ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏ឃើញមានសំណើគម្រោងវិនិយោគលើការកែច្នៃអាគុយ បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកមួយចំនួនមានបំណងនាំចូលវត្ថុធាតុដើម ដែលជាសំណល់គ្រោះថ្នាក់ ដើម្បីមកកែច្នៃនៅក្នុងស្រុកផងដែរ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានគូសបញ្ជាក់ថា ទោះបីជាកម្ពុជាមានច្បាប់ និងបទដ្ឋានគតិយុត្តិរួចហើយក៏ដោយ ប៉ុន្តែការដែលនៅតែមានការនាំចូល និងស្តុកទុកទំនិញហាមឃាត់ ដែលមានហានិភ័យខ្ពស់ដូចជាគ្រឿងអេឡិចត្រូនិកចាស់ៗ ឬអាគុយប្រើរួច គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីចំណុចខ្សោយ នៃការអនុវត្តច្បាប់ និងការគ្រប់គ្រងនៅតាមច្រកទ្វារ ដែលបើកដៃឱ្យឈ្មួញអាចនាំចូលបានយ៉ាងអនាធិបតេយ្យ។ អ្នកជំនាញរូបនេះបានបន្ថែមថា ដើម្បីលុបបំបាត់ចន្លោះប្រហោង និងទប់ស្កាត់គ្រោះថ្នាក់ នៃការសាយភាយសារធាតុពុល រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការក្តៅលើបុគ្គល និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលជាឫសគល់ នៃបញ្ហានេះឱ្យបានម៉ឺងម៉ាត់បំផុត។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានលើកឡើងថា ដើម្បីចៀសវាងកុំឱ្យកម្ពុជាក្លាយជាធុងសំរាមសំណល់អេឡិចត្រូនិក រាជរដ្ឋាភិបាលគួរតែបង្កើតរបាំងពន្ធ ឬដំឡើងពន្ធបន្ថែមលើការនាំចូលគ្រឿងអេឡិចត្រូនិកមួយទឹកពីក្រៅប្រទេស។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការរៀបចំប្រព័ន្ធកែច្នៃ និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ព្រមទាំងការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់ដែលត្រូវអនុវត្តជាបន្ទាន់ ដើម្បីការពារកម្ពុជាពីគ្រោះថ្នាក់បរិស្ថាននាពេលអនាគត។
គួរបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះបានអំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់អនុវត្តច្បាប់លើការហាមឃាត់ការនាំចូលសំណល់អាគុយ និងសំណល់អេឡិចត្រូនិកឱ្យបានតឹងរ៉ឹងបំផុត។ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការនាំចូលផលិតផលទាំងនេះ ត្រូវបានហាមឃាត់ដាច់ខាតដោយក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។ ទោះជាយ៉ាងណា បច្ចុប្បន្ននៅតែមានទីតាំងមួយចំនួន លួចនាំចូល និងស្តុកទុកនូវសម្ភារប្រើប្រាស់រួច លាយឡំជាមួយសំណល់គ្រោះថ្នាក់ដូចជាម៉ាស៊ីនត្រជាក់ ទូទឹកកក ទូបង្កក ម៉ាស៊ីនបោក-សម្ងួតខោអាវ ទូរទស្សន៍ កុំព្យូទ័រ និងទូរស័ព្ទដៃជាដើម។ សម្ភារទាំងនេះមានផ្ទុកសារធាតុពុលធ្ងន់ធ្ងរ ដូចជាបារត, នីកែល, ក្រូម, អាសេនិក និងសំណ ដែលអាចជ្រាប និងសាយភាយចូលទៅក្នុងដី ទឹក និងខ្យល់បង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ នៅពេលមានការដោះបំបែក ឬកែច្នៃខុសបច្ចេកទេសសុវត្ថិភាព។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានប្រកាសបដិសេធ និងមិនគាំទ្រជាដាច់ខាតចំពោះសំណើគម្រោងវិនិយោគទាំងឡាយណា ដែលមានបំណងនាំចូលសំណល់គ្រោះថ្នាក់ពីក្រៅប្រទេស មកធ្វើជាវត្ថុធាតុដើមកែច្នៃនៅក្នុងស្រុក៕