សហភាពអឺរ៉ុបស្វែងរកការរួបរួមគ្នាជាថ្លុងមួយឡើងវិញ!

EU ស្វែងរកការរួបរួមគ្នាកាន់តែខ្លាំង ក្រោយមើលឃើញថាប្លុករបស់ខ្លួនកំពុងមានការពឹងផ្អែកខ្លាំងលើប្រទេសចិន


មេដឹកនាំសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភរួមគ្នាកាលពីថ្ងៃសុក្រ ទី ២១ តុលា អំពីការពឹងផ្អែកសេដ្ឋកិច្ចលើប្រទេសចិនកាន់តែខ្លាំងឡើង នៅចំពេលដែលអធិបការបតីអាល្លឺម៉ង់ លោក Olaf Scholz ត្រូវបានគេចោទជាសំណួរថា តើលោកគ្រោងនឹងធ្វើដំណើរទៅប្រទេសចិនក្នុងខែវិច្ឆិកាខាងមុខដើម្បីអ្វី? នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តជាតិធំៗ។
EU ស្វែងរកការរួបរួមគ្នាកាន់តែខ្លាំង ក្រោយមើលឃើញថាប្លុករបស់ខ្លួនកំពុងមានការពឹងផ្អែកខ្លាំងលើប្រទេសចិន

ក្រោយពីបានមើលឃើញផ្ទាល់ភ្នែកពីគ្រោះថ្នាក់នៃការពឹងផ្អែកលើឧស្ម័នរបស់ប្រទេសរុស្សី បន្ទាប់ពីទីក្រុងម៉ស្គូបានបិទការបង្ហូរឧស្ម័នទៅប្លុកអឺរ៉ុបជាការសងសឹកទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំមិនធ្លាប់មាននោះ បានធ្វើឱ្យប្រទេសសមាជិកនៃសហភាពអឺរ៉ុបរង្គោះរង្គើផ្ទៃក្នុងមិនតិចទេ ក៏ដូចជាជួបប្រទះនឹងបញ្ហាអតិផរណាកើនខ្ពស់ និងតម្លៃថាមពលហក់ឡើងកប់ពពកជាដើម។ ការណ៍នេះហើយបានជំរុញឱ្យប្លុកសេដ្ឋកិច្ចអឺរ៉ុបមួយនេះស្វែងរកជំហររួបរួមគ្នា និងត្រូវប្រកាន់ជំហរតឹងរ៉ឹងជាងមុខចំពោះប្រទេសចិន ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ទីក្រុងម៉ូស្គូនោះ។

បើគិតចាប់តាំងពីឆ្នាំ ២០១៩ មក សហភាពអឺរ៉ុបបានចាត់ទុកជាផ្លូវការប្រទេសចិនថា ជាដៃគូដ៏សំខាន់ រួមទាំងជាដៃគូប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងជាគូប្រជែងដ៏មានសក្តានុពលផងដែរ។ ជាមួយគ្នានេះ មន្ត្រីគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងលិខិតដែលរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅសប្តាហ៍នេះថា «ក្នុងគ្រាបច្ចុប្បន្នទីក្រុងប៉េកាំងត្រូវបានអឺរ៉ុបចាត់ទុកជាដៃគូប្រកួតប្រជែងដែលមិនអាចមើលរំលងបានឡើយ ព្រោះចិនមានចក្ខុវិស័យផ្សេងក្នុងការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក» តែម្តង។

នៅចំពេលដែលលោកខាងលិចកំពុងតែមានភាពតានតឹងជាមួយនឹងចិននោះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយកាលពីថ្ងៃទី ២១តុលាដែរថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិនជាមួយនឹងគណៈប្រតិភូនៃមេដឹកនាំអាជីវកម្មផ្សេងទៀត។ អ្នកនាំពាក្យរបស់លោក Olaf Scholz បានបញ្ជាក់ថា ការធ្វើដំណើរនឹងប្រព្រឹត្តិឡើងនៅដើមខែវិច្ឆិកាខាងមុខនេះ។

មែនទែនទៅ ការធ្វើដំណើរនេះបានប្រកាសធ្វើឡើង នៅចំពេលដែលទីក្រុងប៊ែកឡាំងកំពុងពិនិត្យមើលទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងប៉េកាំង ហើយរដ្ឋាភិបាលរបស់លោក អូឡាហ្វ ស្កូល ក៏កំពុងជជែកគ្នាថា តើគួរអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់ចិន Cosco វិនិយោគនៅក្នុងកំពង់ផែធំបំផុតរបស់ប្រទេសអាល្លឺម៉ង់នៅភាគខាងជើងនៃទីក្រុង Hamburg ដែរឬយ៉ាងណា ក្រោយពីពេលថ្មីៗនេះ ចារកម្មរបស់ខ្លួនបានព្រមានឱ្យមានប្រុងប្រយ័ត្នលើបច្ចេកវិទ្យាផ្សេងៗរបស់ចិនផងដែរនោះ។

ទាក់ទិននឹងរឿងរ៉ាវនេះដែរ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បានគូសបញ្ជាក់ថា សហភាពអឺរ៉ុបមិនបានពិភាក្សាអំពីកំពង់ផែ Hamburg នេះទេ ប៉ុន្តែអឺរ៉ុបបានលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធទូទៅសំខាន់ៗ ដែលមិនគួរត្រូវបានលក់ទៅកាន់រដ្ឋផ្តាច់ការនោះឡើយ។

ដោយឡែក ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុន (Emmanuel Macron) បាននិយាយថា អ្វីដែលសហភាពអឺរ៉ុបបានធ្វើនាពេលកន្លងមក គឺជា «កំហុសជាយុទ្ធសាស្ត្រ» ដែលបានលក់ហេដ្ឋារចនាសម្ព័ន្ធទៅឱ្យប្រទេសចិននោះ។

ចំណែកឯ ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បានថ្លែងថា៖ ប្លុកនេះបានរៀនមេរៀនរបស់ខ្លួនពីការពឹងផ្អែកទៅលើរុស្ស៊ី ដោយចាំបាច់ត្រូវមានការប្រុងប្រយ័ត្នចំពោះប្រទេសចិនផងដែរ។ លោកស្រីបានបន្ថែមថា «នៅក្នុងករណីនៃប្រទេសចិន វាគឺជាហានិភ័យនៃការពឹងផ្អែកលើបច្ចេកវិទ្យា និងវត្ថុធាតុដើម» ផ្ទុយទៅវិញអឺរ៉ុបចាំបាច់ត្រូវតែជំរុញសមត្ថភាពផលិតកម្មរបស់ខ្លួន និងធ្វើការផ្លាស់ប្តូរបន្ថែមទៀត ដើម្បីឆ្ពោះទៅរកអ្នកផ្គត់ផ្គង់ដែលគួរឱ្យទុកចិត្តជាងនេះ៕




អត្ថបទបន្ទាប់


ចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០កំពុងស្រពិចស្រពិល

ព័ត៌មាន
វិបត្តិជំងឺកូវិដ-១៩ និងវិបត្តិសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែនកំពុងបង្កើតជាភាពមិនច្បាស់លាស់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភ…

ពលរដ្ឋអាល្លឺម៉ងរាប់ម៉ឺននាក់បាតុកម្មតាមទីក្រុងធំៗទាមទារឱ្យរដ្ឋផ្តល់ជំនួយដោះស្រាយការកើនតម្លៃថាមពល

ព័ត៌មាន
បាតុកររាប់ម៉ឺននាក់នៅក្នុងទីក្រុងចំនួន៦របស់អាល្លឺម៉ង់បានប្រមូលផ្តុំគ្នាកាលចុងសប្តាហ៍មុននេះ ដើម្បីទាមទារឱ្យមានការចែកចាយមូលនិធិរដ្ឋាភិបាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ