ពាណិជ្ជកម្ម វិនិយោគ

តើដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាមទទួលបានលទ្ធផលអ្វីខ្លះ?


ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដែលជាដំណើរទស្សនកិច្ចផ្លូវការដំបូងបង្អស់ក្នុងតំបន់អាស៊ាន ត្រូវបានបញ្ចប់ជាស្ថាបពរ និងទទួលបានលទ្ធផលផ្លែផ្កាគួរឲ្យកត់សម្គាល់។
ពាណិជ្ជកម្ម វិនិយោគ
ដោយ

យ៉ាងណាមិញ នៅរយៈពេល២ថ្ងៃ នៃដំណើរទស្សនកិច្ចនេះ សម្ដេចធិបតីបានជួប និងពិភាក្សាការងារមួយចំនួនជាមួយលោក ផាម មិញជីង នាយករដ្ឋមន្រ្តីវៀតណាម រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់របស់ប្រទេសវៀតណាមជាច្រើនរូបទៀត។ ក្នុងកិច្ចពិភាក្សាទាំងនោះ ភាគីទាំងពីរភាគច្រើនផ្ដោតសំខាន់លើការជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងបញ្ហាភូមិសាស្រ្តនយោបាយជាដើម។ តើដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាមទទួលបានលទ្ធផលអ្វីខ្លះ?

នាសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសវៀតណាម មានគោលដៅចម្បង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាពិសេសផ្តោតលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគសំដៅជួយជំរុញទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ បើតាមឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ការស្វែងរកឱកាសវិនិយោគ និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម នៅតែជាកិច្ចការអាទិភាពរបស់ថ្នាក់ដឹកនាំកម្ពុជារាល់ការបំពេញទស្សនកិច្ចនៅប្រទេសផ្សេងៗរួមទាំងប្រទេសវៀតណាម។

ពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម ភាគីកម្ពុជា និងវៀតណាមបាននប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់២០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ ខណៈនៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង១០ពាន់លានដុល្លារ។ ជាមួយគ្នានោះដែរ ភាគីទាំងពីរ ក៏បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយមកកាន់ខេត្តសៀមរាប ដែលគ្រោងបើកដំណើរការហោះហើរជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ ដើម្បីជំរុញនិងលើកស្ទួយនូវវិស័យទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ក្រៅពីជំរុញការវិនិយោគ និងពាណិជ្ជកម្ម ភាគីទាំងពីរក៏ប្ដេជ្ញាបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរបន្តទៀត ខណៈបច្ចុប្បន្នបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនៅសល់ប្រមាណ១៦% ទៀតប៉ុណ្ណោះ ដែលមិនទាន់អាចដោះស្រាយបាន។ សម្រាប់ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ប្រទេសវៀតណាម មិនត្រឹមតែជាទីផ្សារធំរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាទីផ្សារមួយដ៏ធំសម្រាប់តំបន់ រួមទាំងពិភពលោកផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០១៩ កន្លងទៅវៀតណាម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ដែលជាទីផ្សារដ៏ធំមួយរបស់ពិភពលោក។។ បើតាមការវាយតម្លៃរបស់អ្នកជំនាញ វៀតណាម អាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច នយោបាយ និងយោធាតំបន់មួយប្រកែកមិនបាននាពេលអនាគត។

សូមបញ្ជាក់ថា វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ របស់កម្ពុជា ដោយនៅរយៈពេល១១ខែក្នុងឆ្នាំ២០២៣នេះ ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានក្នុងទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារកើនឡើងជាង៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារវៀតណាម សម្រេចបានទឹកប្រាក់ជាង២ពាន់លានដុល្លារ ខណៈការនាំចូលពីវៀតណាម មកកម្ពុជាវិញ សម្រេចបានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet សម្ពោធផ្លូវហោះហើរ សៀមរាប-ហាណូយ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាកទៅប្រទេសវៀតណាម

ព័ត៌មាន
(ហាណូយ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣) - ក្រុមហ៊ុន Vietjet បានប្រកាសពីពិធីសម្ពោធផ្លូវហោះហើរ សំខាន់មួយតភ្ជាប់ខេត្តសៀមរាបដែលជាទីក្រុងបេតិកភ…

បំណុលកម្ពុជាកើនដល់ជិត១១ពាន់លានដុល្លារនៅត្រីមាសទី៣ឆ្នាំនេះ ខណៈចិននៅតែជាម្ចាស់បំណុលធំជាងគេ

ព័ត៌មាន
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ កម្ពុជាមានសន្និធិប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ