សេវាកម្មពីទីក្រុងឌូបៃ ទៅក្រុងភ្នំពេញ តាមរយៈទីក្រុងបាងកក នឹងផ្តល់ឲ្យអ្នកធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ប្រទេសថៃ ដោយមានជម្រើសជើងហោះហើរជាច្រើន។ អ្នកដំណើរដែលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងនេះ ក៏នឹងទទួលបានភាពរីករាយនិងបណ្តាញគោលដៅ ភ្ជាប់ទៅកាន់ជាង 150កន្លែង នៅក្នុង 86ប្រទេសផងដែរ។
ជើងហោះហើរបន្ថែមថ្មីនេះ នឹងដំណើរការដោយប្រើយន្តហោះប្រភេទ Boeing 777 របស់ អ៊ែមមឺរ៉ែត។ ជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញនឹងចេញដំណើររាល់ថ្ងៃ ពីព្រលានយន្តហោះអន្តរជាតិទីក្រុងឌូបៃ (DXB) នាវេលាម៉ោង 8 និង 45 នាទី ព្រឹក ម៉ោងក្នុងតំបន់ តាមជើងយន្តហោះលេខ EK370 រួចហើយ នឹងមកដល់ទីក្រុងបាងកកនា នាវេលាម៉ោង 18 និង 15នាទីល្ងាច។ ជើងហោះហើរដដែលនេះ នឹងចាកចេញពីទីក្រុងបាងកក នៅម៉ោង 20:00 យប់ មុនពេលមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នាវេលាម៉ោង 21 និង 25 នាទីយប់។
សម្រាប់ការត្រឡប់មកវិញ ជើងហោះហើរ EK371 នឹងចាកចេញពីរាជធានីភ្នំពេញ នៅម៉ោង 11 និង 20 នាទី ហើយនឹងមកដល់ទីក្រុងបាងកក នៅម៉ោង 12 និង 4 នាទី នៅថ្ងៃបន្ទាប់។ បន្ទាប់មក វានឹងហោះ ទៅកាន់ទីក្រុងឌូបៃ នៅម៉ោង 2 និង 25 នាទីព្រឹក ហើយនឹងធ្វើដំណើរមកដល់ នៅម៉ោង 5 និង 35នាទីព្រឹក។ គ្រប់ម៉ោងទាំងអស់ យោងទៅតាមម៉ោងក្នុងតំបន់នីមួយៗ។
អ៊ែមមឺរ៉ែតបានបម្រើប្រទេសកម្ពុជាជាមួយជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុងភ្នំពេញចាប់តាំងពីខែកក្កដាឆ្នាំ 2017 ដោយដឹកអ្នកដំណើរជាង 100.000 នាក់ មកដល់បច្ចុប្បន្ននេះ។
ភ្នំពេញ ដែលជារាជធានីធំជាងគេ និងមានការរីកចម្រើន យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជានោះ រាជធានីមួយនេះ បានរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយកំពុងបន្ត មើលឃើញពីការកើនឡើងយ៉ាងខ្លាំងនៃការមកដល់របស់ ភ្ញៀវទេសចរបរទេស។ ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាង អារ៉ាប់រួម ប្រទេសកម្ពុជា និង ថៃ នឹងត្រូវបាន គាំទ្រដោយសេវាកម្មដឹកជញ្ជូនទំនិញ Emirates Skycargo ប្រចាំថ្ងៃ នៅលើផ្លូវតែមួយ។
លោក អាដនាន់ កាស៊ីម (Adnan Kazim) អនុប្រធានជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រ របស់អ៊ែមមឺរ៉ែត បានថ្លែងថា “យើងមានសេចក្តីរីករាយក្នុងការបង្កើនសេវាកម្មរបស់យើង ទៅកាន់គោលដៅអាស៊ីអាគ្នេយ៍ដ៏ពេញនិយមទាំងនេះ និងផ្តល់ជូននូវជម្រើសកាន់តែច្រើនសម្រាប់អ្នកទេសចរនៅកម្ពុជានិងប្រទេសថៃ។ អ្នកដំណើរ នឹងមិនត្រឹមតែតភ្ជាប់ដោយផ្ទាល់ តាមរយៈសេវាកម្មប្រចាំថ្ងៃរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងមានលទ្ធភាពទទួលបានជើងហោះហើរក្នុងស្រុកនិងក្នុងតំបន់ជាច្រើននៅក្នុងប្រទេសទាំងពីរ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាដៃគូអ៊ែមមឺរ៉ែត រួមមាន ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways អាកាសចរណ៍ Jetstar Pacific និងអាកាសចរណ៍ Jetstar Asia"៕