អាមេរិក-ចិន-អារ៉ាប៊ីសាអូឌីត

តើមហាអំណាចអាមេរិក និងចិន កំពុងប្រទាញប្រទង់គ្នាអ្វីខ្លះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត?


អារ៉ាប៊ីសាអូឌីត និងចិនបានបង្ហាញទំនាក់ទំនងកាន់តែស៊ីជម្រៅ ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសំខាន់ៗច្រើនកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្នុងនោះទីក្រុងរីយ៉ាដក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សHuawei របស់ចិនផងដែរ។
អារ៉ាប៊ីសាអូឌីតសន្យាធ្វើឱ្យទំនាក់ទំនងជាមួយចិនកាន់តែស៊ីជម្រៅ!

កិច្ចព្រមព្រៀងទាំងនេះ បានបង្កើនការព្រួយបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងពីសំណាក់អាមេរិកក្នុងតំបន់យុទ្ធសាស្រ្តមជ្ឈិមបូព៌ា ចំពេលដែលអាមេរិក​ និងអារ៉ាប៊ីសាអូឌីត កន្លងមកនេះ ក៏មាន​រឿងរ៉ាវល្អក់កករនឹងគ្នាមិនតិចនោះដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

ស្តេចសាល់ម៉ាននៃប្រទេសអារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ» ជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអធិកអធមពីសំណាក់ប្រទេសអារ៉ាប់មួយនេះ​ ពោលគឺអធិកអធម​​លើសដំណើរទស្សនកិច្ច​របស់​ប្រទេស​លោកខាងលិចទៅទៀត។ ក្នុងនោះ មេដឹកនាំ​ចិន​ក៏បាន​ជួប​ពិភាក្សា​ជាមួយ​ព្រះអង្គម្ចាស់ Mohammad bin Salman ដែលរាជទាយាទនៃស្តេចសាល់ម៉ាន និងជា​អ្នកគ្រប់គ្រង​​ក្រុមហ៊ុន​ប្រេង​យក្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរនោះ ដោយលោក ស៊ី បានប្រកាសថា វាជា «យុគ្គសម័យថ្មី» នៅក្នុងទំនាក់ទំនងចិន-អារ៉ាប់។

យ៉ាងណាមិញ គេមើលឃើញថា ដំណើរទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង​ទៅអារ៉ាប៊ីសាអូឌីតនេះ គឺហាក់ផ្ទុយស្រឡះទៅនឹងការស្វាគមន៍ក្នុងកម្រិតមួយ​ដ៏ទាប​ចំពោះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែកក្កដាកន្លងទៅ ក្រោយពីទំនាក់ទំនងនៃប្រទេសសម្ព័ន្ធមិត្តទាំងពីរបានស្គាល់នូវភាពតានតឹង ដោយសារតែគោលនយោបាយប្រេងរបស់អារ៉ាប៊ីសាអូឌីត​ចំពោះប្រទេសរុស្ស៊ី និងបញ្ហាសិទ្ធិមនុស្សផងនោះ។

ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកកំពុងតាមដានដោយឃ្លាំមើលការរីកចម្រើនរបស់ប្រទេសចិន​ក្នុងតំបន់ និងទំនាក់ទំនងជាមួយទីក្រុង Riyadh ដោយខ្លួនបាននិយាយកាលពីថ្ងៃពុធថា ដំណើររបស់លោក ស៊ី ជីនពីងនេះ គឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់ចិន ដើម្បីពង្រីកឥទ្ធិពលជុំវិញ​ពិភពលោក តែទីក្រុងវ៉ាស៊ីនតោននឹងមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចំពោះតំបន់មជ្ឈិមបូព៌ានោះទេ។

ក្នុងការចុះកិច្ចព្រមព្រៀងនោះ ក៏មានដែរអនុស្សរណៈជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ចិនស្តីពីបច្ចេកវិទ្យាកុំព្យូទ័រ និងការសាងសង់អគារបច្ចេកវិទ្យាខ្ពស់នៅក្នុងទីក្រុងនានា ​នៃប្រទេសអារ៉ាប៊ីសាអូឌីត បើទោះបីជាសហរដ្ឋអាមេរិកមិនសុខចិត្ត ដោយសម្តែងការព្រួយបារម្ភជាមួយសម្ព័ន្ធមិត្តនៅឈូងសមុទ្រ ជុំវិញហានិភ័យសុវត្ថិភាពដែលអាចកើតមាន​ក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនចិនដើរដោយបណ្តាញ 5G ក៏ដោយ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អារ៉ាប៊ីសាអូឌីត លោក ស៊ី បាននិយាយថា ប្រទេសកំពុងធ្វើដំណើរទៅបង្កើត «សករាជថ្មីក្នុងទំនាក់ទំនង​របស់ចិនជាមួយពិភពអារ៉ាប់ រួមទាំងបណ្តាប្រទេសអារ៉ាប់ផ្សេងទៀតនៅឈូង​សមុទ្រពែក្ស និងអារ៉ាប៊ីសាអូឌីត»។ លោកបានបន្ថែមថា ប្រទេសចិន និងបណ្តាប្រទេស​អារ៉ាប់នឹង «បន្តគាំទ្រ​ការមិនជ្រៀតជ្រែក​ក្នុងកិច្ចការផ្ទៃក្នុងរវាងគ្នា»។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បាននិយាយថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអីឌីតក៏បាននិយាយដែរថា ប្រទេសរបស់លោកប្រឆាំងដាច់ខាតនឹង «ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនក្នុងលេស​សិទ្ធិមនុស្ស»។

​មែនទែនទៅ អារ៉ាប៊ីសាអូឌីត និងរដ្ឋឈូងសមុទ្រផ្សេងទៀតដូចជា អេមីរ៉ាតអារ៉ាប់រួម បានសង្កត់ធ្ងន់ថា ពួកគេនឹងមិនជ្រើសរើសភាគីមហាអំណាច​ពិភពលោកណាមួយប្រឆាំងនឹងមួយទៀតនោះទេ និងកំពុងធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខជាតិរៀងៗខ្លួន។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA បានរាយការណ៍ថា ក្រុមហ៊ុនចិន និងអារ៉ាប៊ីសាអូឌីតក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣៤ សម្រាប់ការវិនិយោគលើថាមពលបៃតង បច្ចេកវិទ្យាព័ត៌មាន សេវាកម្មអ៊ីធើណេត ការដឹកជញ្ជូន សំណង់ និងវិស័យផ្សេងៗទៀត។ ហើយប្រទេសទាំងពីរនឹងយល់ព្រមលើកិច្ចព្រមព្រៀងដំបូងដែលមានតម្លៃ ៣០ ពាន់លានដុល្លារ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ឥណ្ឌាកាន់តែប្លែក! ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន ATM សម្រាប់ទិញមាសលើកដំបូងគេបង្អស់

ព័ត៌មាន
ប្រទេសឥណ្ឌា ដែលមានការប្រើប្រាស់មាសដ៏ច្រើនសម្បើមបំផុតនោះ ថ្មីៗនេះបានដាក់ឱ្យប្រើប្រាស់នូវម៉ាស៊ីន ATM ដែលផ្ទុកមាសជាលើកដំបូងបង្អស់ នៅក្នុងទីក្…

ឯកឧត្តមវង្សី វិស្សុត៖ កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ជាការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច

ព័ត៌មាន
សហគ្រិនភាព ជាសកម្មភាពអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង ការបង្កើនភាពធន់ និងចូលរួមចំណែកដល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ