នៅក្នុងរបាយការណ៍ថ្មីអំពីទស្សនវិស័យសេដ្ឋកិច្ចអាស៊ី ដែលបានចេញផ្សាយនៅថ្ងៃពុធទី២១កញ្ញា ស្ថាប័ននេះបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនឆ្នាំ២០២២ មកត្រឹម ៣,៣% ខណៈការព្យាករកាលពីខែមេសាធ្លាប់មានដល់៥%។ ADB ក៏បានកាត់បន្ថយការព្យាករណ៍សេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ ពី ៤,៨% មកត្រឹម ៤,៥% ផងដែរ។
ស្ថិតក្រោមការគ្រប់គ្រង ដោយយុទ្ធសាស្ត្រគ្មានកូវីដ១៩ ប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់អាស៊ីមួយនេះ ជាញឹកញយបានសម្រេចយកការបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃកូវីដ១៩ នៅគ្រាដែលប្រទេសផ្សេងទៀតបានបោះបង់ចោលស្ទើរអស់ទៅហើយចំពោះវិធានការទាំងនេះ។ ប្រទេសនានា បានបន្ធូរបន្ថយការរឹតបន្តឹងដើម្បីអនុញ្ញាតឱ្យសេដ្ឋកិច្ចរបស់ពួកគេងើបឡើងវិញចេញពីវិបត្តិ។
ក្នុងរបាយការណ៍ដដែល ADB បន្តថា ការបិទខ្ទប់របស់ចិនមិនត្រឹមតែប៉ះពាល់ដល់ចិនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលដល់ខ្សែចង្វាក់ផលិតកម្ម ផ្គត់ផ្គង់ និងដឹកជញ្ជូនផងដែរ។ ទាំងនេះបានបន្ថែមបន្ទុក ទៅលើបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដល់ប្រទេសផ្សេងទៀតក្នុងតំបន់ ដែលប្រឈមមុខរួចទៅហើយនូវហានិភ័យបង្កឡើងពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ បញ្ហានេះ បានជំរុញឱ្យមានអតិផរណា ស្បៀងអាហារនិងថាមពលឡើងថ្លៃជាសាកល ហើយបានធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដំឡើងអត្រាការប្រាក់គោលជាបន្តបន្ទាប់។
ស្របពេលដែលចិនកំពុងមានកំណើនយឺត ហើយត្រូវស្ថាប័ននានាកាត់បន្ថយការព្យាករថែមទៀតនោះ ប្រទេសកំពុងអភិវឌ្ឍទាំងអស់នៅអាស៊ីឯណោះវិញ បើធ្វើការរួមបញ្ចូលគ្នាទៅ ត្រូវបាន ADB ព្យាករថា នឹងមានកំណើន ៤,៣% ក្នុងឆ្នាំ២០២២។
ទោះយ៉ាងណា អត្រានេះក៏ត្រូវបាន ADB កាត់បន្ថយផងដែរពី ៥,២%ដែលធ្លាប់ប៉ាន់ស្មានកាលពីខែមេសា។ ប៉ុន្តែបើសិនជាគេដកកំណើនរបស់ប្រទេសចិនចេញ មិនបូកបញ្ចូលសម្រាប់កំណើនក្នុងតំបន់ នោះតំបន់អាស៊ីនឹងមានកំណើនសេដ្ឋកិច្ចដល់ ៥,៣% ឯណោះ។ នេះសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់តំបន់បានកើនឡើងលើសពីកំណើនសេដ្ឋកិច្ចររបស់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ គិតក្នុងពេល៣ទសវត្សចុងក្រោយនេះ។
ទោះយ៉ាងណា សម្រាប់ឆ្នាំក្រោយឆ្នាំ២០២៣ ADB រំពឹងថាកំណើនសេដ្ឋកិច្ចតំបន់អាស៊ី នឹងមានត្រឹម ៤,៩%ប៉ុណ្ណោះ ធ្លាក់ចុះពីការប៉ាន់ស្មាន ៥,៣%កាលពីលើកមុន។
គួរជម្រាបថា ក្រៅតែពីប្រទេសចិន ប្រទេសនៅអាស៊ីខាងត្បូងក៏បានសម្គាល់ឃើញពីការធ្លាក់ចុះសេដ្ឋកិច្ចមួយចំនួនដែរ។ ក្នុងនោះ ឥណ្ឌា ដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីខាងត្បូង ត្រូវបាន ADB បន្ថយការព្យាករពី ៧,៥% មកនៅត្រឹម៧% ក្នុងឆ្នាំនេះ។ ប្រទេសធ្លាក់ក្នុងវិបត្តិ គឺស្រីលង្កា ត្រូវ ADB ព្យាករថានឹងមានសេដ្ឋកិច្ចធ្លាក់ចុះ -៨,៨% ខណៈប៉ាគីស្ថានត្រូវបានព្យាករធ្លាក់ចុះពីកំណើន ៦%ក្នុងត្រីមាសទី២ មកនៅត្រឹម ៣,៣%។
សូមបញ្ជាក់ថា មានតែតំបន់អាស៊ីអាគ្នេយ៍របស់យើងប៉ុណ្ណោះ ដែល ADB បានបង្កើនព្យាករថា ឆ្នាំ២០២២ សេដ្ឋកិច្ចតំបន់ទាំងមូលនឹងមានកំណើន៥,១% ខណៈការព្យាករលើកមុនមានត្រឹម ៤,៩%។ ADB កត់សម្គាល់ទៀតថា ការព្យាករប្រសើរជាងមុននៅឆ្នាំនេះ ក្នុងតំបន់អាស៊ានកើតឡើងចំពេលដែល តម្រូវការក្នុងស្រុកមានកាន់តែខ្លាំងនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលជាសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់៕