តើប្រទេសកម្ពុជា អាចប្រែក្លាយពីវិបត្តិអាកាសធាតុទៅជាឱកាសរកចំណូលសម្រាប់កសិករផលិតអំបិលដូចឥណ្ឌូនេស៊ី ដែរឬទេ? នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បាតុភូតអែលនីណូ ដ៏ក្តៅហួតហែងនេះ អាចរុញច្រានមនុស្សប្រមាណជិត ៥០លាននាក់បន្ថែមទៀតឱ្យធ្លាក់ចូលទៅក្នុងវិបត្តិភាពអត់ឃ្លានធ្ងន់ធ្ងរនៅត្រឹមចុងឆ្នាំ២០២៧។ បើតាមក្រុមអ្នកជំនាញវិទ្យាសាស្ត្របានលើកឡើងថា អែលនីណូ គឺជាបាតុភូតធម្មជាតិ ដែលធ្វើឱ្យសីតុណ្ហភាពទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកកើនឡើង និង បង្កការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក។ ជាធម្មតា វាបណ្តាលឱ្យកើតមានគ្រោះរាំងស្ងួត អាកាសធាតុក្ដៅខ្លាំង ភ្លៀងធ្លាក់មិនទៀងទាត់ ទឹកជំនន់ ភ្លើងឆេះព្រៃ និងការបាត់បង់ទិន្នផលកសិកម្ម។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា បច្ចុប្បន្នមានឱកាសដល់ទៅ៨១% ដែលបាតុភូតអែលនីណូ លើកនេះ នឹងក្លាយជាបាតុភូតដ៏ខ្លាំងក្លាបំផុតមួយចាប់តាំងពីឆ្នាំ១៩៥០ មក។
កម្មវិធីស្បៀងអាហារពិភពលោកបានប៉ាន់ប្រមាណថា ចំនួនមនុស្សប្រឈមអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរអាចនឹងកើនពី ២២៥លាននាក់ដល់ប្រមាណ២៧៤លាននាក់នៅក្នុងប្រទេសងាយរងគ្រោះចំនួន ៤៥ ។ តំបន់អាម៉េរិកកណ្ដាល និងអាហ្វ្រិកខាងត្បូង ត្រូវបានរំពឹងថា នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ខណៈអាហ្វ្រិកខាងកើត អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក៏អាចប្រឈមគ្រោះរាំងស្ងួត ដំណាំមិនអាចប្រមូលផលបាន និងកង្វះស្បៀងអាហារផងដែរ។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យរដ្ឋាភិបាលនៅប្រទេសនានាត្រៀមវិធានការទុកជាមុន មុនពេលវិបត្តិកាន់តែធ្ងន់ធ្ងរចូលមកដល់។
ទោះជាយ៉ាងណានៅប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាន បាតុភូតដ៏អាក្រក់នេះបែរជានាំមកនូវដំណឹងល្អសម្រាប់កសិករផលិតអំបិលទៅវិញ។ អាកាសធាតុក្តៅ និងហួតហែងយូរបានបង្កើតលក្ខខណ្ឌអំណោយផលឥតខ្ចោះសម្រាប់ការផលិតអំបិលសមុទ្រ។ នៅតំបន់ ស៊ីរ៉បុន (Cirebon) ខេត្តជ្វាខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ទិន្នផលអំបិលក្នុងខែកក្កដា បានកើនដល់ជិត ៦០០តោន បើធៀបនឹង ២៥តោន ទៅ៣០តោន ក្នុងខែដូចគ្នាកាលពីឆ្នាំមុន។ កសិករផលិតអំបិលឥណ្ឌូនេស៊ីអះអាងថា ពួកគេសង្ឃឹមរដូវប្រាំងបន្តអូសបន្លាយយូរជាងនេះទៀត ពីព្រោះវាអាចផ្តល់ឱកាសឱ្យពួកគេបង្កើនទិន្នផល និង ប្រាក់ចំណូលពីការផលិតអំបិល។
ទោះជាយ៉ាងណាបញ្ហាអាកាសធាតុនេះ ក៏កំពុងគំរាមកំហែងដល់សន្តិសុខស្បៀងអាហាររបស់ឥណ្ឌូនេស៊ី ផងដែរ។ អាជ្ញាធរបានណែនាំឱ្យកសិករដាំស្រូវ និង ដំណាំផ្សេងៗ កែសម្រួលកាលវិភាគដាំដុះ ខណៈគ្រោះរាំងស្ងួតត្រូវបានព្យាករថា នឹងបន្តរហូតដល់ដើមឆ្នាំ២០២៧។ លើសពីនេះ ប្រទេសនេះ ក៏បានរកឃើញចំណុចដែលអាចបង្កជាភ្លើងឆេះព្រៃជាង៥,០០០កន្លែង ដែលកំពុងបង្កការព្រួយបារម្ភខ្លាំងអំពីការខូចខាតព្រៃឈើ និង វិស័យកសិកម្មផងដែរ៕
អត្ថបទ តែម សុខុម