សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមអនុវត្តជាអចិន្ត្រៃយ៍នូវកម្មវិធីបង់ប្រាក់ធានាទិដ្ឋាការ ឬ Visa Bond សម្រាប់អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការពាណិជ្ជកម្ម (B-1) និងទិដ្ឋាការទេសចរណ៍ (B-2) មកពីប្រទេសចំនួន៥០រួមទាំងប្រទេសកម្ពុជាផងដែរ។ ចំនួនទឹកប្រាក់ នៃការធានានេះអាចមានទំហំរហូតដល់ទៅ២ ម៉ឺនដុល្លារអាម៉េរិក។ ក្រោមវិធានការថ្មីនេះ រដ្ឋបាលអាម៉េរិកបានផ្ដល់សិទ្ធិអំណាចឱ្យមន្ត្រីកុងស៊ុលចាប់ពីថ្ងៃទី៣ ខែសីហា តទៅ អាចតម្រូវឱ្យអ្នកស្នើសុំទិដ្ឋាការ B-1 និង B-2 បង់ប្រាក់ធានាចាប់ពី១ម៉ឺនដុល្លារដល់១ម៉ឺន៥ពាន់ដុល្លាររហូតដល់២ម៉ឺនដុល្លារទៅតាមការពិនិត្យលើករណីជាក់ស្តែងនីមួយៗ។
រដ្ឋបាលអាម៉េរិកបានបង្ហាញក្តីសង្ឃឹមថា ការអនុវត្តវិធានការនេះនឹងជួយកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពនូវចំនួនអ្នកស្នាក់នៅលើសទិដ្ឋាការក្នុងប្រទេសខ្លួន។ ប្រទេសទាំង៥០ដែលស្ថិតក្នុងបញ្ជីនេះរួមមានកម្ពុជា នេប៉ាល់ ប៊ូតាន បង់ក្លាដែស ម៉ុងហ្គោលី និងតួកមេនីស្ថានជាដើម។
គួរបញ្ជាក់ថា មុននឹងឈានដល់ការសម្រេចអនុវត្តជាផ្លូវការនេះ អាម៉េរិកបានបើកដំណើរការសាកល្បងគម្រោងនេះមួយរយៈរួចមកហើយ។ កាលពីដំណាក់កាលសាកល្បង កម្មវិធីនេះតម្រូវឱ្យបង់ប្រាក់ធានាត្រឹមតែពី៥ពាន់ដុល្លារទៅ១ម៉ឺន៥ពាន់ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយស្ថាប័នពាក់ព័ន្ធរួមមានក្រសួងការបរទេស ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងហិរញ្ញវត្ថុអាម៉េរិកបានវាយតម្លៃទិន្នន័យរួចមកបានរកឃើញថា ប្រាក់កក់ធានាទិដ្ឋាការ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការទាញឱ្យអ្នកកាន់ទិដ្ឋាការគោរពតាមច្បាប់អន្តោប្រវេសន៍ និងចាកចេញពីសហរដ្ឋអាម៉េរិកទាន់ពេលវេលា៕
ដោយៈ សរ សុជាតិ