កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អាចមានភាពយឺតយ៉ាវ


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ពីភាពយឺតយ៉ាវនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងនៅឆ្នាំនេះ។ ភាពយឺតយ៉ាវនេះ គឺដោយសារកូរ៉េខាងត្បូងមួយរយៈមុននេះ មានការរវល់រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលធ្វើឲ្យការរៀបចំនីតិវិធីផ្ទៃក្នុងមានការយឺតយ៉ាវ។
ពិធីចុះហត្ថលាខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-កូរ៉េ

បច្ចុប្បន្ន សម្រាប់​ភាគី​កម្ពុជា​បាន​រៀបចំ និង​ឆ្លងកាត់​ការ​អនុម័ត​នីតិវិធី​ផ្ទៃក្នុង​រួចរាល់​ហើយ នៅឡើយ​រង់​ចាំតែ​ភាគី​កូរ៉េ​ខាងត្បូង​តែ​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា​កម្ពុជា​រំពឹង​ថា កូរ៉េ​ខាងត្បូង​នឹង​អាច​បញ្ចប់​ការ​រៀបចំ​នីតិវិធី​ផ្ទៃក្នុង ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

បន្ទាប់​ពី​បាន​ចុះហត្ថលេខា​ផ្លូវការ​រួច​កាលពី​ចុងខែ​តុលា ឆ្នាំ​២០២១ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ខាងត្បូង ធ្លាប់​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា នឹង​អាច​ចូលរ​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២ ក៏​ប៉ុន្ដែ មក​ទល់​ពេល​នេះ វា​នៅ​មិន​ទាន់​បាន​ចូល​ជា​ធរមាន​នៅឡើយ​ទេ ខណៈ​ដែល​ខាង​ភាគី​កម្ពុជា​បាន​ឆ្លងកាត់​ការ​អនុម័ត​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន​រាល់​អស់ហើយ នៅ​រង់​ចាំតែ​ខាង​ភាគី​កូរ៉េ​ខាងត្បូង​តែ​ប៉ុណ្ណោះ​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​គូសបញ្ជាក់​ថា ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ខាងត្បូង​នឹង​មាន​ភាព​យឺតយ៉ាវ​ជាង​ការ​រំពឹង​ទុក​។ យឺតយ៉ាវ ក៏​ដោយសារ​កូរ៉េ​ខាងត្បូង នា​មួយ​រយៈ​ចុង​ក្រោយ​នេះ មានការ​មមាញឹក​ច្រើន​លើ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី មក​ជំនួស​លោក មូ​ន ចេ​អ៊ី​ន ដែល​ផុត​អាណត្តិ កាលពី​ថ្ងៃ​ទី​៩ ខែមីនា កន្លង​ទៅ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរ​រៀបចំ​នីតិវិធី​ផ្ទៃ​សម្រាប់​ការ​ផ្ដល់​សច្ចាប័ន​សម្រាប់​កិច្ចព្រមព្រៀង​នេះ​មានការ​រាំងស្ទះ​។

ទោះ​យ៉ាងណា​ឯកឧត្តម ប៉ែន សុ​វិជាតិ រំពឹង​ថា ក្រោយ​កូរ៉េ​ខាងត្បូង​ជ្រើសរើស​បាន​ប្រធានាធិបតី​ថ្មី​សម្រាប់​ដឹកនាំ​ប្រទេស​វា​នឹង​ជួយ​ជំរុញ​ឲ្យ​ដំណើរការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ក្នុងឆ្នាំនេះ​។

គួរ​បញ្ជាក់​ថា កម្ពុជា​និង​កូរ៉េ​ខាងត្បូង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​កម្ពុជា​កូរ៉េ​កាលពី​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០២១ បន្ទាប់​ពី​បាន​ចុះហត្ថលេខា​បិទ​បញ្ចប់​កិច្ចចរចា​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១​។ ក្រៅពី​កិច្ចព្រមព្រៀង​នេះ កម្ពុជា​ក៏​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ ឬ​ហៅ​កាត់​ថា RCEP ដែល​បាន​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២​នេះ​ផង​ដែរ​។

ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ខាងត្បូង និង​កិច្ចព្រមព្រៀង RCEP កម្ពុជា​នឹង​ទទួល​បានការ​លើកលែង​ពន្ធ​ប្រមាណ​៩៥,៦% លើ​ការ​នាំ​ចេញ​ផលិតផល​ទៅ​កូរ៉េ​ខាងត្បូង ខណៈ​កូរ៉េ​ខាងត្បូង​នឹង​ទទួល​បានការ​លើកលែង​ពន្ធ​ប្រមាណ​៩៣,៨% លើ​ការ​នាំ​ចូល​ផលិតផល​មក​កម្ពុជា​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​៤​ខែ​ឆ្នាំ​២០២២ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​កូរ៉េ​ខាងត្បូង សម្រេច​បាន​ក្នុង​ទំហំ​ជិ​ង​៣​រយ​លាន​ដុល្លារ​កើនឡើង​២៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១ ដែល​មាន​ជាង​២៣២​លាន​ដុល្លារ​។ ក្នុង​នោះ កម្ពុជា នាំ​ចេញ​ទំនិញ​ទៅ​កូរ៉េ សម្រេច​បាន​ជាង​៧៥​លាន​ដុល្លារ ខណៈ​នាំ​ចូល​មាន​ទំហំ​ជាង​២២២​លាន​ដុល្លារ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសក្ដែងៗថា ក្រុមមេដឹកនាំប៉ាស៊ីហ្វិកឆ្លើយតប «វិជ្ជមាន» ចំពោះការជំរុញថ្មីរបស់លោក

ព័ត៌មាន
នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីលោក អេនថូនី អាល់បានីស (Anthony Albanese ) បាននិយាយថា រដ្ឋាភិបាលថ្មីរបស់ប្រទេសអូស្ត្រាលីទទួលបានការឆ្លើយតបជ…

សមាគមស្ករត្នោតខេត្តកំពង់ស្ពឺ៖ ការផលិតស្ករត្នោតឆ្នាំនេះ អាចមិនគ្រប់តាមតម្រូវការទីផ្សារ

ព័ត៌មាន
បញ្ហាអាកាសធាតុ នៅតែជាបញ្ហាសម្រាប់សមាគមស្ករត្នោតកំពង់ស្ពឺនាឆ្នាំនេះ ដែលអាចជះឥទ្ធិពល ដល់ដំណើរការនៃការផលិត និងផ្គត់ផ្គង់ស្ករត្នោតកំពង់ស្ពឺទៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ