អឺរ៉ុប-អាស៊ាន

EU សន្យាវិនិយោគ១០ពាន់លានដុល្លារនៅអាស៊ាន ខណៈវៀតណាមទទួលបានជំនួយរាប់ពាន់លានលើការផ្លាស់មកប្រើថាមពលស្អាត


នៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៤ធ្នូ អឺរ៉ុបបានលាកម្រាលព្រំក្រហមទទួលមេដឹកនាំអាស៊ាន ក្នុងជំនួបកំពូលអឺរ៉ុប-អាស៊ាន ដែលមានកម្ពុជាជាសហប្រធាន។ នៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន ក្រុមប្រទេសទាំង២៧ ចង់មានទំនាក់ទំនងច្បាស់លាស់មួយជាមួយអាស៊ីអាគ្នេយ៍ ពិសេសដើម្បីដាក់សម្ពាធលើរុស្ស៊ី។
អឺរ៉ុបវិនិយោគ១០ពាន់លានខណៈវៀតណាមដណ្តើមបានជំនួយរាប់ពាន់លាន!

ជាក់ស្តែង នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ ប្លុកទាំងពីរបានសម្រេចចិត្តធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើនរាប់ចាប់ពីថាមពលស្អាត រហូតដល់វិស័យសន្តិសុខ ហើយក្នុងនោះ សហភាពអឺរ៉ុបក៏បានសន្យាត្រៀមកញ្ចប់ថវិកាវិនិយោគ១០ពាន់លានដុល្លារសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ជំនួបកាលពីថ្ងៃទី១៤ធ្នូ ជាកិច្ចប្រជុំកំពូលដំបូងបំផុតរបស់ប្លុកទាំងពីរ ស្របពេលដែលវាក៏ជាការអបអរខួបលើកទី៤៥ឆ្នាំនៃចំណងទាក់ទងរវាងភាគីទាំងពីរ ហើយស្របពេលដែលទាំងអាស៊ាន និងទាំងអឺរ៉ុបសុទ្ធតែបានសម្លឹងឃើញប្រយោជន៍ពីគ្នាទៅវិញទៅមក ទោះបីមានការខ្វែងគំនិតគ្នាខ្លះទៅលើសំណុំរឿងសិទ្ធិមនុស្ស និងសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។

ថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន រួមមាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ២០២២ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានអាស៊ានឆ្នាំក្រោយ និងសមាជិកផ្សេងទៀតសុទ្ធតែបានមកចូលរួម លើកលែងតែភាគីមីយ៉ាន់ម៉ា ដែលត្រូវបានផាត់ចេញ។ ក្រៅពីនោះ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ក៏មិនបានចូលរួមជំនួបនោះដែរ ដោយសារលោកត្រូវហោះមកប្រទេសកាតា ដើម្បីទស្សនា និងបង្ហាញការគាំទ្រដល់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក តាមការសន្យារបស់លោកម៉ាក្រុង។

នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំទាំងអស់បានបង្ហាញការប្តេជ្ញាថា នឹងអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រ អឺរ៉ុប-អាស៊ាន ដែលផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ សេចក្តីថ្លែងការណ៍បានបន្ថែមថា មេដឹកនាំបានចែករំលែកគំនិតពីទិដ្ឋភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថា ជាឱកាសមួយនៃភាពរីកចម្រើន និងសក្តានុពល ប៉ុន្តែក៏ជាបញ្ហាប្រឈមផ្នែកសន្តិសុខផងដែរ។

ក្រៅពីនោះគេឃើញមានការប្តេជ្ញាចិត្តពីភាគីអឺរ៉ុប មកលើតំបន់អាស៊ានតាមរយៈជំនួយ ការអភិវឌ្ឍ និងការវិនិយោគ។ EU រួមជាមួយដៃគូអន្តរជាតិ នឹងគាំទ្រដល់ការផ្លាស់ប្តូរមកប្រើថាមពលស្អាតក្នុងប្រទេសវៀតណាម ជាមួយនឹងកញ្ចប់ហិរញ្ញប្បទានសាធារណៈ និងឯកជនដែលមានតម្លៃរហូតដល់១៨ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់EU។ កញ្ចប់ជំនួយនេះ គឺដើម្បីកាត់ផ្តាច់វៀតណាមចេញពីការប្រើប្រាស់ធ្យូងថ្ម ដែលមានចំនួនប្រហែលពាក់កណ្តាលនៃការផ្គត់ផ្គង់ថាមពលសរុបរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ។

ដោយឡែក សហភាពអឺរ៉ុបក៏បានប្រកាសពីគម្រោងវិនិយោគលើកដំបូងជាមួយអាស៊ាន ក្រោមយុទ្ធសាស្ត្រវិនិយោគ Global Gateway ថ្មីរបស់ខ្លួន ដែលមានកញ្ចប់ទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ។ កញ្ចប់ថវិកានេះ បានបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងឡើង ដែលប្លុកទាំង២៧ បានដាក់ចេញលើក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គោលដៅរបស់គម្រោង Global Gateway គឺដើម្បីផ្តល់នូវការវិនិយោគប្រកបដោយនិរន្តរភាព និងតម្លាភាព នៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក ដោយផ្តោតលើថាមពល ការដឹកជញ្ជូន ឌីជីថល ការអប់រំ ពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់និងតម្លៃប្រកបដោយនិរន្តរភាព។ វាត្រូវបានគេមើលឃើញថា ជាការប្រណាំងប្រជែងមួយរបស់អឺរ៉ុបចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនផងដែរ។

ក្រៅពីរឿងពាណិជ្ជកម្ម សហភាពអឺរ៉ុប និងអាស៊ានបានគិតគូរពីហានិភ័យសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសហានិភ័យនៃការប៉ះទង្គិចដោយចៃដន្យនៅច្រកសមុទ្រតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូង ដែលរដ្ឋអាស៊ានជាច្រើនកំពុងមានទំនាស់ជាមួយចិន។

សូមជម្រាបថា រុស្ស៊ីគឺជាកត្តាមួយចំបងដែរ ក្នុងទំនាក់ទំនងរវាងប្លុកទាំងពីរ។ សហភាពអឺរ៉ុបមានការប្រុងប្រយ័ត្នចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូ ក្នុងឥទ្ធិពលមកលើអាស៊ីអាគ្នេយ៍ចាប់តាំងពីការលុកលុយលើអ៊ុយក្រែននៅក្នុងខែកុម្ភៈ ហើយការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្លុកទាំងពីរគឺជាមធ្យោបាយមួយក្នុងការកំណត់ឥទ្ធិពលរបស់វិមានក្រឹមឡាំង។ ស្របពេលដែល សិង្ហបុរីបានដាក់ទណ្ឌកម្មលើរុស្ស៊ី និងរដ្ឋអាស៊ានមួយចំនួនបានគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងសង្រ្គាមមួយនេះ ប៉ុន្ដែក៏មានសមាជិកមួយចំនួនទៀតដែរ ដូចជាវៀតណាម និងមីយ៉ាន់ម៉ាគឺនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី៕




អត្ថបទបន្ទាប់


អាមេរិករងការរិះគន់ខ្លាំងៗពីសំណាក់ប្រទេសចិននៅ WTO ថា «ជាអ្នកបំផ្លាញប្រព័ន្ធពាណិជ្ជកម្មសាកល»

បន្ទាប់ពីប្រទេសចិនបានលើកឡើងអំពីការដាក់ពាក្យប្ដឹងអាមេរិកទៅអង្គការពាណិជ្ជកម្មហើយនោះ មន្ត្រីជាន់ខ្ពស់របស់ចិនប្រចាំអង្គការនេះ បានឆ្លៀតចេញមកនិ…

EUបញ្ជូនសារប្រាប់អាមេរិកថា «អឺរ៉ុបមានសង្រ្គាមរួចទៅហើយ កុំមកបង្កើតសង្រ្គាមពាណិជ្ជកម្មអ្វីទៀត!»

ក្តីសង្ឃឹមដែលថា ការឈ្នះឆ្នោតរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងរយៈពេលពីរឆ្នាំមកនេះ អាចនឹងស្តារទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសហរដ្ឋអាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ