ចិនព្រមាន

ចិនព្រមានកុំឱ្យប៉ះពាល់ដល់គំរូសេដ្ឋកិច្ចរបស់ខ្លួន មុនចរចាពាណិជ្ជកម្មជាមួយអឺរ៉ុប និងអាម៉េរិក


ចិនកំពុង​បញ្ជូនសារយ៉ាងច្បាស់ទៅកាន់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបថា ខ្លួននឹងមិនដកថយ ឬផ្លាស់ប្តូរគំរូសេដ្ឋកិច្ចរបស់ខ្លួនជាដាច់ខាត។ ​នៅមុនកិច្ចចរចាពាណិជ្ជកម្មដ៏សំខាន់ ទីក្រុងប៉េកាំង បានចេញមុខការពារគោលនយោបាយគាំទ្រវិស័យផលិតកម្ម និងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ព្រមទាំងច្រានចោលការចោទប្រកាន់ពីលោកខាងលិច ជុំវិញបញ្ហាផលិតកម្មលើសតម្រូវការ ដោយបញ្ជាក់ថា នេះគឺជាបន្ទាត់ក្រហម ដែលមិនអាចយកមកចរចាបានដាច់ខាត។ នេះបើ​យោងតាមការចុះផ្សាយរបស់ទីភ្នាក់​ងារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែសីហា នេះ។
ចិនព្រមាន
ដោយ

មេដឹកនាំចិនបានអះអាងជាថ្មីថា ប្រទេសចិននឹងបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់ជាជាងបង្កើនការចំណាយរបស់ប្រជាជន ទោះបីជារងសម្ពាធជាច្រើនឆ្នាំពីសហរដ្ឋអាម៉េរិក អឺរ៉ុប និងក្រុមអ្នកជំនាញសេដ្ឋកិច្ចជាច្រើន ដែលជំរុញឱ្យប្រទេសចិន កែប្រែយ៉ាងណាក៏ដោយ។ ថ្នាក់ដឹកនាំកំពូល នៃបក្សកុម្មុយនីស្តចិន ក៏បានបញ្ជាក់ដែរថា យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងបន្តរក្សានៅដដែលដោយផ្តោតលើការគាំទ្រតាមគោលដៅ គឺមិនមែនដាក់ចេញកញ្ចប់វិធានការជំរុញការប្រើប្រាស់ទ្រង់ទ្រាយធំនោះឡើយ។
ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មចិន បានច្រានចោលការចោទប្រកាន់របស់លោកខាងលិចដែលថា ចិនមានផលិតកម្មលើសតម្រូវការខ្លាំងហួសហេតុ ដោយចាត់ទុកវាជាការចោទប្រកាន់ក្រោមហេតុផលនយោបាយ និងខ្វះមូលដ្ឋាន។ ការប្រកាសជំហរនេះធ្វើឡើង ខណៈប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងជួបពិភាក្សាគ្នានៅចុងឆ្នាំនេះ ខណៈសហភាពអឺរ៉ុប ក៏បានកំណត់យកខែតុលា ធ្វើជាឱសានវាទឱ្យចិន ដោះស្រាយជម្លោះពាណិជ្ជកម្មផងដែរ។
សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបានអះអាងថា ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិនបានធ្វើឱ្យទំនិញចិនតម្លៃថោកៗហូរចូលទីផ្សារពិភពលោក បង្កសម្ពាធលើឧស្សាហកម្មក្នុងប្រទេសផ្សេងៗ។ ប៉ុន្តែទីក្រុងប៉េកាំងអះអាងថា គំរូសេដ្ឋកិច្ចរបស់ខ្លួនជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងផ្តល់
អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោក។ ក្រុមអ្នកវិភាគមើលឃើញថា ជំហរចុងក្រោយនេះបង្ហាញថា ចិនកំពុងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការទប់ទល់សម្ពាធពីលោកខាងលិច ហើយមានបំណងការពារគោលនយោបាយសេដ្ឋកិច្ចស្នូលរបស់ខ្លួន ដោយមិនចង់ធ្វើសម្បទានធំៗនៅលើតុចរចាឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ពលរដ្ឋអាម៉េរិកកាន់តែច្រើនយល់ថា លោក ត្រាំ ធ្វើជ្រុលហួសហេតុលើគោលនយោបាយអន្តោប្រវេសន៍

ការគាំទ្ររបស់សាធារណជនចំពោះគោលនយោបាយអន្តោប្រវេសន៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្លាក់ចុះ​យ៉ាង​ខ្លាំង។ ការស្ទង់មតិថ្មីមួយបានបង្ហាញថ…

អាម៉េរិកនឹងតម្រូវឱ្យប្រទេស៥០រួមទាំងកម្ពុជា បង់ប្រាក់ធានាទិដ្ឋាការពី១ម៉ឺនទៅ២ម៉ឺនដុល្លារពេលធ្វើដំណើរទៅប្រទេសខ្លួន

កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៥០ ដែលអាចត្រូវអនុវត្តកម្មវិធីបង់ប្រាក់ធានាទិដ្ឋាការ ដែលជាវិធានការកំណត់ដោយរដ្ឋបាលសហរដ្ឋអាម៉េរិក។ គោលបំណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ