បញ្ហាចាក់ស្រេះជាច្រើនដែល ពាក់ព័ន្ធនឹងសេដ្ឋកិច្ចសុទ្ធតែត្រូវបានយកមកពិភាក្សាក្នុងកិច្ចប្រជុំ G20 ប៉ុន្តែបញ្ហាមួយទៀតគេជឿថា ជាប្រធានបទសំខាន់នៃកិច្ចប្រជុំ G20មួយដែរនោះ គឺបញ្ហាបំណុលកើនឡើងដ៏ច្រើនលើសលុប របស់ប្រទេសមានទីផ្សារកំពុងរីកចម្រើនក្នុងពិភពលោក ដែលបច្ចុប្បន្នប្រទេសទាំងនេះ មានអត្រាបំណុលកើនដល់ ២៥០% នៃ GDP ទៅហើយ។ បញ្ហាបំណុលនេះទៀត ក៏កំពុងបង្កហានិភ័យខ្ពស់ចំពោះសេដ្ឋកិច្ចពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់ជប៉ុន Nikkei។
កំរិតបំណុលរបស់រដ្ឋាភិបាល គ្រួសារ និងវិស័យឯកជន នៅក្នុងប្រទេសមានទីផ្សារកំពុងរីកចម្រើនចំនួន៣១ប្រទេស មានចំនួនសរុបជិត ១០០ទ្រីលានដុល្លារអាមេរិក គិតត្រឹមខែមិថុនាឆ្នាំ២០២២។ ចំនួននេះគឺខ្ពស់ជាងដល់ទៅ ២,៥ដង នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសទាំងនោះ។ បំណុលកើនខ្ពស់ មិនមែនទើបកើតមានប៉ុន្មានខែចុងក្រោយអំឡុង អស្ថិរភាពសេដ្ឋកិច្ចសកលនោះឡើយ ប៉ុន្តែវាបានលោតដល់ចំនួនជាង ៩០ទ្រីលានដុល្លារ តាំងតែពីខែមិថុនា ឆ្នាំ២០២១មកម្ល៉េះ។ ការណ៍នេះជារឿងត្រូវយកចិត្តទុកដាក់ និងផ្តល់ដំណោះស្រាយជាបន្ទាន់។ នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ។
បន្ថែមពីលើបញ្ហាបំណុល ដែលបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ផលប៉ះពាល់នៃកំណើនអត្រាប្រាក់ដុល្លារធៀបនឹងរូបិយបណ្ណសកលផ្សេងទៀត ដែលរួមចំណែកធ្វើឱ្យបំណុលកាន់តែខ្ពស់ដែរនោះ ទំនងនឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំ G20លើកនេះ។
ការដំឡើងអត្រាការប្រាក់គោលខ្ពស់នៅធនាគារកណ្តាលអាមេរិក ដើម្បីបន្ថយសម្ពាធអតិផរណា បានធ្វើឱ្យទុនបម្រុងនៅតាមប្រទេសកំពុងរីកចម្រើនកាន់តែខើចទៅៗ។ ការណ៍នេះបានបង្ខំចិត្តឱ្យប្រទេសនានា ដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនតាមដែរ ម៉្យាងដើម្បីទប់នឹងអតិផរណា ម្យ៉ាងទៀតដើម្បីការពាររូបិយបណ្ណរបស់ខ្លួនពីការធ្លាក់ថ្លៃដាំក្បាលចុះ។
ម្យ៉ាងវិញទៀត ប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនភាគច្រើនខ្ចីបំណុលបរទេស និងត្រូវសងត្រឡប់ទៅវិញជាប្រាក់ដុល្លារ ហើយស្របពេលដែលអត្រាការប្រាក់ខ្ពស់ជាងមុនថែមទៀត វាបានធ្វើឱ្យបំណុលកាន់តែមានបន្ទុកធ្ងន់ក្នុងការទូទាត់សង។
ទោះយ៉ាងណា ប្រទេសមួយចំនួនកំពុងលក់ប្រាក់ដុល្លារចេញ ដើម្បីការពាររូបិយបណ្ណរបស់ពួកគេ។ ការប៉ាន់ប្រមាណរបស់វិស័យឯកជនបង្ហាញថា ទុនបំរុងរូបិយបណ្ណបរទេសនៅក្នុងប្រទេសចិន តួគី និងអាហ្វ្រិកខាងត្បូងបានធ្លាក់ចុះក្រោមកម្រិតស្តង់ដាររបស់ IMF សម្រាប់ទប់ស្កាត់ភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅថ្ងៃទី ១១ខែតុលា បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ ២០២៣ ពី ២,៩%មកនៅត្រឹម ២,៧%។ IMF ព្រមានថាប្រសិនបើអតិផរណារបស់សហរដ្ឋអាមេរិកបង្ហាញពីភាពមិនថមថយ ហើយធនាគារកណ្តាលនៅតែរក្សាគោលនយោបាយរូបិយវត្ថុតឹងរ៉ឹងដដែលសម្រាប់រយៈពេលទៅមុខទៀត នោះបន្ទុកបំណុលសម្រាប់ប្រទេសមានទីផ្សារកំពុងរីកចម្រើនអាចកើនឡើងកាន់តែធ្ងន់ធ្ងរ។ នេះគេនៅមិនទាន់គិតពីប្រទេសក្រីក្រ មានប្រាក់ចំណូលទាប ហើយមានសមត្ថភាពតិចតួចក្នុងការសងបំណុលរបស់ពួកគេផង។
ជាក់ស្តែង G20 កាលពីឆ្នាំ២០២០ បានបង្កើតក្របខ័ណ្ឌរួមមួយសម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដែលរួមមានប្រទេសចិន និងប្រទេសម្ចាស់បំណុលធំៗផ្សេងទៀត។ ជាលទ្ធផលប្រទេសក្រីក្រដូចជា ប្រទេសឆាដ អេត្យូពី និងហ្សំប៊ី បានស្វែងរកការបន្ធូរបន្ថយបំណុលនៅក្រោមក្របខណ្ឌនេះ ប៉ុន្តែកិច្ចពិភាក្សាត្រូចជាប់គាំង ដែលមួយផ្នែកបង្កឡើងដោយការស្ទាក់ស្ទើររបស់ទីក្រុងប៉េកាំង ក្នុងការបង្ហាញពីព័ត៌មានលម្អិតនៃគម្រោងប្រាក់កម្ចីរបស់ខ្លួន។
ទន្ទឹមនឹងនេះ ប្រទេសដែលមានចំណូលទាបជាច្រើននៅក្នុងទ្វីបអាហ្រ្វិក និងកន្លែងផ្សេងទៀតកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ផ្តើមឡើងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ របាយការណ៍កាលពីខែកញ្ញាបង្ហាញថា ប្រទេសចំនួន១៦ ដែលកំពុងមានវិបត្តិស្បៀងអាហារស្រាប់រួមទាំងប្រទេសឆាដ អេត្យូពី និងហ្សំប៊ីផងដែរគឺសុទ្ធតែស្ថិតក្នុង ឬមានហានិភ័យខ្ពស់នៃវិបត្តិបំណុល។
សូមរំឭកថា គេមិនច្បាស់ថា ជំនួបរដ្ឋមន្ត្រីសេដ្ឋកិច្ច G20 លើកនេះនឹងហុចផ្លែផ្កាកំរិតណាទេ ដោយសារតែជំនួបលើកមុនៗកាលពីខែមេសា និងខែកក្កដា សុទ្ធតែបានបរាជ័យក្នុងការចេញ សេចក្តីថ្លែងការណ៍រួមមួយ នៅស្របពេលមានការខ្វែងគំនិតផ្ទៃក្នុងលើបញ្ហាសង្គ្រាមបង្កឡើងដោយរុស្ស៊ី។ ដោយឡែក របៀបដែលចិនផ្តល់ប្រាក់កម្ចីក៏នៅតែជាចំណុចនៃជម្លោះវែកជែកគ្នាជាមួយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផងដែរ។ ការបន្តជាប់គាំងណាមួយរបស់G20 អាចបន្ថែមបន្ទុក បិទផ្លូវរកដំណោះស្រាយលែងឃើញសម្រាប់ភាពចលាចលនៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងយ៉ាប់យ៉ឺនកាន់តែខ្លាំងឡើងហើយនាពេលនេះ៕