ្វីខ្លះ? ហើយវាខុសពី RCEP និង CP TPPអ្វីខ្លះ?

រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី២៣ឧសភាបានប្រកាសជាផ្លូវការ នូវការបង្កើតផែនការសេដ្ឋកិច្ចថ្មីរបស់ខ្លួនសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ