WTO កាត់បន្ថយការព្យាករកំណើនពាណិជ្ជកម្មសកល

WTO កាត់បន្ថយការព្យាករកំណើនពាណិជ្ជកម្មសកលមកនៅត្រឹម២,៥% ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន


វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងអូសបន្លាយអស់ពេលជាង១ខែមកនោះ កំពុងដាក់សម្ពាធខ្លាំងមែនទែនទៅដល់ទស្សនវិស័យកំណើនសេដ្ឋកិច្ចពិភពលោក ក៏ដូចជាកំណើនពាណិជ្ជកម្មសកលផងដែរ។ យ៉ាងណាមិញ អង្គការពាណិជ្ជកម្មពិភពលោក ថ្មីៗនេះ បានកាត់បន្ថយការព្យាករកំណើនពាណិជ្ជកម្មសកលលោកនៅឆ្នាំនេះ ទាបជាងអ្វីដែលបានព្យាករពីមុនដល់ទៅជិតពាក់កណ្ដាលឯណោះ ក្រោយមើលឃើញអំពីបញ្ហាដែលជាផលរំខានទៅដល់ការបន្ដខ្សែចង្វាក់ផ្គត់ផ្គងសកលលោក ដែលបាននិងកំពុងរងទុក្ខយ៉ាប់យ៉ឺនដោយសារតែកូវីដ១៩ស្រាប់ទៅហើយនោះ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន BBC។
WTO កាត់បន្ថយការព្យាករកំណើនពាណិជ្ជកម្មសកលមកនៅត្រឹម២,៥% ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

អគ្គ​នាយិកា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក លោកស្រី ង៉ូ​ហ្ស៊ី អ៊ុ​កូន​ចូ វៀល​ឡា (Ngozi Okonjo-lweala) បាន​និយាយ​ថា អង្គការ​ពាណិជ្ជកម្ម​ពិ​ព​ភ​លោក (WTO) បាន​សម្រេច​បន្ទាប​ការ​ព្យាករ​កំណើន​ពាណិជ្ជកម្ម​សកលលោក មក​នៅ​ត្រឹមតែ ២,៥% ប៉ុណ្ណោះ នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ការ​ព្យាករ​ពី​មុន​មាន​ដល់​ទៅ ៤,៧%​។ ការ​ទម្លាក់​ការ​ព្យាករ​កំណើន​ទាប​ជាង​មុន​នេះ ក៏​ដោយសារ​តែ WTO កត់សម្គាល់​ឃើញ​អំពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​គោលនយោបាយ​ទាក់ទង​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។

ទន្ទឹម​នឹង​ការ​កាត់​បន្ថយ​ការ​ព្យាករ​អំពី​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​នេះ បញ្ហា​សង្គ្រាម​នៅ​តំបន់​អឺរ៉ុប​នេះ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​បន្ត​ធ្វើ​ឲ្យ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកលលោក​ជួប​បញ្ហា​កាន់តែ​យ៉ាប់យ៉ឺន​មួយ​កម្រិត​ទៀត ខណៈ​ដែល​វា​បាន​រង​ផល​ប៉ះពាល់​យ៉ាងដំណំ​រួច​ទៅ​ហើយ ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ​។

អគ្គ​នាយិកា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​គូសបញ្ជាក់​ថា ផល​រំខាន​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន នឹង​ធ្វើ​ឲ្យ​ការ​ចំណាយ​លើ​តម្លៃ​ម្ហូបអាហារ​កាន់តែ​ខ្ពស់ ហើយ​អ្នកជំនាញ​រូប​នេះ​បារម្ភ​ថា នោះ​គឺជា​អ្វី​ដែល​ឈាន​ទៅ​រក​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​។

អគ្គ​នាយិកា​អង្គការ WTO រូប​នេះ បន្ថែម​ថា បើ​ទោះបីជា រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​មាន​ចំណែក​ប្រហែល ២,៥% នៃ​ទំនិញ​នាំ​ចេញ​សកលលោក​ក៏​ដោយ​ចុះ ប៉ុន្ដែ ផលិតផល​ដែល​ប្រទេស​ទាំង​ពីរ​នេះ​នាំ​ចេញ គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​វិស័យ​ចម្បង​ៗ​ទ្រទ្រង់​សេដ្ឋកិច្ច​។

លោកស្រី វៀល​ឡា អគ្គ​នាយិកា​អង្គការ WTO សង្កត់ធ្ងន់​ថា ការ​បារម្ភ​ដំបូង​គេ​បង្អស់​របស់​លោកស្រី​នោះ គឺ​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​តែ​ម្ដង ដ្បិតថា​ពួក​គេ​ត្រូវ​បាន​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង និង​មិន​មាន​ចំណីអាហារ​គ្រប់គ្រាន់​ដើម្បី​បរិភោគ​។ ជាមួយ​គ្នា​នេះ សេដ្ឋកិច្ច​សកលលោក ក៏​កំពុង​តែ​ឆ្ពោះទៅ​រក​ផលវិបាក​ធ្ងន់ធ្ងរ ហើយ​ប្រទេស​ក្រីក្រ​ជាងគេ នឹង​ទទួលផល​ប៉ះពាល់​ពី​ការ​ខ្វះខាត និង​ជួប​ឧបសគ្គ​ក្នុង​ការ​ផ្គត់ផ្គង់​ចំណីអាហារ​។

ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​ព្រមាន​ថា សហភាព​អឺរ៉ុប ប្រឈម​នឹង​ការ​ខ្វះខាត​ប្រេង​ផ្កាឈូក ខណៈ​ដែល​មាន​ប្រហែល ៥០% នៃ​ការ​នាំ​ចេញ​ប្រេង​ផ្កាឈូក​សកលលោក គឺ​នាំ​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន និង​៣០% នាំ​ចេញពី​រុ​ស្ស៊ី​។ នេះ​បើ​តាម​ទិន្នន័យ​ពី ស្ថាប័នហិរញ្ញវត្ថុ S&P Global​។ 

ជាមួយ​គ្នា​នេះ ប្រទេស​នៅ​អាហ្វ្រិក​ក៏​ប្រឈម​នឹង​ផល​ប៉ះពាល់​ខ្លាំង​ដែរ ដ្បិតថា មាន​ប្រទេស​ចំនួន ៣៥ នៃ​ប្រទេស​ចំនួន​៥៥​នៅ​តំបន់​នេះ គឺ​បាន​នាំ​ចូល​ស្រូវ​សាលី និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ​ទៀត​ពី​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ហើយ​មាន ២២​ប្រទេស បាន​នាំ​ចូល​ជី​កសិកម្ម​ពី​ប្រទេស​ទាំង​ពីរ​នេះ​ដែរ​។ ផ្អែក​តាម​ការ​បង្ហាញ​ពី ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក បាន​ឲ្យ​ដឹង​ថា ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាហ្វ្រិក កំពុង​ជួប​ប្រទះ​កើនឡើង​តម្លៃ​ស្បៀងអាហារ​ចន្លោះ​ពី ២០% ទៅ ៥០%​រួច​ទៅ​ហើយ​នា​ពេល​កន្លង​មកនេះ​។ 

សូម​បញ្ចា​ក់ថា រុ​ស្ស៊ី​ក្រៅ​តែ​ពី​ជាប់ដៃ​ធ្វើសង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន ក៏​កំពុង​មមាញឹក​នៅ​ក្នុង​សមរភូមិ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​លោក​ខាងលិច​ផង​ដែរ​។ តួយ៉ាង ពាណិជ្ជកម្ម​ត្រូវ​បាន​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់ ដែល​ប្រទេស​ជា​ច្រើន​ប្រើប្រាស់​ដើម្បី​ដាក់​សម្ពាធ ទណ្ឌកម្ម​លើ​ប្រធានាធិបតី​រុ​ស្ស៊ី លោកពូ​ទី​ន ចំពោះ​ការ​សម្រេចចិត្ត​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​។

ជាមួយ​គ្នា​នេះ អ៊ុយ​ក្រែ​ន បាន​កាត់​ផ្ដាច់ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយនឹង​រុ​ស្ស៊ី និង​បាន​អំពាវនាវ​ឲ្យ​មានការ​ដក​រុ​ស្ស៊ី​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ​។ ប៉ុន្ដែ ថ្នាក់ដឹកនាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អះអាង​ថា វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ក្នុង​ការ​ដក​ប្រទេស​មួយ​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ពិសេស​ប្រទេស​រុ​ស្ស៊ី​នេះ​តែ​ម្ដង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីខេត្តសៀមរាប មិនអនុញ្ញាតឲ្យសង់អគារខ្ពស់បាន?

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ខេត្តសៀមរាប សម្បូរដោយសម្បត្តិបេតិកភណ្ឌ ដូច្នេះ ការអភិវឌ្ឍន៍អចលនទ្រព្យ ដោយការសា…

ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ស្នើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពេលផ្តល់កម្ចីដល់ SMEs គួរពិចារណាលើលទ្ធភាពសង ជាជាងទ្រព្យបញ្ចាំ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់ឥណទានដល់វិស័យសហគ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ