ផែនការដាក់កំហិតនេះនឹងធ្វើឱ្យវិនិយោគិននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីរបស់អាម៉េរិកគ្មានសិទ្ធិទទួលបានឥណទានពន្ធប្រសិនបើពួកគេប្រើកាន់តែច្រើននូវសម្ភារសំខាន់ៗមកពីប្រទេសចិន ឬប្រទេសផ្សេងទៀតដែលអាម៉េរិក ចាត់ទុកថាជា«អង្គភាពគួរឱ្យព្រួយបារម្ភ»។
លោក ហេ យ៉ាតុង (He Yadong) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ការកំណត់គោលដៅលើសហគ្រាសចិនតាមរយៈការដកផលិតផលរបស់ពួកគេចេញពីវិសាលភាពនៃការឧបត្ថម្ភធននេះ គឺជាគោលនយោបាយតម្រង់ទិសមិនមែនទីផ្សារដ៏សំខាន់។
អ្នកនាំពាក្យរូបនេះបាននិយាយថា សមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)ជាច្រើនរួមទាំងប្រទេសចិន បានសម្តែងការព្រួយបារម្ភពីគោលនយោបាយរើសអើងរបស់សហរដ្ឋអាម៉េរិក ដែលបានបំពានលើគោលការណ៍ជាមូលដ្ឋានរបស់អង្គការ WTO។
ទីតាំងដ៏លេចធ្លោរបស់ចិន នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថ្មអាគុយជាសាកលបានជំរុញឱ្យមន្ត្រីសហរដ្ឋអាម៉េរិក និងអឺរ៉ុបចាត់វិធានការទប់ស្កាត់ជាមុនដោយសារតែពួកគេភ័យខ្លាចថារថយន្ត EV ដែលមានតម្លៃថោករបស់ចិនអាចជន់ជោរនៅទីផ្សាររបស់ពួកគេ។
គណៈកម្មការអឺរ៉ុបបច្ចុប្បន្នកំពុងស៊ើបអង្កេត ថាតើក្រុមហ៊ុនរថយន្តរបស់ចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋដ៏អយុត្តិធម៌ដែរឬយ៉ាងណា។
ទីក្រុងវ៉ាស៊ីនតោន បានអនុម័តច្បាប់ចំនួនពីររួចហើយដោយមិនឱ្យវិនិយោគិនទទួលបានអត្ថប្រយោជន៍ពីការបែងចែកឥណទានពន្ធចំនួន ៦ពាន់លានដុល្លារសម្រាប់ថ្មអាគុយរថយន្ត និងសារធាតុរ៉ែសំខាន់ៗនិងប្រាក់ឧបត្ថម្ភធនចំនួន ៧ពាន់៥០០ដុល្លារសម្រាប់រថយន្តថាមពលថ្មីដែលផលិតហើយបើសិនពួកគេមានពាក់ព័ន្ធនឹង «អង្គភាពគួរឱ្យព្រួយបារម្ភ» នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ។
ក្រុមអ្នកវិភាគបានចោទជាសំណួរថាតើជំហររបស់ចិនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថ្មអាគុយសាកលនឹងអាចទប់ទល់នឹងការវាយប្រហារពាក្យសម្ដីរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ជុំវិញហានិភ័យដែលអាចកើតមានឡើងដែរឬយ៉ាងណា។
លោក ដាន ម៉ាក (Dan Marks) អ្នកស្រាវជ្រាវផ្នែកសន្តិសុខថាមពលនៅក្រុមអ្នកវិភាគ Royal United Services បាននិយាយថា មានការវាយប្រហារពាក្យសម្ដីជាច្រើនជុំវិញបញ្ហានេះ ហើយលោកមិនប្រាកដថា តើវិធានការដែលសហភាពអឺរ៉ុបនិង សហរដ្ឋអាម៉េរិកកំពុងពិចារណានេះត្រូវគ្នានឹងទំហំហានិភ័យនោះឬយ៉ាងណានោះទេ។
លោក ម៉ាក បានបន្ថែមថា អ្វីដែលលោកគួរនិយាយនៅពេលនេះគឺថាយុទ្ធសាស្ត្រនៅអឺរ៉ុប និងអាម៉េរិកគឺពិតជាយុទ្ធសាស្ត្រឧស្សាហកម្ម ពោលគឺពួកគេគ្រាន់តែចង់ឱ្យឧស្សាហកម្មដែលមានការប្រកួតប្រជែងអាចបន្តរស់រានទៅមុខទៀតតែប៉ុណ្ណោះ៕
អត្ថបទ៖ សុខ ជា