យ៉ាងណាក៏ដោយក្រុមអ្នកតាមដានសង្គមសេដ្ឋកិច្ច បានអះអាងថា កំណើនសេដ្ឋកិច្ចកម្រិតប៉ុណ្ណេះមិនទាន់ធ្វើឲ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាធូរធារនៅឡើយទេ ពិសេស ពលរដ្ឋរស់នៅជនបទដាច់ស្រយាល។ ដូច្នេះ កម្ពុជាចាំបាច់ណាស់ត្រូវតែបន្តត្រួសត្រាយផ្លូវដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
វិស័យអ្វីខ្លះរុញច្រានកំណើនសេដ្ឋកិច្ចជាតិ?
វិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ វិស័យឧស្សាហកម្ម និងកសិកម្ម ត្រូវបានរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពចម្បង ដែលបានត្រួសត្រាយជំរុញប្រទេសកម្ពុជាឈានទៅរកការអភិវឌ្ឍ និងជំរុញកំណើនប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ពោល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ វិស័យសំណង់ ទេសចរណ៍ វិស័យកាត់ដេរ ធនាគារ និងហិរញ្ញវត្ថុ វិស័យទាំងអស់នេះសុទ្ធសឹងតែជាវិស័យឆ្អឹងកងសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងជម្រុញឲ្យការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែប្រសើរក្នុងឆ្នាំ២០១៦។
ជុំវិញការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ចជាតិឆ្នាំ២០១៦ ក្រុមអ្នកតាមដានសង្គមសេដ្ឋកិច្ច បានអះអាងថា កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៦នេះ នៅតែរក្សាបានផលវិជ្ជមានល្អប្រសើរជាងឆ្នាំមុនៗ។
យ៉ាងណាក៏ដោយ អ្នកជំនាញថា សកម្មភាពអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចកម្ពុជា កម្រិតប៉ុណ្ណឹងនៅមិនទាន់ស័ក្ដិសមនៅឡើយនោះទេ ទាមទារឲ្យមានការពង្រីកនិងជំរុញបន្ថែម។
កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៦ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អះអាងថា បន្តកើនឡើងក្នុងរង្វង់ ៧ភាគរយ ឆ្នាំ២០១៧ នៅតែរក្សាបាន៧ភាគរយដដែល។ ដោយឡែក ធនាគារពិភពលោកបានបង្ហាញថា ក្នុងឆ្នាំ២០១៦ សេដ្ឋកិច្ចកម្ពុជាកើនឡើង៧ភាគរយ ២០១៧ និង ២០១៨ កើនឡើង ៦.៩ភាគរយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៧ភាគរយ និង ២០១៧ កើន ៧.១ភាគរយ។
សេដ្ឋកិច្ចលូតលាស់មែន តែក៏មិនភ្លេចខ្ចីបុលបរទេសដដែល!
ទោះបីជាកម្ពុជាទទួលបានការរីកលូតលាស់សេដ្ឋកិច្ចល្អយ៉ាងណាក៏ដោយ ក៏ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះនៅតែត្រូវការជំនួយនិងប្រាក់កម្ចីពីបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច យកមកអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យសេដ្ឋកិច្ចកាន់តែរឹងមាំយូរអង្វែង មានឈ្មោះបោះសំឡេងនៅក្នុងតំបន់ និងពិភពលោកផងដែរ។
គិតមកដល់ពាក់កណ្តាលឆ្នាំ២០១៦ កម្ពុជាបានជំពាក់បំណុលបរទេសសរុបកើនដល់ប្រមាណជាង ៨ពាន់ ១២៦លានដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៥ កម្ពុជាជាប់ជំពាក់បំណុលបរទេសប្រមាណ ៦ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមព្រឹត្តបត្រស្ថិតិបំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយលើកទី២ ខែតុលា ឆ្នាំ២០១៦។
ហេតុអ្វីបានជាប្រទេសកម្ពុជាយើងជំពាក់បំណុលគេច្រើនបែបនេះ? ចំពោះសំណួរនេះ ត្រូវបានលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអះអាងថា បំណុលទំាងអស់នេះភាគច្រើនរដ្ឋាភិបាលបានយកទៅអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពាន ផ្លូវដែក កំពង់ផែ អគ្គិសនី ប្រព័ន្ធធារាសាស្ត្រ ការផ្គត់ផ្គង់ទឹកស្អាត ចម្រាញ់ទឹកកខ្វក់ និងប្រើប្រាស់នៅក្នុងការអភិវឌ្ឍសង្គម។
លោកបានបន្ថែមថា បច្ចុប្បន្ន បំណុលរបស់ប្រទេសកម្ពុជាកម្រិតប៉ុណ្ណឹងគឺមិនទាន់ស្ថិតក្នុងហានិភ័យនៅឡើយទេ ដោយសារតែបំណុលទាំងនេះគឺស្ថិតនៅក្នុងរង្វង់ ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។
តាមរបាយការណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា ការប្រើប្រាស់ជំនួយបរទេសឲ្យចំគោលដៅ ជាពិសេស ការសាងសង់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាចាំបាច់បំផុត ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ឲ្យមកបង្កើតការងារ និងបង្កើតតម្លៃបន្ថែមសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិតប្រាកដ។ ប៉ុន្តែ បើសិនជាមិនចំគោលដៅទេ ប្រជាពលរដ្ឋកម្ពុជានឹងទទួលរងគ្រោះកាន់តែខ្លាំងជាងមុន។
ត្រូវធ្វើយ៉ាងណាខ្លះដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ?
ដើម្បីជំរុញការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរនោះ អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការកៀងគរប្រមូលចំណូលពន្ធ គឺជាប្រភពចំណូលជាតិដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសរបស់ខ្លួនឯងផ្ទាល់។ ហើយដើម្បីឈានទៅរកការកាត់បន្ថយការខ្ចីបុលពីបរទេស ឬក៏ឈប់ជំពាក់បំណុលគេនោះ រដ្ឋាភិបាលកម្ពុជាត្រូវតែបង្កើតយន្តការឲ្យបានរឹងមាំគ្រប់ជ្រុងជ្រោយទៅលើការរឹតបន្តឹងការបង់ពន្ធឲ្យមានតម្លាភាព។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធចូលក្នុងថវិកាជាតិចំនួនជាង ១ពាន់ ៤០៨ លានដុល្លារ កើនលើសពីឆ្នាំ២០១៥ ចំនួន ២២៥លានដុល្លារអាមេរិក ពោលគឺឡើងជិត ២០ភាគរយ។
សូមពិនិត្យឡើងវិញបន្តិច វិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យសេវាកម្ម មានកំណើនល្អគួរសមនៅក្នុងឆ្នាំ២០១៦។ វិស័យសំណង់និងអចលនទ្រព្យមានកំណើនថេរ ២០ភាគរយ។
សម្រាប់វិស័យទេសចរណ៍ក៏ទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់នៅក្នុងឆ្នាំ២០១៦។ ប៉ុន្តែ ការកើនឡើងនេះហាក់បីដូចជាយឺតបន្តិច បើធៀបនឹងឆ្នាំមុន។
ដោយឡែក ការនាំចេញនាំចូល ឆ្នាំ២០១៦ មានការកើនយឺតស្ទើរតែមើលមិនឃើញ ដែលបានជំរុញឲ្យទំហំទឹកប្រាក់នៃការនាំចេញនាំចូលនៅក្នុងឆ្នាំ២០១៦ ក៍បានកើនឡើងតិចតួចដែរ ពោលគឺកើនតែជាង ៤ភាគរយប៉ុណ្ណោះ។
រីឯវិស័យកសិកម្មវិញក្នុងឆ្នាំ២០១៦ បានបន្សល់នូវបញ្ហាស្មុគស្មាញជាច្រើននៅក្នុងវិស័យស្រូវអង្ករកម្ពុជា។ មានបញ្ហាចម្បងៗមួយចំនួន ដែលកើតឡើង ដូចជា គ្រោះធម្មជាតិរាំងស្ងួតបានអូសបន្លាយរយៈពេលវែង បណ្តាលមកពីបាតុភូត អែលនីញ៉ូ បានវាយប្រហារបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះមានប្រទេសកសិកម្មកម្ពុជា វៀតណាម និងថៃ។
យើងរង់ចំាមើលកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៧នេះបន្តទៀត
សរុបជារួម កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៦ នៅតែរក្សាបានកំណើនល្អដដែលបើធៀបនឹងឆ្នាំមុនៗ បើទោះបីជាវិស័យសំខាន់ៗមួយចំនួន ហាក់បីដូចជាមានការកើនឡើងយឺតយ៉ាងណាក្តី។ ដូច្នេះ យើងរង់ចាំមើលឆ្នាំ២០១៧ នេះបន្តទៀតមើល៍ ថាតើស្ថានភាពសេដ្ឋកិច្ចឆ្នាំនេះមានភាពល្អប្រសើរកើនឡើងជុំវិញ ៧ភាគរយ ដូចការអះអាងពីស្ថាប័នអន្តរជាតិនិងក្រុមអ្នកជំនាញសេដ្ឋកិច្ចមែន ឬយ៉ាងណា?
ម្យ៉ាងវិញទៀត យើងរង់ចំាមើលថា តើនៅក្នុងឆ្នាំនេះ នឹងមានវិបត្តិអ្វីខ្លះដែលអាចនឹងរាំងស្ទះដល់ដំណើរការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា? ប៉ុន្តែ យ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ចបានធ្វើការដាស់តឿនឲ្យរដ្ឋាភិបាលមានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់បន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយៗ ឲ្យកាន់តែល្អប្រសើរ៕