អាកាសចរណ៍ អេមីរ៉ាត (Emirates Airlines) ប្រកាសថា ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧តទៅ ក្រុមហ៊ុននឹងបន្ថែមជើងហោះហើរថ្មីសម្រាប់គោលដៅបី គឺទីក្រុងឌូបៃ ទីក្រុងយ៉ាំងហ្គូន (សហភាពមីយ៉ាន់ម៉ា) និងរាជធានីភ្នំពេញ។
ការបន្ថែមផ្លូវហោះហើរថ្មីនេះ នឹងបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរទៅមករវាងរាជធានីភ្នំពេញ និងទីក្រុងយ៉ាំងហ្គូន ដែលមុននេះ ដើម្បីធ្វើដំណើរពីភ្នំពេញទៅយ៉ាំងហ្គូន គេត្រូវចុះសំចតនៅទីក្រុងបាងកកប្រទេសថៃជាមុនសិន។
ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត នឹងចាប់ផ្តើមហោះហើរពីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ2017 ជាមួយយន្តហោះប្រភេទ Boeing 777-200LR ដែលមានថ្នាក់ពីរប្រភេទ។ អាកាសចរណ៍អេមីរ៉ាត នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលប្រើយន្តហោះ Boeing 777 ទៀងទាត់ សម្រាប់អ្នកដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ។
សេវាហោះហើរថ្មីនេះនឹងប្រតិបត្តិការជាមួយជើងហោះហើរលេខ EK388 ដោយចាកចេញពីព្រលានយន្តហោះអន្តរជាតិទីក្រុងឌូបៃ (DXB) នៅម៉ោង 09 និង15 នាទី ម៉ោងក្នុងស្រុក មកដល់យ៉ាំងហ្គូននៅម៉ោង 17 និង 25 នាទី។ បន្ទាប់មក វានឹងចេញពីទីក្រុងយ៉ាំងហ្គូន នៅម៉ោង 18 និង55 នាទី មុនពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (PNH) នៅម៉ោង 21 និង25 នាទី។
ការហោះហើរត្រឡប់មកវិញ តាមជើងហោះហើរលេខ EK389 នឹងចេញដំណើរពីរាជធានី ភ្នំពេញ នៅម៉ោង 23 និង10 នាទី ហើយនឹងទៅដល់ទីក្រុងឌូបៃនៅម៉ោង 05 និង40 នាទី នៅថ្ងៃបន្ទាប់ ក្រោយពីឈប់មួយភ្លែតនៅទីក្រុងយ៉ាំងហ្គូន។ ម៉ោងទាំងអស់គឺជាខ្នាតម៉ោងក្នុងស្រុក។
យន្តហោះ Boeing 777-200LR របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត ផ្តល់ជូនប្រភេទ កៅអីពាណិជ្ជកម្មដែលអាចទម្រេតរាបស្មើដូចគ្រែ (Business Class lie-flat beds)ជាមួយ ទម្ងន់ឥវ៉ាន់តាមខ្លួនអតិប្បរមារហូតដល់ 40 គីឡូ សម្រាប់អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class) និង35 គីឡូ សម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ(Economy Class)។
អ្នកដំណើរ នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត អាចទស្សនា កម្មវិធីកម្សាន្តក្នុងយន្តហោះដែលមាន ប៉ុស្តិ៍ទូរទស្សន៍ជាង 2,500 ប៉ុស្តិ៍ ខ្សែភាពយន្ដ ហ្គេម និងទូរទស្សន៍ហើយនិងវ៉ាយហ្វាយ(Wi-Fi) ដែលមាននៅលើយន្តហោះអេមីរ៉ាត។
សម្រាប់ការធ្វើដំណើរតាមអាកាសចរណ៍ អេមីរ៉ាត ចាប់ពីថ្ងៃទី1 ខែកក្កដា រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2017 តម្លៃសំបុត្រនឹងត្រូវបញ្ចុះតម្លៃជូន គឺត្រឹមតែពី 256 ដុល្លារ(សហរដ្ឋអាមេរិក) សម្រាប់ទិសដៅ ពីភ្នំពេញទៅទីក្រុងយ៉ាំងហ្គូន, 522 ដុល្លារ ទៅកាន់ទីក្រុងឌូបៃ និង 670 ដុល្លារ ទៅកាន់អឺរ៉ុប ប៉ុន្តែ លោកអ្នកត្រូវកក់សំបុត្រជាមុនពីឥឡូវ រហូតដល់ថ្ងៃទី30 ខែមិថុនា៕