
លោក អេឡិន ម៉ាស់ កំពូលមហាសេដ្ឋីវ័យ៥២ឆ្នាំ បានខាតបង់ប្រាក់អស់ប្រមាណ១២០ពាន់លានដុល្លារ ត្រឹមរយៈពេល២ខែចុងក្រោយ តែទោះជាយ៉ាងណាក៏ដោយ កំពូលមហាសេដ្ឋីរូបនេះនៅតែឈរកំពូលតារាងជាអ្នកទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។ បន្ទាប់ពីលោក ម៉ាស់ បានក្លាយជាទីប្រឹក្សាជាន់ខ្ពស់ក្នុងរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានធ្វើព្យុះធ្វើភ្លៀងជាបន្តបន្ទាប់ដូចជាបង្កកមូលនិធិរបស់អង្គការ USAID កាត់បន្ថយបុគ្គលិករដ្ឋាភិបាលសហព័ន្ធ និងការដាក់ពន្ធលើប្រទេសសម្ព័ន្ធមិត្តជាដើម បានធ្វើឱ្យប្រជាប្រិយភាពផលិតផល និងក្រុមហ៊ុនរបស់លោកធ្លាក់ចុះជាបន្តបន្ទាប់។
នៅពេលនេះប្រជាជនជាច្រើននៅលើពិភពលោកបានធ្វើពហិការមិនប្រើប្រាស់រថយន្ត Tesla និងបណ្តាញសង្គម x ដែលពីមុនគេស្គាល់ថា Twitter។ មកទល់ពេលនេះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានដាំក្បាលចុះប្រមាណ៣៥% ដែលមានតម្លៃប្រមាណ៤០០លានដុល្លារ។
បច្ចុប្បន្នលោក ម៉ាស់ ត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិនៅសល់ប្រមាណ៣៣០ពាន់លានដុល្លារ ខណៈលោក ម៉ាក ហ្សាក់ឃ័របឺក (Mark Zuckerberg) ស្ថាបនិកក្រុមហ៊ុម Meta ដែលជាកក្រុមហ៊ុនមេរបស់ Facebook មានទ្រព្យសម្បត្តិប្រមាណ២២១ពាន់លានដុល្លារ, លោក ជេហ្វ បេហ៊្សូស (Jeff Bezos) ស្ថាបនិកក្រុមហ៊ុនAmazon មានទ្រព្យសម្បត្តិប្រមាណ២២០ពាន់លានដុល្លារ, លោក ប៊ឺណាត អាណុល ( Bernard Arnault) ស្ថាបនិកក្រុមហ៊ុន LVHM មានទ្រព្យសម្បត្តិប្រមាណ១៨៤ពាន់លានដុល្លារ និងលោក ឡារី អេលីសុន (Larry Ellison) ស្ថាបនិកក្រុមហ៊ុន Oracle Corporation មានទ្រព្យសម្បត្តិប្រមាណ១៧៦ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិរបស់លោក ម៉ាស់ បានធ្លាក់ចុះខ្លាំង ក្រោយលោកចំណាយ២៥០លានដុល្លារ គាំទ្រដល់មូលនិធិឃោសារបស់លោក ត្រាំ ជាពិសេសនៅពេលលោកសុខចិត្តទទួលយកការតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពរដ្ឋាភិបាល៕
ដោយៈ សរ សុជាតិ