លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ក្នុងបរិបទដែលសេដ្ឋកិច្ច និងបញ្ហាភូមិសាស្ត្រនយោបាយពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស កម្ពុជា ចាំបាច់ត្រូវតែធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងវិស័យសំខាន់មួយចំនួន ជាពិសេសវិស័យផលិតកម្ម ដើម្បីធានាភាពធន់សេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងន័យនេះ កម្ពុជា ត្រូវបន្តជំរុញ និងលើកម្ពស់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងឌីជីថល។ ក្រៅពីអភិវឌ្ឍន៍ធនធានមនុស្ស កម្ពុជា ត្រូវបង្កើនការជួយសម្របសម្រួលបរិយាកាសវិនិយោគ តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធី និងកាត់បន្ថយថ្លៃដើមផលិតតាមរយៈការវិនិយោគលើវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ ទំនងជាមិនមានការប្រែប្រួលខ្លាំងនោះទេ បើធៀបនឹងឆ្នាំមុន។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានាភាពធន់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការជំរុញលើកទឹកចិត្ត និងគាំទ្របន្ថែមក្នុងវិស័យឧស្សាកម្មផលិតក្នុងស្រុក ជាពិសេសការកែច្នៃកសិផលក្នុងស្រុក ដើម្បីបង្កើនការនាំចេញ និងកាត់បន្ថយការនាំចូល។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយរងការខូចខាតដោយសារសង្រ្គាមឈ្លានពានថៃ ក៏ជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលមិនអាចមើលរំលងផងដែរ។
គួររំលឹកថា តាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥% ទាបជាងការព្យាករពីមុនដែលធ្លាប់រំពឹងថា នឹងកើនដល់ ៦,២%។ ការបន្ទាបការព្យាករនេះ ក្រោយស្ថាប័នអន្តរជាតិ មួយនេះ មើលឃើញពីបញ្ហាប្រឈមទាក់ទងនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញដោយសារពន្ធគយបដិការរបស់អាម៉េរិកជាដើម៕