នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលនៅដើមសប្ដាហ៍នេះបានអនុម័តទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ទីក្រុងប៉េកាំងចំនួន៤រូប ព្រមទាំងអង្គភាពរដ្ឋរបស់ចិនមួយចំនួនទៀតចូលក្នុងបញ្ជីខ្មៅជុំវិញការបង្រ្កាបដែលអឺរ៉ុបហៅថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ របស់រដ្ឋាភិបាលចិនលើជនជាតិភាគតិចអ៊ុយហ្គ័រ ក្នុងតំបន់ស៊ិនជាំង ភាគពាយព្យប្រទេសចិន។
ការដាក់ទណ្ឌកម្មទាំងនោះ រាប់ចាប់តាំងពីការបង្កកទ្រព្យសម្បត្តិ និងការដាក់ការិយាល័យសន្តិសុខសាធារណៈតំបន់ស៊ិនជាំងចូលក្នុងបញ្ចីខ្មៅផងដែរ។ ការិយាល័យនេះ ត្រូវបានគេជឿថា ជាដៃជើងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ចាត់តាំងមកគ្រប់គ្រងសន្តិសុខយោធា និងសេដ្ឋកិច្ចក្នុងតំបន់ស៊ិនជាំង។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាប (Dominic Raab) បាននិយាយថា វិធានការក្នុងការដាក់ទណ្ឌកម្មនេះ គឺជាវិធានការណ៍ច្បាស់លាស់រួមគ្នាមួយ រវាងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប ដើម្បីធ្វើការឆ្លើយតបនឹងការរំលោភសិទ្ធិមនុស្សជាសកល និងជាពិសេសលើ ប្រជាជនអ៊ុយហ្គ័រដែលកាន់សាសនាមូស្លីម។
លោកអេនតូនី ប្លីងគិន (Antony Binken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានទាមទារខ្លាំងៗឱ្យបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកកាន់សាសនាមូស្លីម និងក្រុមជនជាតិភាគតិចអ៊ុយហ្គ័រ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ភ្លាមៗក្រោយទណ្ឌកម្មលើប្រទេសចិន រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ទណ្ឌកម្មបកត្រឡប់ទៅវិញផងដែរ លើមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយចំនួន ដោយបានចោទប្រកាន់ថា អ្នកទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិរបស់ចិន។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសចិនកាលពីថ្ងៃច័ន្ទបាន សរសេរចំៗ លើមន្ត្រីសភាពអឺរ៉ុប ១០រូប ក្នុងនោះមាន៥រូបជាសមាជិកសភាអឺរ៉ុប ៤រូបជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សអឺរ៉ុប និងមានមួយរូបជាសាស្រ្តាចារ្យដែលធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវ និងចេញរបាយការណ៍ជុំវិញបញ្ហានៅស៊ិនជាំងផងដែរ។
សូមបញ្ជាក់ថា ទណ្ឌកម្មដែលចិនដាក់ត្រឡប់ទៅវិញនេះ បានហាមប្រាមអ្នកដែលមានឈ្មោះក្នុងបញ្ជីមិនឲ្យធ្វើដំណើរចេញចូលចិនដីគោក រួមទាំងតំបន់រដ្ឋបាលពិសេសរបស់ចិនផងដែរ រួមមាន ហុងកុង និងម៉ាកាវ។ បន្ថែមពីលើនេះ ចិនបានហាមឃាត់មិនឲ្យក្រុមហ៊ុនចិន ហុងកុង និងម៉ាកាវ មានទំនាក់ទំនងជាមួយអ្នកដែលខ្លួនបានដាក់ទណ្ឌកម្មជាដាច់ខាត៕