កំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២២

ទស្សនៈអ្នកជំនាញសេដ្ឋកិច្ច ជុំវិញការព្យាករកំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២២


បន្ទាប់ពីរងនូវព្យុះភ្លៀងកូវីដ១៩អស់រយៈពេលប្រមាណ២ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានស្ថាប័នជាតិ និងអន្តរជាតិជាច្រើន បានព្យាករថានឹងចាប់ផ្ដើមវិលមករកកំណើនឡើងវិញជាបណ្ដើរៗក្នុងរង្វង់៥% បន្ទាប់ពីត្រូវបានប៉ាន់ប្រមាណថាបានកើនប្រមាណ ៣%នៅឆ្នាំ២០២១។
សំណង់អាគារខ្ពស់ៗកំពុងសាងសង់ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ខេមបូណូមីស)

ជាក់ស្ដែង ធនាគារជាតិនៃកម្ពុជាបានអះអាងថា ដោយមានការចូលរួមយ៉ាងសំខាន់ពីវិស័យស្នូល ដូចជា វិស័យកសិកម្ម,វិស័យកាត់ដេរ និងកម្មន្តសាល,វិស័យសំណង់ និងអចលនទ្រព្យ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២នេះ រំពឹងកើនឡើងក្នុងរង្វង់៥%។ ការព្យាករបែបនេះ ផ្អែកលើស្ថានភាពធូរស្បើយនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីសម្ទុះងើបឡើងល្អប្រសើរ ដោយសារតែសកម្មភាពធុរកិច្ចបានបើកដំណើរការឡើងវិញគ្រប់វិស័យ។ ក៏ប៉ុន្ដែ អ្នកជំនាញគូសបញ្ជាក់ដែរថា ការប្រែប្រួលនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏នៅតែមានការគំរាមកំហែងពីមេរោគកូវីដ១៩ រាតត្បាត ពិសេសមេរោគបំប្លែងថ្មីអូមីក្រុងតែម្ដង ដែលបច្ចុប្បន្នបាននិងកំពុងរីករាលដាលនៅពាសពេញពិភពលោក។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា មានសុទិដ្ឋិនិយម ចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា នាឆ្នាំ២០២២ ដោយសារបច្ចុប្បន្ន សកម្មភាពអាជីវកម្មនានា ស្ទើrគ្រប់វិស័យហាក់បានងើបឡើងវិញជាបណ្ដើរៗ ពិសេសទេសចរណ៍ផ្ទៃក្នុង តែម្ដង ដែលធ្វើឱ្យចន្តរសេដ្ឋកិច្ចផ្ទៃក្នុងចាប់ផ្ដើមវិលរកសភាពប្រក្រតីវិញ។ យ៉ាងណាក៏ដោយ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បានបន្ថែមថា ចរន្តសេដ្ឋកិច្ចកម្ពុជា អាចនឹងមានភាពប្រែប្រួល គឺអាស្រ័យលើស្ថានភាពជំងឺកូវីដ១៩ ពិសេសវត្តមានវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពុងជាក្ដីព្រួយបារម្ភរបស់ពិភពលោក។

ផ្អែកលើការប្រមូលចំណូលពន្ធដារ និងពន្ធគយ ក្នុងឆ្នាំ២០២១ និងរួមចំណែកនៃវិស័យកសិកម្ម និងវិស័យអាទិភាព មួយចំនួនទៀត បានធ្វើឱ្យអ្នកជំនាញផ្នែកសេដ្ឋកិ្ចច បណ្ឌិត ហុង វណ្ណៈ កាន់តែមានជំនឿយ៉ាងមុតមាំថា សេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពវិជ្ជមាន។ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន,កម្ពុជា-កូរ៉េខាងត្បូង ពិសេសក្នុងនាមកម្ពុជា ជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នឹងកាន់តែបង្កើនឱកាសវិនិយោគ នៅកម្ពុជា ហើយនេះ ក៏ជាផ្នែកមួយដែលជំរុញកំណើនសេដ្ឋកិច្ចដែរ។ នេះជាការយល់ឃើញបន្ថែមរបស់បណ្ឌិត ហុង វណ្ណៈ។ 

ទន្ទឹមនឹងក្ដីរំពឹងពីភាពវិជ្ជមានចំពោះកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា ក៏មានក្ដីកង្វល់ខ្លះដែរ ចំពោះល្បឿននៃងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដោយសារតែវត្តមានវីរុសបំប្លែងថ្មី«អូមីក្រុង» កំពុងគំរាមកំហែងជាថ្មីដល់ពិភពលោក រួមទាំងប្រទេសកម្ពុជា ផងដែរ។ បើតាមធនាគារជាតិនៃកម្ពុជា ការបន្តងើបឡើងនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់ការនាំចេញរបស់កម្ពុជា ដូចជា ផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនផលិតផលកាត់ដែរ ពិសេសការនាំចេញគ្រឿងបង្គុំអគ្គិសនីនិងកង់ ដែលនឹងលើកកម្ពស់ពិពិធកម្មការនាំចេញរបស់កម្ពុជា។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញដែរថា សេដ្ឋកិច្ចកម្ពុជា ក៏អាចនឹងប្រឈមនូវហានិភ័យមួយចំនួន ដូចជា៖ ទី១.ការបន្តការរាលដាលនៃជំងឺកូវីដ-១៩ និងមេរោគប្រភេទថ្មី ដែលនឹងអាចរឹតត្បិតសកម្មភាពសេដ្ឋកិច្ច ឬការបិទខ្ទប់ជាយថាហេតុ។ ទី២.ការកើនឡើងបំណុលរបស់សាជីវកម្ម និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលចំណូលធ្លាក់ចុះ អំឡុងពេលវិបត្តិ។ ទី៣.វិស័យសំណង់និងអចលនទ្រព្យអាចប្រឈមនឹងហានិភ័យនៃភាពមិនច្បាស់លាស់លើការហូរចូលវិនិយោគដោយសារតែបញ្ហាមួយចំនួន ដែលកើតឡើងក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន និងវិធានការរឹតត្បិតលំហូរមូលធនចេញរបស់រដ្ឋាភិបាលចិន។ និងទី៤.ការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់កំណើន ដោយសារការពឹងផ្អែករបស់សេដ្ឋកិច្ចកម្ពុជា លើវិស័យកសិកម្ម។

សូមបញ្ជាក់ថា បើបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងក្នុងរង្វង់៥% នៅឆ្នាំ២០២២នេះ ខណៈស្ថាប័នអន្តរជាតិផ្សេងទៀតដូចជា  Fitch Solutions និងធនាគារពិភពលោកបានព្យាករថាមានមានកំណើន ៤,៥%៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតជាង ១០០ នាំគ្នាចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍ផលិតផលក្នុងស្រុក

ក្រុមហ៊ុនផលិតក្នុងស្រុកជាង ១០០ក្រុមហ៊ុន កំពុងនាំគ្នាចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ពួកគេនៅក្នុងពិព័រណ៍ផលិតផលក្នុងស្រុកមួយ ដែលនឹងប្រារព្ធ…

ក្រសួងសាធារណការស្នើឱ្យ UNDP ជួយបង្កើតស្ថានីយសាកថ្មរថយន្ដអគ្គិសនី

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឱ្យអង្គការ UNDP ជួយបង្កើតស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីជួយលើកកម្ពស់ និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ