លោក Musk បាននិយាយថា «មានការលើកទឹកចិត្តខ្លាំងណាស់សម្រាប់ពួកយើង ដើម្បីរក្សានូវការសម្ងាត់ព័ត៌មានណាមួយនោះ។ ប្រសិនបើ Tesla ប្រើរថយន្ដដើម្បីធ្វើចារកម្មនៅក្នុងប្រទេសចិន ឬនៅកន្លែងណាផ្សេងទៀតនោះ យើងនឹងត្រូវបិទទ្វារមិនខានឡើយ»។
ប្រភពព័ត៌មានពី Reuters បាននិយាយកាលពីថ្ងៃសុក្រថា យោធាចិន ត្រូវបានហាមឃាត់ប្រើរថយន្ដរបស់ Tesla ចូលក្នុងមូលដ្ឋានកងទ័ព ដោយបារម្ភអំពីប្រព័ន្ធកាមេរ៉ាដែលបានដំឡើងនៅលើរថយន្ដនោះ អាចលួចព័ត៌មានសំខាន់ៗពីប្រទេសចិន។
ការរឹតត្បិតទាំងនេះ បានលេចចេញនៅពេលដែលអ្នកការទូតកំពូលៗ របស់ចិន និងអាមេរិកបានបើកការប្រជុំគ្នាដ៏ចម្រូងចម្រាស់នៅរដ្ឋអាឡាស្កា ដែលជាជំនួបដំបូងរវាងមនុស្សជំនិតៗរបស់រដ្ឋបាលលោកចូ បៃឌិន ប្រធានាធិបតីអាមេរិក និងមន្ត្រីជាន់ខ្ពស់របស់ចិន។
មហាសេដ្ឋីអាមេរិក លោក Musk ក៏បានអំពាវនាវឲ្យប្រទេសទាំងពីរមានការជឿទុកចិត្តគ្នាកាន់តែខ្លាំងថែមទៀត។
ប្រទេសចិន គឺជាទីផ្សាររថយន្ដធំបំផុត ហើយក៏ជាសមរភូមិដ៏សំខាន់មួយសម្រាប់ការប្រកួតប្រជែងរថយន្ដអគ្គិសនីផងដែរ។ ក្រុមហ៊ុន Tesla បានលក់រថយន្ដរបស់ខ្លួននៅក្នុងប្រទេសចិនកាលពីឆ្នាំ២០២០ មានជិត១៥ម៉ឺនគ្រឿង ដែលមាន ៣០% នៃការលក់សរុបនៅទូទាំងសកលលោករបស់ក្រុមហ៊ុននេះ៕