ការដកហូតពន្ធអង្ករ​កម្ពុជា នាំទៅអឺរ៉ុប

ទីបំផុត! អឺរ៉ុបសម្រេចផ្លូវការ កំណត់​យកពន្ធលើអង្ករនាំចូលពីកម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំ


ទោះបីជា មានការបើកសើបអង្កេត និងមានការចរចាគ្នាជាបន្តបន្ទាប់ ជាមួយវិស័យរដ្ឋ និងឯកជនអស់មួយរយៈពេលរួចមកក៏ដោយ នៅទីបំផុត គណៈកម្មការអឺរ៉ុប បានសម្រេចជាផ្លូវការ កំណត់ដកហូតពន្ធលើអង្ករនាំចូលពីប្រទេសកម្ពុជា ដែលការដកហូតពន្ធនេះ នឹងត្រូវអនុវត្តសម្រាប់រយៈពេល ៣ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន នៅក្នុងគេហទំព័រ របស់គណៈកម្មការអឺរ៉ុបនៅថ្ងៃនេះ។
ឃ្លាំងស្ដុកអង្ករ​នៅកម្ពុជា (http://www.amrurice.com.kh)
ដោយ

ក្នុង​សេចក្ដី​​ប្រកាស​​របស់​​គណៈកម្មការអឺរ៉ុប បានឲ្យ​ដឹង​ទៀតថា ចាប់ពីថ្ងៃទី១៨ មករា តទៅ អឺរ៉ុប​​​នឹង​​កំណត់​​ដកហូត​ពន្ធលើ​អង្ករ​​នាំចូល​​ពីកម្ពុជា និងមីយ៉ាន់ម៉ា​ផងដែរ ដោយឆ្នាំទី១ គឺឆ្នាំ២០១៩​នេះ នឹង​កំណត់​​ដកហូត​ពន្ធ​គយ​ក្នុង​តម្លៃ​ ១៧៥ អឺរ៉ូ ឬស្មើ​នឹង​​ប្រមាណ​ ២០០ ដុល្លារអាមេរិក ក្នុងអង្ករ​មួយតោន។ នៅឆ្នាំទី២ នឹងកំណត់​ដក​ហូតពន្ធ​​មក​នៅ​ត្រឹម ១៥០ អឺរ៉ូ ឬស្មើនឹង​ជាង ​១៧០​​ដុល្លារ​អាមរិក និងឆ្នាំទី៣ ការ​ដកហូត​ពន្ធ​​នឹងថយ​ចុះមក​នៅ ១២៥ អឺរ៉ូ ឬស្មើ​នឹង​ជាង ១៤០ ដុល្លារអាមេរិក​ នៅក្នុង​អង្ករ​មួយតោន។ 

លោក ច័ន្ទ សុផល នាយក​​មជ្ឈមណ្ឌល​​​សិក្សា​​​គោល​​នយោបាយ​ និងជា​​​អ្នកជំនាញ​​​សេដ្ឋកិច្ច​​កសិកម្ម ធ្លាប់បាន​លើក​​​ឡើង​ថា ការកំណត់​​ពន្ធ​លើ​អង្ករ​កម្ពុជា​ពីសំណាក់​សហភាព​អឺរ៉ុបនេះ អ្នកដែល​​​ត្រូវរង​​ការខាត​បង់​​ធំ គឺជា​ម្ចាស់​​​រោងម៉ាស៊ីន​​កិន​ស្រូវ និងក្រុម​ហ៊ុន​​នាំចេញ​​អង្ករ​​ទៅ​អឺរ៉ុប ពោលគឺ ពួកគេ​​​អាចនឹង​​ត្រូវ​ខាត​​បង់​លើ​តម្លៃ​​បន្ថែម​ប្រមាណ ៥០លាន​​ដុល្លារ​​អាមេរិក​​ក្នុង​​មួយឆ្នាំ។

លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​​សហព័ន្ធ​​ស្រូវ​អង្ករ​​កម្ពុជា​ ឲ្យដឹង​ដែរ​ថា កន្លង​មក​​ខាង​​វិស័យរដ្ឋ​ និងឯកជន ធ្លាប់​​បាន​ចរចា​​ជាមួយ​​គណៈកម្មការ​អឺរ៉ុប​​រួចរាល់​អស់​ហើយ ហើយរឿង​ករណី​អង្ករ​កម្ពុជា ដែលមាន​ការប្ដឹង​ជំទាស់​​ពីប្រទេស​​អ៊ីតាលី និង​អេស្ប៉ាញ ថាអង្ករកម្ពុជា​​បាននាំចូល​​ក្នុងទំហំ​ច្រើន​​ធ្វើឲ្យ​ប៉ះពាល់​​ដល់​​ប្រទេស​​ផលិត​​អង្ករ​​ដូចគ្នា​នៅ​អឺរ៉ុបនេះ គឺជារឿង​​យូរ​ឆ្នាំមក​ហើយ​ដែរ ទើបតែ​មាន​ការសម្រេច​នៅថ្ងៃនេះ​ប៉ុណ្ណោះ។ 

ទោះយ៉ាងណា លោកឧកញ៉ា ហ៊ុន ឡាក់ បាន​គូស​បញ្ជាក់ថា ជាការ​ពិត​​អង្ករកម្ពុជា ពិតជា​​បាន​ទទួល​​ប្រយោជន៍​ ​ច្រើន ពីការ​អនុគ្រោះ​ពន្ធ​​នាំចូល​ទៅអឺរ៉ុប​នេះ​ ជាយូរ​ឆ្នាំមក​ហើយ ប៉ុន្ដែ លោកថា កម្ពុជា ​ក៏មិន​អាច​រស់​​ដោយ​ការអនុគ្រោះ​​នេះ​បាន​រហូត​នោះដែរ ហើយការ​កំណត់​យកពន្ធនេះ ក៏មិន​មានជា​រឿង​មួយ​ប្លែកនោះទេ ព្រោះ​វា​ជា​របត់​នៃពាណិជ្ជកម្ម​ពិភពលោក​ អ្វីដែល​សំខាន់ ​នៅពេល​យើង​​ជួប​បញ្ហា យើងត្រូវ​​ចេះដោះ​ស្រាយ​វា។

បើតាម​ លោក​ឧកញ៉ា ហ៊ុន ឡាក់ ក្នុងកាលៈទេសៈ​នេះ កម្ពុជា​ត្រូវតែ​​ខំប្រឹង​ថែម​ទៀត ដើម្បី​ពង្រឹង​​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​លើទីផ្សារ ពិសេស​​ជំរុញ​ការផលិត និងការនាំចេញ​អង្ករ ដោយមាន​ចំណាយ​​ថ្លៃដើម ​កាន់តែ​ទាបជាងមុន និងការ​ស្វែងរក​នូវ​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត។ 

សូមជម្រាបថា តាម​របាយការណ៍​​ពី​គណៈកម្មការ​​អឺរ៉ុប ក្នុង​មួយឆ្នាំៗ កម្ពុជា​​នាំចូល​​អង្ករ​​ទៅសហភាព​​អឺរ៉ុប​​មានជា​មធ្យម​​ប្រមាណ ជាង ២០​ម៉ឺន​តោន ហើយ​អឺរ៉ុប​​​ក៏ជា​ទីផ្សារ​​ធំមួយ​​​របស់​ វិស័យ​ស្រូវអង្ករ​កម្ពុជា​ផងដែរ។​​

របាយការណ៍​ដដែល បានឲ្យ​ដឹង​ទៀតថា គិតតាំង​ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ កន្លងទៅ ការនាំ​ចូល​អង្ករ​ពីកម្ពុជា​​ ទៅកាន់​អឺរ៉ុប​​មានលំហូរ​កំណើន​ប្រមាណ​ ៨២២ភាគរយ ពោលគឺ​ចាប់​ពី​ប្រមាណ​ ​២៧​ពាន់​តោន មកដល់​ ប្រមាណជិត ២៥​ ម៉ឺនតោន។

ដោយឡែក​ របាយការណ៍​ពីលេខាធិការ​ដ្ឋាន​ច្រកចេញ​ចូលតែមួយ បានបង្ហាញ​ដែរថា ក្នុងចំណោម​​អង្ករ​​នាំចេញ​សរុប​ជាង ៦២​ ម៉ឺនតោន នៅ​ឆ្នាំ២០១៨ កន្លង​ទៅនេះ មានអង្ករ​​ប្រមាណ ជាង ២៦ ម៉ឺនតោន ត្រូវ​បា​ន​នាំចេញ​ទៅកាន់អឺរ៉ុប​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ចាប់ដៃគ្នា​ជាមួយ ការិយាល័យឥណទានកម្ពុជា ផ្ដល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ

ព័ត៌មាន
ការត្រួតពិនិត្យលើសុខភាពហិរញ្ញវត្ថុ មុននឹងស្នើសុំឥណទាន គឺជារឿងមួយសំខាន់ណាស់ ហើយក៏ជាការតម្រូវមួយ ពីសំណាក់រាជរដ្ឋាភិបាលជាអាណាព្យាបាលផងដ…

ផ្លូវ​៦០​ម៉ែត្រ​និង​ផ្លូវ​ក្រវាត់​ក្រុង​ទី២ ធ្វើ​ឲ្យ​ខណ្ឌ​មានជ័យ​ក្លាយ​ជា​«តារារះ»​សម្រាប់​ការ​អភិវឌ្ឍ​តំបន់​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន

ព័ត៌មាន
បើនិយាយពីការអភិវឌ្ឍតំបន់ពាណិជ្ជកម្ម ផ្សារទំនើប លំនៅដ្ឋាន ខុនដូ អ្នកណាៗក៏នាំគ្នាក្រឡេកទៅទិសខាងត្បូងនៃរាជធានីភ្នំពេញដែរ ពោលគឺតំបន់នៅសងខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ