មេដឹកនាំសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នានៅទីក្រុងវែសៃយ៍ Versailles នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីការបង្កើនសមត្ថភាពការពាររួមគ្នារបស់សមាជិកសហភាពអឺរ៉ុប និងការស្នើសុំរបស់អ៊ុយក្រែន ដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុបផងដែរ។
ទោះយ៉ាងណា ចំពោះការបញ្ចប់ការពឹងផ្អែករបស់សហភាពអឺរ៉ុបលើការនាំចូលឧស្ម័នប្រេង និងធ្យូងថ្មពីរុស្ស៊ី វាទំនងជាកិច្ចការលំបាកមួយ ដោយសារតែសហភាពអឺរ៉ុប ទិញឧស្ម័នពីប្រទេសរុស្ស៊ី ៤៥% នៃឧស្ម័ននាំចូលរបស់ខ្លួនសរុប ហើយសហភាពអឺរ៉ុបក៏បាននាំចូលប្រេងពីរុស្ស៊ីស្មើនឹងមួយភាគបីនៃប្រេងនាំចូលសរុបផងដែរ ខណៈធ្យូងថ្មនាំចូលពីរុស្ស៊ីវិញមានជិតពាក់កណ្តាលនៃការនាំចូលធ្យូងថ្មសរុបឯណោះ។ ដូច្នេះហើយ បញ្ហានេះ ធ្វើឱ្យប្លុកនេះងាយរងគ្រោះ ប្រសិនបើរុស្ស៊ីសម្រេចចិត្តសងសឹកចំពោះគោលនយោបាយរបស់សហភាពអឺរ៉ុប ដោយតាមរយៈការទប់ស្កាត់ការនាំចេញ។
តាមរយៈការសម្រេចចិត្តនេះ វាជាចំណុចរបត់ថ្មីមួយ ពីព្រោះកាលពីឆ្នាំមុន អាឡឺម៉ង់នៅតែជំរុញទៅមុខដើម្បីទទួលបានបំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី ខណៈពេលដែលប្រទេសអ៊ីតាលី អូទ្រីស ហុងគ្រី ដែលក្នុងចំណោមរដ្ឋសហភាពអឺរ៉ុបពឹងផ្អែកខ្លាំងបំផុតលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីមិនបានប្រញាប់ប្រញាល់ស្វែងរកជម្រើសផ្សេងដើម្បីជំនួសឧស្ម័ននាំចូលពីរុស្ស៊ីនោះទេ។
បើទោះបីជាសហភាពអឺរ៉ុបខ្លួនឯងផ្ទាល់ដឹងហើយថា ការបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ីអាចនឹងមានការលំបាកបន្តិចក៏ពិតមែន តែមេដឹកនាំសហភាពអឺរ៉ុបបាននិយាយថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានផ្លាស់ប្តូរអ្វីគ្រប់យ៉ាងបាត់ទៅហើយ។ ដោយប្រឈមមុខនឹងអស្ថិរភាព ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងការគំរាមកំហែងផ្នែកសន្តិសុខ សហភាពអឺរ៉ុបបានសម្រេចចិត្តទទួលខុសត្រូវបន្ថែមទៀតសម្រាប់សន្តិសុខរបស់ខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ថែមទៀតឆ្ពោះទៅរកការកសាងអធិបតេយ្យភាពអឺរ៉ុប កាត់បន្ថយភាពពឹងអាស្រ័យ និងរៀបចំគំរូយុទ្ធសាស្ត្រកំណើន និងការវិនិយោគថ្មីសម្រាប់ឆ្នាំ ២០៣០ផងដែរ។
ទន្ទឹមនេះ អឺរ៉ុបក៏នឹងពន្លឿនការអភិវឌ្ឍនៃថាមពលកកើតឡើងវិញ និងការផលិតសមាសធាតុសំខាន់ៗរបស់ពួកគេផងដែរ។ លើសពីនេះ បណ្តាប្រទេសសហភាពអឺរ៉ុបនឹងភ្ជាប់បណ្តាញឧស្ម័ន និងអគ្គិសនីនៅអឺរ៉ុប ដើម្បីចែករំលែកធនធានកាន់តែប្រសើរ និងពង្រឹងផែនការបន្ទាន់សម្រាប់សន្តិសុខនៃការផ្គត់ផ្គង់។
សូមជម្រាបថា ការភ័យខ្លាចនៃសង្គ្រាមថាមពលរវាងរុស្ស៊ី និងលោកខាងលិចបានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានរុញច្រានសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីដែលជាការដាក់ទណ្ឌកម្មចំពោះការលុកលុយរបស់ទីក្រុងមូស្គូមកកាន់អ៊ុយក្រែន។ រុស្ស៊ីបានព្រមានថា ខ្លួនអាចបញ្ឈប់លំហូរឧស្ម័នតាមរយៈបំពង់បង្ហូរប្រេងពីរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងប៊ែរឡាំងកាលពីខែមុននេះ។
ក្នុងនោះ រុស្ស៊ីក៏បានព្រមានថា តម្លៃប្រេងអាចកើនឡើងលើសពីទ្វេដងដល់ ៣០០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ដែលជាប្រភពចំណូលដ៏សំខាន់ បន្ទាប់ពីប្រទេសនេះត្រូវបានកាត់ផ្ដាច់ពីប្រព័ន្ធទូទាត់សកល SWIF៕
អត្ថបទ ស៊ើង និមល់