
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា តាមរយៈការវិភាគទានបន្ថែមថ្មីពីសំណាក់សហភាពអឺរ៉ុបនេះ នឹងអាចជំរុញឲ្យមានការផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ១ពាន់៣រយលានដូស សម្រាប់ប្រទេសចំណូលទាប និងមធ្យម ជាង៩០ប្រទេស នៅត្រឹមចុងឆ្នាំ២០២១។
ក្រុមប្រទេសនៃសហភាពអឺរ៉ុបបានឈានមុខគេ ក្នុងការចូលរួមវិភាគទានជាមួយ COVAX ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ អាលឺ្លម៉ង់ដែលជាប្រទេសធំមួយនៅអឺរ៉ុប ទើបបានផ្តល់វិភាគទានជាង ១ពាន់លានដុល្លារបន្ថែមទៀតដល់កម្មវិធី COVAX នេះ។
យ៉ាងណាមិញ ក្រោមរដ្ឋការលោក ចូ បៃឌិន សហរដ្ឋអាមេរិកដែលជាប្រទេសមានអ្នកស្លាប់ច្រើនដោយសារកូវីដ១៩ដែរនោះ ក៏បានចេញមុខមកគាំទ្រកម្មវិធីCOVAX ដែរ ប៉ុន្តែមិនបានផ្តល់វិភាគទានបន្ថែមទេ។
ប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគាំទ្រកម្មវិធីផ្តួចផ្តើម COVAX ដែលជាយន្តការសកលមួយ មានគោលបំណងចែកចាយវ៉ាក់សាំងកូវីដ ដល់ប្រទេសក្រីក្រនានា ប៉ុន្តែបានទទួលស្គាល់ថា ខ្លួនមិនបានបង្កើនកញ្ចប់ថវិកាឲ្យលើសពីចំនួន ៤ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តកាលពីខែធ្នូឆ្នាំមុននោះទេ។
ស្របពេលដែលប្រទេសអ្នកមានទិញវ៉ាក់សាំងស្តុកទុក សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន កម្មវិធី COVAX មានគោលបំណងធានាឲ្យបានថា ប្រទេសក្រីក្រអាចផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ឲ្យបាន ២០ ភាគរយនៃពលរដ្ឋរបស់ខ្លួន៕