វារីអគ្គិសនី

បន្ទាប់​ពី​បើក​ដំណើរការ​វារី​អគ្គិសនីសេសានក្រោម-២ តម្លៃ​ភ្លើង​នឹង​កាន់​តែ​ចុះ​ថោក?


បញ្ហា​តម្លៃ​អគ្គិសនី គឺ​ជា​គំនាប​មួយ​ដែល​​បាន​រាំង​ស្ទះ​​ដល់​​វិសាលភាព​​នៃ​​ការ​​ផលិត​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ក៏ដូចជា​បាន​ញ៉ាំង​ឲ្យ​ផលិតផល​ក្នុង​​ស្រុក​​របស់​​កម្ពុជា​ហាក់​មាន​ការលំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​សម្រាប់​ការ​នាំ​ចេញ ខណៈ​ដែល​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​មាន​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​រហូត​ដល់​ជាង​៣០%។
ទ្វារ​ទឹក​នៃ​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម-២ ត្រូវបាន​ធ្វើ​ពិធី​បិទ​នា​ថ្ងៃ​ទី២៥ កញ្ញា ២០១៧ ហើយ​ទំនប់​នេះ​គ្រោង​នឹង​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ រូបភាព៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី
ដោយ

តែ​យ៉ាង​ណា រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​នេះ​នឹងត្រូវបានដោះស្រាយ​បាន​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ស្រប​ពេល​ដែល​កម្ពុជា បាន​និង​កំពុង​ពង្រីក​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​របស់​ខ្លួន​កាន់​តែ​​ច្រើន​​ឡើង តួយ៉ាង​ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី និងរោងចក្រផលិតថាមពលអគ្គិសនី​ជា​ច្រើន​ទៀត​បាន​និង​កំពុង​សាង​សង់​ឡើង​បន្ត​បន្ទាប់។ 

ទោះបី​ជា​សព្វថ្ងៃ មាន​ប្រជា​ពលរដ្ឋ​ជាង​៣​លាន​ខ្នង​ផ្ទះ បាន​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ក៏​ដោយ ប៉ុន្ដែ សម្រាប់​វិស័យ​ឧស្សាហកម្ម​វិញ បញ្ហា​តម្លៃ​អគ្គិសនី​នៅ​តែ​ជា​កត្តា​រំខាន​មួយ​សម្រាប់​ការ​ផលិត​ផល តួយ៉ាង ការ​ផលិត​និង​កែច្នៃ​ផលិតផល​កសិកម្ម និង​រោងចក្រ​ផ្សេងៗ​ទៀត។ 

ជាមួយ​​គ្នា​​នេះ បើ​​តាម​​របាយការណ៍​របស់​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ថា តម្លៃ​អគ្គិសនី​នៅ​តែ​ចោទ​ជា​បញ្ហា​សម្រាប់​ការ​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា ពោល​គឺ​ថ្លៃ​ថាមពល​អគ្គិសនី​មធ្យម​សម្រាប់​អ្នក​ប្រើប្រាស់​ផ្នែក​ឧស្សាហ​កម្ម​ធំៗ យ៉ាង​ហោច​ណាស់ នៅ​មានតម្លៃ​​ខ្ពស់​ជាង​ប្រទេស​ថៃ មីយ៉ាន់ម៉ា ឬ​វៀតណាម ប្រមាណ​៣៥%។ 

ស្រប​ពេល​ដែល​តម្រូវការ​នៃ​ថាមពល​អគ្គិសនី​កំពុង​មាន​កាន់តែ​ច្រើន​ឡើង ក៏​តម្រូវ​ឲ្យ​ការ​ផលិតផល​ថាមពល​អគ្គិសនី​សម្រាប់​ការ​ប្រើប្រាស់​មាន​កាន់តែ​ច្រើន​ឡើង​ផង​ដែរ។ តួយ៉ាង បច្ចុប្បន្ន​នេះ កម្ពុជា​បាន​និង​កំពុង​ទាញ​យក​ថាមពល​អគ្គិសនី​សម្រាប់​ប្រើ​ប្រាស់​តាមរយៈ​រោងចក្រ​អគ្គិសនី​ជីវម៉ាស់ រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ប្រេង​ខ្មៅ រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូង​ថ្ម ថាមពល​អគ្គិសនី​ដំណើរ​ដោយ​បន្ទះសូឡា និង​ស្ថានីយ​វារី​អគ្គិសនី​ជា​ច្រើន​កន្លែង​ផង​ដែរ។ 

អ្នក​ឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group ដែល​វិនិយោគ​លើ​ទំនប់​វារី​អគ្គិសនី​សេសានក្រោម-២ ជាមួយ​ដៃគូ​វិនិយោគ​ចិន និង​វៀតណាម។ (រូបភាព៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី)

យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងពីភាពល្អប្រសើរនៃវិសាលភាពថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់នៅកម្ពុជាថា ក្រោយពីវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ត្រូវបានដាក់ឲ្យដំណើរការ នោះកម្ពុជា នឹងមានបណ្ដាញផ្គត់ផ្គង់ដោយខ្លួនឯងប្រកបដោយស្ថិរភាព និង​ឯករាជ្យភាព ហើយ​ក៏រំពឹងថា នឹង​មិន​ចាំបាច់​ត្រូវ​ទិញ​​ថាមពល​​អគ្គិសនី​​ពី​​ប្រទេស​​ជិត​ខាង​មក​​ប្រើប្រាស់​​ត​ទៅ​ទៀត​នោះ​ដែរ។ 

ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ដែល​ទើបតែ​បាន​បិទ​ទ្វារ​ទឹក​និង​គ្រោង​បើក​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ គឺ​ជា​ទំនប់​វារី​អគ្គិសនី​មួយ ដែល​​មាន​សមត្ថភាព​ខ្លាំង​ជាង​គេ​ក្នុង​ការ​ផលិតផល​ថាមពល​អគ្គិសនី​រហូត​ដល់​១៩១២​លាន​គីឡូវ៉ាត់​ម៉ោង ជាមួយ​កម្លាំង​ថាមពល ​៤០០​មេហ្គាវ៉ាត់។

ទំនប់​វារី​អគ្គិសនី​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​នេះ ត្រូវ​បាន​សហវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ធំៗ​៣ គឺ ក្រុមហ៊ុន Hydrolancang International Energy មាន​ភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ៉ា គិត ម៉េង មាន​ភាគហ៊ុន ៣៩% និង​ក្រុមហ៊ុន EVN មក​ពី​ប្រទេស​វៀតណាម មាន​ភាគហ៊ុន ១០% ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​សរុប​ចំនួន ៧៨១.៥២ លាន​ដុល្លារ​អាមេរិក។

ក្រៅ​ពី​វារី​អគ្គិសនី កម្ពុជា​ក៏​វិនិយោគ​លើ​ការ​ផលិត​ថាមពល​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ផង​ដែរ នៅ​ក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម។

ក្រោយ​ពី​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ នឹង​ត្រូវ​ត​បណ្តាញ​ពី​ស្ទឹងត្រែង​ទៅ​ក្រចេះ ពី​ក្រចេះ​ទៅ​កំពង់ចាម និង​បន្ត​ពី​កំពង់ចាម​ទៅ​ភ្នំពេញ គឺ​ត្រូវ​ត​ភ្ជាប់​បណ្តាញ​មេ​ទាំង​អស់ ដែល​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ធ្លាក់​ចុះ​ថោក​ជា​បន្ត​បន្ទាប់។ ដោយ​ក្នុង​នោះ ចំពោះ​បង​ប្អូន​ក្រីក្រ​ដែល​ប្រើ​ភ្លើង​ក្រោម​១០​គីឡូវ៉ាត់​ម៉ោង​គឺ​បង់​តែ ៤៨០៛ ប្រសិន​បើ​ប្រើ​ចាប់​ពី ១១ គ.វ.ម៉ ដល់ ៥០ គ.វ.ម៉ គឺ​បង់តែ ៦១០៛ រដ្ឋ​នឹង​ជួយ​បង់​ជំនួស​នូវ​តម្លៃ​លើស​ពី​នេះ។ ចំពោះ​ខេត្ត​រតនគិរី គឺ​បង់តែ ៦៧០៛ ព្រោះ​ខេត្ត​នេះ​គឺ​មាន​វារី​អគ្គិសនី​ប្រើ​រួច​ហើយ នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា។ 

បើ​តាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​បាន​ឆ្លើយតប​ជាមួយ​ ខេមបូណូមីស តាម​រយៈ​សារអេឡិចត្រូនិក​បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះ កម្ពុជា​មាន​ទំនប់​វារី​អគ្គិសនី​ដែល​បាន​សាងសង់​ហើយ​ចំនួន​៧​កន្លែង។ 

ក្រៅពី​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ កម្ពុជា​ក៏​ទើបតែ​បើក​ដាក់​ឲ្យ​ដំណើការ​សាកល្បង​លើ​ការ​ទាញ​យក​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ ឬ​ហៅ​ថា​បន្ទះ​សូឡា​សម្រាប់​ប្រើ​ប្រាស់​ផង​ដែរ ដោយ​ការ​ផលិត​ថាមពល​នេះ ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាមួយនឹង​ការ​ផលិត​ថាមពល​អគ្គិសនី​បាន​ជាង១០​មេហ្គាវ៉ាត់។ គម្រោង​មួយ​នេះ ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​សិង្ហ​បុរី ជាមួយ​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជាង​១២​លាន​ដុល្លារ​អាមេរិក។ 

បើតាម​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា នៅ​៥​ឆ្នាំ​ខាង​មុខ​ទៀត​នេះ កម្ពុជា​នឹង​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ទូទាំង​ប្រទេស។ 

ក្រោយ​ពី​វត្តមាន​របស់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ធំៗ ដែល​ទើប​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នេះ គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ក្នុង​ស្រុក​សម្រាប់​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា អាច​នឹង​ចុះ​ថោក​ជាង​មុន ដែល​វា​នឹង​ជួយ​ដោះស្រាយ​ដល់​បញ្ហា​របស់​សហគ្រិន ក៏​ដូចជា​ម្ចាស់​រោងចក្រ សហគ្រាស ក្នុង​ការ​ផលិត និង​ជំរុញ​ឲ្យ​ផលិតផល​ក្នុង​ស្រុក​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ៕

None



អត្ថបទបន្ទាប់


បក្ស​ប្រឆាំង​ថា មាន​តែ​ខ្មែរ​និង​ខ្មែរ​ទេ​ដែល​អាច​បញ្ចប់​ភាព​តានតឹង​នយោបាយ​បាន!

គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​កម្ពុជា​បាន​និយាយ​ថា ខ្លួន​រំពឹង​ថា នឹង​មាន​ដំណោះ​ស្រាយ​មួយ​ដើម្បី​បញ្ចប់​ភាព​តានតឹង​នយោបាយ​មុន​នឹង​ឈ…

អង្គការ OXFAM៖ ពលរដ្ឋ​កម្ពុជា​ក្រីក្រ​បំផុត​អាច​សន្សំ​ប្រាក់​បាន​៦៦​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

នាយិកា​ប្រចាំ​ប្រទេស​របស់​អង្គការ OXFAM នៅកម្ពុជា បាន​លើក​ឡើង​ថា គិត​ត្រឹម​៧​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​របស់​កម្ពុជា​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ