លោកស្រី ម៉ាក្រេដ វេស្តាហ្គឺ (Margrethe Vestager) ប្រធាននិយ័តករប្រឆាំងសេចក្ដីទុកចិត្តរបស់សហភាពអឺរ៉ុបបាននិយាយថា ឥឡូវនេះគណៈកម្មការអឺរ៉ុបបានសម្រេចចិត្តបើកការស៊ើបអង្កេតលើក្រុមហ៊ុន Apple Google និង Meta ក្រោយសង្ស័យថា បានបំពានច្បាប់ស្ដីពីទីផ្សារឌីជីថល។ ការស៊ើបអង្កេតលើក្រុមហ៊ុនខ្នាតយក្សទាំងនេះ នឹងត្រូវធ្វើទៅតាមវិធានការ៥យ៉ាង ប៉ុន្តែវាមិនមានន័យថា វិធានការទាំងនេះនឹងត្រូវអនុវត្តដោយអ្នកស៊ើបអង្កេតទាំងអស់នោះទេ គឺត្រូវអង្កេតមើលទៅលើដំណើរដើមទងរបស់ករណីនីមួយៗ ដែលពាក់ព័ន្ធនឹងការមិនគោរពទៅតាមច្បាប់ថ្មីនេះ។
សូមរំលឹកថា ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបស្ដីពីទីផ្សារឌីជីថលនេះទើបតែបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមីនា ហើយច្បាប់ថ្មីនេះត្រូវបានបង្កើតឡើងក្នុងបំណងទប់ទល់នឹងអំណាចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងនេះ ដើម្បីបង្កភាពកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការផ្លាស់ប្តូរសេវាកម្មអនឡាញតាមតម្រូវការរបស់ពួកគេ ដូចជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម ក៏ដូចជាបើកឱកាសសម្រាប់ក្រុមហ៊ុនតូចៗ ដើម្បីប្រកួតប្រជែងផងដែរ។
ការណ៍ដែលសហភាពអឺរ៉ុបបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនទាំងនេះ គឺដោយសារពួកគេសង្ស័យថា ក្រុមហ៊ុនទាំងនេះមិនគោរពតាមកាតព្វកិច្ចក្នុងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់លុបចោលដោយងាយនូវកម្មវិធីនៅលើប្រព័ន្ធប្រតិបត្តិការ iOS របស់ខ្លួន ដើម្បីទៅជ្រើសរើសយកកម្មវិធីផ្សេងទៀតនៅលើទូរស័ព្ទរបស់អ្នកប្រើប្រាស់ និងមានហេតុផលមួយចំនួនទៀតដូចជារារាំងមិនឱ្យដំឡើងកម្មវិធីអេបផ្សេងទៀតក្រៅពីក្រុមហ៊ុនរបស់ខ្លួនជាដើម។
ប្រសិនបើការស៊ើបអង្កេតបានរកឃើញក្រុមហ៊ុនទាំង៣នេះ ពិតជាបានបំពានលើច្បាប់ថ្មីនេះមែន ពួកគេក៏នឹងត្រូវប្រឈមនឹងការផាកពិន័យរហូតដល់១០% នៃប្រាក់ចំណូលប្រចាំឆ្នាំពិភពលោកនៃក្រុមហ៊ុននីមួយៗផងដែរ៕
អត្ថបទ៖ សុខ ជា