ក្រោយបានធ្លាក់ចុះជាបន្ទាប់បន្ទាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ពេលនេះសេដ្ឋកិច្ចអឺរ៉ុប បានបង្ហាញសញ្ញាវិជ្ជមានឡើងវិញហើយ ជាមួយការសម្រេចបានកំណើនសេដ្ឋកិច្ច០,៣ % នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបនេះ បានកើតឡើងក្រោយបន្ទុកអតិផរណាលើអ្នកប្រើប្រាស់មានសភាពធូរស្រាល ស្របពេលសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលជាបងធំនៅប្លុកនេះ លែងជួបបញ្ហាជាប់គាំង។ ទោះបីកំណើនសេដ្ឋកិច្ចនៅអឺរ៉ុបមានក្នុងកម្រិតទាបក៏ពិតមែន តែវាជាសញ្ញាជីពចរជីវិតល្អមួយសម្រាប់ប្លុកនេះ។
គួរបញ្ជាក់ថា ក្រោយរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល សេដ្ឋកិច្ចនៅអឺរ៉ុប បានស្ថិតនៅក្នុងស្ថានភាពនៃការប្រឹងទប់ទល់នឹងអតិផរណា ប៉ុន្តែនៅពេលនេះស្ថានភាពប្រសើរកំពុងតែវិលមកវិញ ក្រោយតម្លៃថាមពលបានធ្លាក់ចុះ រីឯអតិផរណាក៏បានធ្លាក់ចុះមកនៅត្រឹម២,៤% កាលពីខែមេសា កន្លងទៅ។
អត្រាអតិផរណានៅអឺរ៉ុប នៅពេលនេះ នៅមិនឆ្ងាយពីគោលដៅ២% ដែលបានកំណត់ដោយធនាគារកណ្តាលអ៊ឺរ៉ុបនោះទេ ដូច្នេះតាមរយៈលទ្ធផលនេះត្រូវបានគេរំពឹងថា តំបន់ចាយប្រាក់អឺរ៉ូនេះអាចនឹងកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួននៅអំឡុងខែមិថុនា ខាងមុខនេះ។
តួរលេខបានបង្ហាញថា សេដ្ឋកិច្ចអាល្លឺម៉ង់ ដែលពីមុនបានធ្លាក់ចុះនោះ បានកើនឡើងក្នុងរង្វង់០,២%នៅត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក ខាស្តេន ប្រ៊ីហ្សេស្គី (Carsten Brzeski )ប្រធានផ្នែកម៉ាក្រូសេដ្ឋកិច្ចពិភពលោកនៅធនាគារ ING បានបង្ហាញការស្វាគមន៍ចំណើនសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ ដ្បិតវាជាសញ្ញាល្អសម្រាប់តំបន់អឺរ៉ុប តែយ៉ាងណា លោក ប្រាប់ឱ្យភាគីទាំងអស់ចាំអ៊ុតមើលលទ្ធផលនៅត្រីមាសបន្ត។
ការលើកឡើងបែបនេះក្រោយលោកមើលឃើញថា អាល្លឺម៉ង់កំពុងញាំញីដោយបញ្ហាការិយាធិបតេយ្យហួសហេតុ កង្វះបុគ្គលិកជំនាញ ការវិនិយោគមិនគ្រប់គ្រាន់លើហេដ្ឋារចនាសម្ពន្ធដូចជាបណ្តាញផ្លូវដែក និងអ៊ីនធឺណិតល្បឿនលឿន ក៏ដូចជាការយឺតយ៉ាវនូវការដាក់ចេញបច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្ម និងរដ្ឋាភិបាល៕
ដោយៈ សរ សុជាតិ