សហភាពអឺរ៉ុប និងក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ដែលហៅកាត់ថា G7 បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីប្រមាណ៣២៣ពាន់លានដុល្លារ ក្រោយប្រទេសនេះបើកការលុកលើប្រទេសអ៊ុយក្រែន។ សហភាពអឺរ៉ុប និង G7 បានរៀបចំកិច្ចពិភាក្សាគ្នាជាច្រើនរួចមកហើយ ដើម្បីស្វះស្វែងរកការសម្រេចចិត្តមួយលើការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីយកទៅជួយអ៊ុយក្រែន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឡើងវិញ។
ពាក់ព័ន្ធនឹងចំណាត់ការនេះ សហរដ្ឋអាម៉េរិកបានជំរុញ និងផ្តួចផ្តើមឲ្យរឹបអូសទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីទាំងស្រុង ប៉ុន្តែមន្ត្រីសហភាពអឺរ៉ុបចាត់ទុកគំនិតផ្តួចផ្តើមនេះថាជាការប្រថុយប្រថានខ្ពស់មួយជាមួយនឹងផ្លូវច្បាប់នៅសហភាពអឺរ៉ុប។ រហូតមកដល់ពេលនេះទំហំទឹកប្រាក់បង្កករបស់រុស្ស៊ីពីរភាគបី ស្ថិតនៅក្នុងសហភាពអឺរ៉ុប ដែលភាគច្រើននៃមូលនិធិ ដែលបង្កកទាំងនោះកាន់កាប់ដោយការិយាល័យជំនាញមួយរបស់ប៊ែលហ្សិក។
អ្នកជំនាញបានលើកឡើងថា ច្បាប់ដែលបានអនុម័តដោយសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ នឹងបើកផ្លូវឲ្យសហភាពអឺរ៉ុប អាចនឹងប្រើប្រាស់នូវសាច់ប្រាក់ចំណេញពីគម្រោង៣២៣ពាន់លានដុល្លារ សម្រាប់ការចំណាយជួយដល់អ៊ុយក្រែន។
ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះក្រុមប្រឹក្សាសហភាពអឺរ៉ុបបាននិយាយថា ការសម្រេចចិត្តនេះស្របតាមជំហររបស់ G7 ហើយក៏អាចជាការបញ្ជាក់នូវស្ថានភាពផ្លូវច្បាប់ នៃប្រាក់ចំណូលដែលបង្កើតពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានគេបង្កក។ តាមការរំពឹងទុករបស់សហភាពអឺរ៉ុប ប្រាក់ចំណេញពីគម្រោង ដែលគេបង្កកទាំងនេះ អាចនឹងមានតម្លៃសរុបជាង១៦ពាន់លានដុល្លារ ហើយគេអាចនឹងប្រើប្រាស់កញ្ចប់ប្រាក់ចំណេញនេះជួយដល់អ៊ុយក្រែនបាននៅក្នុងរយៈពេលប្រមាណជា៤ឆ្នាំខាងមុខ៕